បាត់ដំបងៈ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិ​ជន ខេត្តបាត់ដំបង​បញ្ជូន​យុវជន​សង្ស័យ ៣ នាក់​ទៅ​សាលាដំបូង​ខេត្តបាត់​ដំបង​ នៅ​ថ្ងៃទី ២៥ វិច្ឆិកា បន្ទាប់ពី​ឃាត់ខ្លួន​បាន៣ថ្ងៃ​ករណី​ព្រួត​គ្នា​រំលោភ​ក្មេងស្រី​ម្នាក់​អាយុ ១៥ ឆ្នាំ​ ប្រព្រឹត្ត​នៅ​ឃុំ ​រស្មី​សង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកស្រីឧ​ត្ត​ម​សេនីយ៍​ត្រី រស់ ជីវី ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្សនៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍ ​ដឹង​នៅ​រសៀល​ថ្ងៃទី ២៥ វិច្ឆិកា​ថា ជនសង្ស័យ​ទាំង ៣ នាក់ ​ទី១- ឈ្មោះ ពៅ សម្បត្តិ អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ -ឃុំ រស្មី​សង្ហា ស្រុករតនមណ្ឌល,ទី២- ឈ្មោះ រុណ ឆាយ អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ បា​ដា​កជើង ឃុំរស្មី​សង្ហា ស្រុករតនមណ្ឌល និង​ទី៣- ឈ្មោះ​ សាន់ ហាន់​ណា​ហ្វី អាយុ ២០ ឆ្នាំ  រស់នៅ​ភូមិ​អូរ​ឃ្មុំ ឃុំរស្មី​សង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ពួកគេ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​របស់​លោកស្រី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបងនៅរសៀល​ថ្ងៃទី ២៥ វិច្ឆិកា។

លោកស្រី​ថា៖ «តាមពិតទៅ​នីតិវិធី​គឺ​យើង​បាន​បញ្ជូន​ក្រុម​ជន​សង្ស័យ​ទៅ​តុលាការ​តាំងពី​ថ្ងៃទី ២៤ វិច្ឆិកា ប៉ុន្តែ​ខាង​តុលា​ការបាន​ផ្ញើ​ពួកគេ​ទុក​នៅ​ស្នង​ការដ្ឋា​ន ១ ថ្ងៃ​ទៀត។ អ៊ីចឹង​នៅ​ល្ងាច​ថ្ងៃនេះ (ថ្ងៃទី ២៥ វិច្ឆិកា​) យើង​បញ្ជូន​ពួកគាត់​ទៅ​តុលា​ការ​ម្តង​ទៀត។ ប៉ុន្តែ​លទ្ធផល​ចោទ​ប្រកាន់​យើង​អត់​ទាន់​ដឹង​ទេ»​។

លោក ​ប៊​ន់ វណ្ណា​រ៉ា នាយកា​រិយាល័យ​​ប្រឆាំង​ការជួញដូរ​​មនុស្ស និង​ការពារ​អនីតិជន​ខេត្តបា​ត់ដំបងប្រា​ប់​នៅ​រសៀល​ថ្ងៃទី ២៥ ​វិច្ឆិកា ថា ក្មេងស្រី​​រងគ្រោះ​ឈ្មោះ ន.ស អាយុ ១​៥ ឆ្នាំ រស់នៅ​ឃុំ​ រស្មី​សង្ហា ​ក្នុងស្រុករតន​មណ្ឌល​ បាន​ស្គាល់គ្នា​ជាមួយ​ជន​សង្ស័យ​ម្នាក់​ក្នុងចំណោម​ ៣ នា​ក់ ​ព្រោះ​នាង​ធ្លា​ប់រៀន​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​ ២០១៩។ នៅ​ថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ ២០២១ ​មាន​ពិធីមង្គលកា​រ​មួយ​នៅក្នុង​ស្រុក​រតនមណ្ឌល​តាំងពី​ម៉ោង ១ រ​សៀល​រហូត​ដល់​ម៉ោង ១២ យប់​ថ្ងៃ​ដដែល។ នៅ​ពេល​នោះ​ក្រុម​ជនសង្ស័យ​បាន​អង្គុយ​ហូប​អាហារ​រួម​តុ​ជាមួយ​ក្មេងរង​គ្រោះ និង​ជាមួយ​កូន​កំលោះ​កូន​ក្រមុំ​ផង​។

លោក​ថ្លែងថា​៖ «រឿងនេះ​ក្រុម​ជន​សង្ស័យ​បាន​សារភា​ព​អស់​ហើយ​គឺថា​ ពួកគាត់​នាំគ្នា​រំលោភ​ក្មេងស្រី​​ម្នាក់ម្ត​ងៗ។ អ៊ីចឹង​ករណីនេះ​កសាង​សំ​ណុំរឿងប​ញ្ជូនពួក​គេទៅតុ​លាការ​»។

លោក​បន្តថា ក្រោយ​ពី​រួមគ្នា​ហូប​អាហារ​អស់ចិត្ត​ ​ទាំង​កូនកំលោះ​កូនក្រមុំ និង​ក្រុម​ជនសង្ស័យ​រួមទាំង​ក្មេងរងគ្រោះ​ផង​បាន​នាំគ្នា​ទៅ​ហូប​ស៊ុប​នៅផ្ទះ​របស់​កូនកំលោះ​ម្តង​ទៀត។ បន្ទាប់​មក​កូនកំលោះ​កូនក្រមុំ​បាននាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ។ នៅពេលនោះ​ក្រុម​ជន​សង្ស័យ​បាន​លួងលោម​ក្មេងរង​គ្រោះ​ចូលដេក​ផ្ទះសំណាក់​យីហោ​ឈ្មោះ ​ឌូឌូ​ ស្ថិតនៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រតន​មណ្ឌល ​ហើយ​ក្រុមជន​សង្ស័យ​បានចា​ប់​នាង​រំលោភ​បានសម្រេច​ម្នាក់ម្តង​នៅក្នុង​បន្ទប់ផ្ទះ​សំណាក់​នោះ​។

លោក​បាន​រៀបរាប់ថា ​ជនសង្ស័​យ​ទាំង៣នាក់​​ខាងលើ​ត្រូវបាន​ឪពុក​របស់​ក្មេងស្រី​រងគ្រោះ​ប្តឹង​កាលពី​ថ្ងៃទី ២២ វិច្ឆិកា។ បន្ទាប់ពី​ទទួលបាន​បណ្តឹង​មក​លោក​បាន​រាយការណ៍​​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន​ ស្នងការ​នគរបាល​​ខេត្តបាត់​ដំបង និងបាន​ចុះឃាត់​ខ្លួនពួកគេ​នៅថ្ងៃទទួ​លបណ្តឹង​នោះ៕