ដើម្បី​ចូលរួម​ក្នុង​ការផ្សព្វផ្សាយ​ពី​កិច្ច​អភិរក្ស​បរិស្ថាន ព្រះមុនី​កោសល​បណ្ឌិត យ៉ន សេង យៀត សាកលវិទ្យាធិការរង​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុរាជ និង​ជា​ព្រះបាឡាត់​គណរាជធានី​ភ្នំពេញ​បាន​ដឹកនាំ​ធ្វើ​ធម្មយាត្រា​ ៤ ​លើក​ទៅកាន់​តំបន់​ជួរភ្នំ​ឱរ៉ាល់​ចំនួន​ ៤៧ ​ទីតាំង ដែលមាន​ថេរវេលា ១៧ ​ថ្ងៃ​ដោយ​និមន្ត​ថ្មើរជើង​ក្នុង​រយៈ​ចម្ងាយ​​ផ្លូវ ២៣៩ ​គីឡូម៉ែត្រ ដែលមាន​អ្នកចូលរួម ២១២ អង្គ/នាក់​។ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ព្រះតេជ​ព្រះគុណ យ៉ន សេង យៀត អំពី​ធម្ម​យាត្រា​ដើម្បី​បរិស្ថាន​ទៅកាន់​ទីតាំង​នោះ ដោយ​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

មូលហេតុ​អ្វី​បានជា​ព្រះតេជ​ព្រះគុណ​ធ្វើ​ធម្មយាត្រា​ទៅកាន់​ព្រៃភ្នំ​?

ការធ្វើ​ធម្មយាត្រា​ទៅកាន់​ភ្នំ ព្រៃព្រឹក្សា​នេះ មាន​បំណង​តែ​មួយគត់​គឺ​ដើម្បី​ចូលរួម​អភិរក្ស​ព្រៃឈើ និង​ថែរក្សា​បរិស្ថាន​របស់​ប្រជាជាតិ​ខ្មែរ​យើង​តាមរយៈ​តួនាទី​ជា​ព្រះសង្ឃ​ក្នុង​សង្គម​ដើម្បី​បរិស្ថាន​។

តើ​ធម្មយាត្រា​បាន​ទៅដល់​ទីណា​ខ្លះ​?

ការធ្វើ​ធម្មយាត្រា​នេះ មាន​ចំនួន​ ៤ ​លើក​ក្នុង​នោះ​លើក​ទី​១ គឺ​ថ្ងៃទី​ ៧ និង​ទី​ ៨ ខែមករា ដើរ​ ១ ​យប់ ២ ​ថ្ងៃ​ទេ នៅ​តំបន់​ខ្នង​ផ្សារ ខ្នង​កាំភ្លើង​ធំ ខ្នង​ស្រូវ និង​ខ្នងសំពៅ ស្ថិតនៅ​ភូមិ​តាំងបំពង់ ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​មាន​អ្នកចូលរួម​ចំនួន ៣៤ ​អង្គ​/​នាក់ ភាគច្រើន​គឺជា​ព្រះសង្ឃ ដើរ​ចម្ងាយ​ ២២ ​គីឡូម៉ែត្រ​។

លើក​ទី​ ២ ពីថ្ងៃ​ទី​ ៩ ដល់​ថ្ងៃទី ១១ ​កុម្ភៈ​រយៈពេល​ ២ ​យប់​ ៣ ​ថ្ងៃ ទីតាំង​ដើរ​គឺ​ខ្នង​ផ្សារ ខ្នង​កាំភ្លើងធំ ខ្នង​ស្រូវ និង​ខ្នង​សំពៅ ស្ថិតនៅ​ភូមិ​តាំងបំពង់ ឃុំ​តាសាល ស្រុក​ឱរ៉ាល់ និង​ព្រៃស្រោង និង​វាល​ហាល​សំពត់ ខ្នង​ក្រពើ ខ្នង​វិហារ ព្រៃ​ដងទង់ ខ្នងភ្លឺស្រែ រូងជំនាង​ (​ល្អាង​ខ្មោច​) ​ស្ថិត​នៅ​ភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ថ្មបាំង ខេត្ត​កោះកុង​មាន​អ្នកចូលរួម​ ១០៧ ​អង្គ-នាក់​ដើរ​បាន ៧៧ ​គីឡូម៉ែត្រ​។

