
ការសម្តែងល្ខោនស្រមោលស្បែកធំកាលពីឆ្នាំ២០១៦។ ហុង មិនា
ភ្នំពេញៈ ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរាត្រីថ្ងៃទី ២៥ ខែវិច្ឆិកា សមាគមសិល្បៈសុវណ្ណភូមិ សហការជាមួយសាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍សម្ដែងទម្រង់សិល្បៈ «ល្ខោនស្រមោលស្បែកធំ» នៅសាលមហោស្រប នៃសាលាធ្យមវិចិត្រសិល្បៈ ដែលមានទីតាំងនៅក្នុងខណ្ឌសែន ខណៈការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ មានការថយចុះ។
លោក ម៉ាន់ កុសល ប្រធានសមាគមសិល្បៈសុវណ្ណភូមិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សមាគមរបស់លោក បានខកខាន ការសម្ដែងនូវទម្រង់សិល្បៈល្ខោនស្រមោលស្បែកធំនេះ ជាង ១ ឆ្នាំមកហើយ ដោយសារតែវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ ១៩។
នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ ជាថ្ងៃអបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូលនូវទម្រង់សិល្បៈ «ល្ខោនស្រមោលស្បែកធំកម្ពុជា» ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ទើបសមាគមរបស់លោក ក្រោមកិច្ចសហការចូលរួម គាំទ្រពីសាលាមធ្យមវិចិត្រសិល្បៈ និងក្រសួងវប្បធម៌វិចិត្រសិល្បៈ រៀបចំសម្ដែងសិល្បៈល្ខោនស្រមោលស្បែកធំ នេះជាសាធារណៈឡើងវិញ។
លោកបញ្ជាក់ថា៖ «ការសម្ដែងសិល្បៈល្ខោនស្រមោលស្បែកធំ របស់សមាគមយើងខ្ញុំនៅពេលនេះ គឺចង់បង្ហាញទស្សនិកជន ជាតិនិងអន្តរជាតិ ឱ្យបានស្គាល់កាន់តែច្បាស់ថែមទៀត ពីមរតកនៃទម្រង់សិល្បៈបុរាណខ្មែរ ដើម្បីទុក្ខជាប្រយោជន៍សម្រាប់មនុស្សជាតិជំនាន់ក្រោយបានសិក្សារៀនសូត្រ និងបន្តថែរក្សានូវគុណតម្លៃនៃមរតកវប្បធម៌សិល្បៈមួយនេះបានឋិតនៅគង់វង្សជារៀងរហូតទៅ»។
បើតាមលោក កុសល ក្នុងអំឡុងពេលនៃការសម្ដែងល្ខោនស្រមោលស្បែកធំនេះ នឹងមានការថតផ្សាយបន្តផ្ទាល់នៅតាមបណ្ដាញសង្គមរបស់សមាគមសិល្បៈសុវណ្ណភូមិ បណ្ដាញសង្គមរបស់សាលាមធ្យមវិចិត្រសិល្បៈ និង បណ្ដាញសង្គមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
លោកបានថ្លែងថា៖«តាមរយៈការសម្ដែងផ្ទាល់ជាសាធារណៈ និងការថតផ្សាយបន្តផ្ទាល់តាមប្រព័ន្ធបណ្ដាញសង្គមនេះ យើងរំពឹងថា នឹងមានការចូលរួមគាំទ្រទស្សនា ច្រើនកុះករ ពីបងប្អូនប្រជាពលរដ្ឋរបស់យើង ពិសេសពីយុវជន»។
ជុំវិញថ្ងៃប្រារព្ធខួបលើកទី១៦ នៃការដាក់បញ្ចូលនូវទម្រង់សិល្បៈ«ល្ខោនស្រមោលស្បែកធំ កម្ពុជា» ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូនេះផងដែរ លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសបេតិកភណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ការបើកឱ្យមានការសម្ដែងនៅតាមទីមណ្ឌលសាធារណៈ គឺ ត្រូវធ្វើឡើងស្របទៅតាមស្ដង់ដាសុខាភិបាល ដែលបានកំណត់។
