ភ្នំពេញៈ ស្រី្ត​ខ្មែរ​ចំនួន ​២ នាក់​ ដែល​រស់នៅ​ខុស​ច្បាប់​នៅ​ប្រទេស​ចិន​ ត្រូ​វបាន​មន្ត្រីស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ឆ​ង​ឈី​ង សហ​ការ​ជាមួយ​អាជ្ញា​ធរ​ចិន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ។

លោក កុយ គួ​ង រដ្ឋ​លេខាធិ​ការនិង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រ​តិបត្តិកា​រ​អន្តរ​ជាតិបាន​ឱ្យដឹង​ថាស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ឆុង​ឈី​ងប្រទេស​ចិន នៅ​ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ បាន​សហការ​ជាមួយ​អាជ្ញា​ធរ​ចិន សម្រប​សម្រួល​ប​ញ្ជួ​ន​ស្ត្រី​ខ្មែរ​ចំនួន ២ រូប ដែល​រស់នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​ចិនឱ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។

លោក​បាន​ញ្ជា​ក់ថា៖ «ស្ត្រី​ទាំង ២ រូប​ មកដល់​អាកា​សយានដ្ឋាន​អន្តរជាតិ​ភ្នំពេញនៅវេលា​ម៉ោង ១៥ និង ​៣៥ រ​សៀល​ថ្ងៃ​ដដែល​»។

លោក ឃុន ថា​រ៉ូ អ្នក​គ្រប់​គ្រង​កម្មវិធី​ការងារ​នៃមជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារនិ​ងសិទ្ធិ​មនុស្ស (សង់​ត្រា​ល់) បាន​ថ្លែង​ថា កន្លង​មក​យើង​ឃើញ​ថា​ ស្ថាន​ទូត​កម្ពុជា​នៅ​ទីនោះ ​មាន​ការជួយ​ជ្រោម​ជ្រែង​ច្រើនទាក់ទង​នឹងការធ្វើ​សមា​ហរណកម្ម​ជួ​យ​ជនរង​គ្រោះដែលជា​រឿង​មួយ​​ល្អ។

លោក​ថា៖«ក្នុង​ករណីនេះ​យើង​គិតថា​ស្ថាន​ទូត​ដើរតួ​នាទី​សំខាន់​ណាស់ក្នុងការ​ផ្តល់​កិច្ច​អន្ត​រាគមន៍​សេវាដើ​ម្បី​សង្គ្រោះ​ជនរងគ្រោះហើយ​កន្លង​មក​យើង​ក៏​ឃើញ​ថា​មានការ​បញ្ជូន​អ្នក​រង​គ្រោះ​មកជា​ហូរហែ​ ដោយមាន​​កិច្ច​អន្ត​រាគមន៍​ពី​ខាង​ស្ថានទូត»​។

លោក​​បានបន្ត​ថា ការ​ដែល​សំខាន់​លោក​ចង់​ឃើញជន​រង​គ្រោះ​ទាំង​នោះ​ទទួល​បាន​ការ​ស្តារនីតិ​សម្បទា ការផ្តល់សេ​វា ដើម្បីឱ្យ​គាត់​អាច​វិល​ចូល​សហគមន៍​វិញ បន្ទា​ប់ពី​ស្ថានទូត​កម្ពុជា​ជួយ​សង្គ្រោះ​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ​។

ជាមួយគ្នា​នេះ​ដែរលោក​ស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថ​កិច្ចជាពិ​សេសក្រសួង​សង្គម​កិច្ចអតីត​យុទ្ធ​ជននិង​យុវនីតិ​សម្បទាសហ​ការ​ជាមួយ​សង្គម​ស៊ីវិលដើម្បី​ធានា​ជនរង​គ្រោះ​ដែល​គាត់​បញ្ជូន​មកវិញ ​ត្រូវបាន​ស្តារនី​តិសម្បទា។​

លោក​ថា៖ «ជួយ​ជនរ​ងគ្រោះ​ក្នុងករណី​ដែល​គាត់​មានការ​ប៉ះពាល់​ផ្នែក​ស្មារតីឬ​ការគាំទ្រ​ផ្នែក​សេដ្ឋកិច្ចដើម្បី​ឱ្យ​គាត់​អាចធ្វើ​សមាហ​រណកម្ម​នៅក្នុង​សហគមន៍ឱ្យ​គាត់​មាន​លទ្ធភា​ព​ក្នុងការ​ប្រក​បរបរ ដើម្បី​ធានាថា​ពួក​គាត់​មិនត្រូវ​បាន​ប្រឈម​ទៅ​នឹង​ការជួញដូរ​ម្តង​ទៀត»។​

បន្ថែម​ពីនេះលោក​លើកទឹ​កចិត្ត​ដល់​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​បរទេសសហកា​រ​ជាមួយ​សង្គម​ស៊ីវិលដើម្បី​ធ្វើ​កិច្ចការ​នេះ​រួមគ្នាដោយ​លោក​ថាករណីខ្លះ​ជនរងគ្រោះ​ក៏បាន​ទាក់ទង​មក​សង្គម​ស៊ីវិល​ដើម្បី​ជួយ​អន្តរា​គមន៍​ដែរ ប៉ុន្តែ​ជួប​ការ​លំបាក​ក្នុងការ​ទំនាក់​ទំនង​ជនរង​គ្រោះ។

លោក​ កុយ គួ​ង អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ធ្លាប់បាន​ឱ្យដឹងថា រយៈពេល៦​ខែ ដោយ​គិតពី​ខែមករា ដល់​ខែមិថុនា ​ឆ្នាំ ២០២១ ស្ត្រី​កម្ពុជា​ដែល​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ចិន​ សរុប​មាន​២៣០នាក់៕