លើក​ទី​ ៣ ពីថ្ងៃ​ទី​ ១៦ ដល់​ថ្ងៃទី​ ១៩ ខែកក្កដា មាន​រយៈពេល​ ៣ ​យប់​ ៤ ​ថ្ងៃ ដែល​ទីតាំង​នោះ​មាន​អូរ​ត្រជាក់ចិត្ត ខ្នង​វាល​ទឹកជ្រោះ​យាយ​ម៉ៅ ទឹកជ្រោះ​ដាតូច និង​ពាមប្រសព្វ​អូរដាតូច និង​ជ្រោះ​យាយម៉ៅ ស្ថិតនៅ​ភូមិ​សុរិយា ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ និង​កំពូល​ខ្នងភ្នំ​ធំ​ (​កម្ពស់​ ១ ៥៣៨ ​ម៉ែត្រ​) ស្ថិតនៅ​ចំណុចប្រសព្វ​រវាង​ខេត្ត​ ៣ គឺ​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ពោធិ៍សាត់ មាន​អ្នកចូលរួម ៣៣ ​អង្គ​/​នាក់ ដើរ​បាន ៥០ ​គីឡូម៉ែត្រ​។

ចំណែក​លើក​ទី​ ៤ គឺ​ចាប់ពី​ថ្ងៃទី​ ២៦ ខែតុលា ដល់​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ដើរ​រយៈពេល​ ៧ ​យប់ ៨ ​ថ្ងៃ ដើរ​នៅ​ភ្នំ​ខ្នងវាល ភ្នំ​ហប់ ក្បាលទឹក​ស្តេច​ក្សាន្ត​ភ្នំ​ខ្នងផ្សារ ខ្នង​ស្រូវ ខ្នង​សំពៅ ខ្នង​កាំភ្លើងធំ ព្រះបាត​ជាន់ទុក ភ្នំ​ខ្នងក្រពើ ខ្នង​វិហារ ទឹកធ្លាក់ អូរខ្មែរ-ក្រហម ចំណត​ចិន​យំ រូង​ជំនាង ល្អាង​ខ្មោច ទឹកធ្លាក់​អន្លង់​ស្វាយ វាលស្រងាម តំបន់​ព្រៃ​អារ៉ែង​ស្ថិតនៅ​ភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ថ្មបាំង ខេត្តកោះកុង និង កោះកុង​ក្រៅ (​ខេត្ត​កំពង់ស្ពឺ-កោះកុង​ក្រៅ​) អ្នកចូលរួម ៣៨ អង្គ​/​នាក់ ដើរ​បាន​ចម្ងាយ ៩០ គីឡូម៉ែត្រ​។ សរុប​ទាំង​ ៤ ​លើក យើង​ដើរ​បាន​ ៤៧ ​ទីតាំង​ថេរវេលា​គឺ​ ១៧ ​ថ្ងៃ​មាន​រយៈ​ចម្ងាយ ២៣៩ គីឡូម៉ែត្រ និង​ចំនួន​មនុស្ស​ដែល​ចូលរួម មាន​ ២១២ ​នាក់​។

តើ​ការធ្វើ​ធម្មយាត្រា​ពី​ ១ ​លើក​ទៅ ១ ​លើក​មាន​ការខុសគ្នា​យ៉ាងដូចម្តេច​ព្រះតេជព្រះគុណ​?

ពី​ ១ ​លើក​ទៅ ១ ​លើក​យើង​ឃើញ​មាន​ការពេញចិត្ត​ពេញ​ថ្លើម ជាពិសេស​ព្រះសង្ឃ និង​អ្នក​ចូលរួម​លោក​ពេញចិត្ត​ទៅ​នឹង​សម្រស់​ព្រៃឈើ សម្រស់​ធម្មជាតិ ដែល​ហាក់បី​ដូចជា​លាក់ខ្លួន​នៅ​ទីមួយ​ដ៏ជ្រៅ​ពី​ពួកយើង ហើយ​ព្រះអង្គ​លោក​ពេញ​ព្រះទ័យ ហើយ​អាត្មា​ខ្លួនឯង​ផ្ទាល់​ក៏ពេញចិត្ត​ដែរ​ដោយសារ​តែ​អាត្មា​ដើរទៅ​ទីកន្លែង​ជាច្រើន​នៅលើ​ពិភពលោក ហើយ​ធ្លាប់មាន​គេ​នាំទៅ​កាន់​ព្រៃ​ដែរ ប៉ុន្តែ ព្រៃ​ដែល​គេ​នាំ​ទៅ​នោះ​ច្រើនតែ​ជា​ព្រៃ​មនុស្ស​មាន​ន័យថា ជា​ព្រៃសួន ដែល​យើង​ដើរៗ​ទៅ​ជួប​ហាង​កាហ្វេ ហាង​ការ៉េម កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍ តែព្រៃ​ដែល​យើង​ដើរ​ទៅនេះ​គឺជា​ព្រៃ​សត្វ​។