លោកថ្លែងថា៖«ជាការពិត នៅពេលនេះស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជាយើង គឺ បានធូរស្រាលជាបណ្ដើរៗហើយ។ ប៉ុន្តែយើងត្រូវបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ។ ដូច្នេះទើបក្រសួងគាំទ្រឱ្យសមាគមសិល្បៈសុវណ្ណភូមិ ដែលជាអ្នកអភិរក្សល្ខោនស្រមោលស្បែកធំ បើកសម្ដែងឡើងវិញ នៅក្នុងបរិវេណមួយ ដែលមានការគ្រប់គ្រង នូវស្ដង់ដាសុខាភិបាលបានល្អ»។
បើតាម លោក កុសល ការរក្សាការពារបេតិកភណ្ឌវប្បធម៌អរូបី គឺជាការទទួលខុសត្រូវរបស់សហគមន៍ ដោយមានការគាំទ្រលើកទឹកចិត្តពីអាជ្ញាធរមូលដ្ឋាន និង ស្ថាប័នជំនាញពាក់ព័ន្ធ។
ចំណែកការរក្សាការពារបេតិកភណ្ឌវប្បធម៌រូបី គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ ដូច្នេះសហគមន៍ ដែលបានទទួលនូវមរតកវប្បធម៌អរូបី ល្ខោនស្រមោលស្បែកធំ នេះគប្បី ប្រឹងប្រែងអភិរក្ស និង អភិវឌ្ឍន៍ទំនើបកម្មលើវិស័យនេះបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់សហគមន៍ ហើយក្រសួងនឹងបន្តគាំទ្រនិងលើកទឹកចិត្តបន្ថែមក្នុងការផ្សព្វផ្សាយពង្រីកនូវស្នាដៃវប្បធម៌សិល្បៈអរូបីនេះ។
លោកបានឱ្យដឹងផងដែរថា សិល្បៈល្ខោនស្រមោលស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឱ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូល ជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបិយរបស់មនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។
ជុំវិញប្រវត្តិ និងរបៀបនៃការសម្ដែងសិល្បៈល្ខោនស្រមោលស្បែកធំនេះផងដែរ លោក ភីម មាឃ អនុប្រធានសមាគមសិល្បៈសុវណ្ណភូមិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទម្រង់សិល្បៈល្ខោនស្រោលស្បែកធំនេះ ត្រូវបានគេហៅម្យ៉ាងទៀតថា «ណាំងស្បែកធំ» ហើយវាជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែកសត្វធំៗដូចជាស្បែកគោ ស្បែកក្របីមកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកសត្វទាំងនោះត្រូវគេដាប់និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មញ្ញសាសនា។
លោក មាឃ បានបន្ថែមថា ៖«ដោយសារទម្រង់សិល្បៈនេះជាប្រភេទ ល្ខោនស្រោល ដូច្នេះការសម្ដែងចាំបាច់ ធ្វើឡើងនៅពេលយប់ ឬ នៅទីងងឹតដែលមានបរិវេណធំទូលាយ ដូចជានៅវាលស្រែ និងទីវត្តអារាមហើយសិល្បៈនេះ សម្តែងលើផ្ទាំងក្រណាត់ធំ ដែលត្រូវគេលាតជាលក្ខណៈបញ្ឈរឡើងលើ។
ក្រៅពីផ្ទាំងឆ្លាក់ពីស្បែក និងក្រណាត់ស គេត្រូវប្រើភ្លើងដើម្បីជះទៅលើផ្ទាំងក្រណាត់ស។
នៅសម័យដើមគេយកចន្លុះ ឬត្រឡោកដូង មកដុតជាភ្លើង។ ប៉ុន្តែបច្ចុប្បន្ននេះ គេយកអំពូលភ្លើងអគ្គិសនី ឬប្រើម៉ាស៊ីន LCD Projector ដើម្បីបញ្ចាំងស្រមោលផ្ទាំងស្បែកឱ្យទៅប៉ះនឹងផ្ទាំងក្រណាត់ស។
ការសម្តែងសិល្បៈនេះ ត្រូវអមជាមួយនឹងការប្រគំភ្លេងខ្មែរដូចជាវង់ភ្លេងពិណពាទ្យ និងការនិទានរឿង ឬពោលប្រាប់រឿង៕