យើង​អត់​ដែល​បាន​ជួប​សត្វ​ទេ ប៉ុន្តែ​យើង​ទៅ​យើង​ជួប​ដាន​សត្វ ដូចជា សត្វ​ខ្ទីង សត្វ​ខ្លា ជ្រូកព្រៃ ជាដើម​ហើយ​ព្រៃ​នោះ​ជា​ព្រៃ​សត្វ​ធម្មជាតិ មាន​ការប៉ះពាល់​តិចតួច​ណាស់​។ អារម្មណ៍​អាត្មា​ផ្ទាល់ ដែល​បាន​ចូលទៅ​កាន់​ព្រៃ​នេះ យើង​ប្រៀបបាន​ដូចជា​កញ្ចក់​ម្យ៉ាង ពិបាក​ពន្យល់ ប៉ុន្តែ​ដឹងថា​ស្អាត ហើយ​យើង​មើល​ទម្រង់​ធម្មជាតិ​នៃ​ភាវៈ​របស់​ធម្មជាតិ​ហ្នឹង គឺ​យើង​ដឹងថា វា​ជា​របស់​ធម្មជាតិ​សុទ្ធ​មិនមាន​អ្នកណា​ទៅ​តុបតែង​ទេ​។

តើ​អ្វីខ្លះ ជា​បញ្ហា​ប្រឈម​ក្នុង​ការធ្វើ​ធម្មយាត្រា​នេះ​?

យើង​ត្រូវ​ឡើង​ភ្នំ ១ ​ថ្ងៃ​យើង​ដើរ​ជា​មធ្យម ២០ ​គីឡូម៉ែត្រ ដីភ្នំ​គឺ​លំបាក​ណាស់ ហើយ​មាន​សមាជិក​ជាច្រើន​បាន​រងរបួស​ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​អ្វី​ទេ​។ បើសិន​ជា​មាន​ភ្លៀង​គឺ​ដំណើរ​របស់​យើង​ជួប​ផល​លំបាក​ច្រើន​ដូចជា​ពេលធ្វើ​ដំណើរ​លើក​ទី​ ៣ ​ទៅកាន់​ខ្នងវាល​ហ្នឹង គឺ​ព្រះសង្ឃ​គ្រប់​អង្គ​ដួល​ប្រហែលជា​មធ្យម​ ៥ ​ដង ព្រោះ​ដី​ឡើង​ភ្នំ​។ ស្ថានភាព​ធ្វើ​ដំណើរ​ទៅកាន់​មុំ​បី ខ្នងភ្នំ​ធំ​ក៏​លំបាក​ដែរ ប៉ុន្តែ​ស្អាតៗ​ណាស់ អាត្មា​មាន​អារម្មណ៍​ថា ដូច​ដើរចូល​ទៅក្នុង​គំនូរ​អ៊ីចឹង អាត្មា​ធ្លាប់​ដើរទៅ​ព្រៃ​ជប៉ុន ព្រៃ​ចិន ព្រៃ​អាមេរិក ព្រៃ​បារាំង អី​ទាំងអស់​ហ្នឹង គេ​នាំ​អាត្មា​ទៅ​តែ​សួន​មនុស្ស ដល់​ពេល​អាត្មា​ចូល​ព្រៃ​នេះ អាត្មា​ថា ព្រៃ​នេះ​ស្អាត​ជាង ស្អាត​ណាស់​ដែល​យើង​ពិបាក​ពណ៌នា​។

ក្នុង​ដំណើរ​ធម្មយាត្រា​នោះ តើ​ក្រុម​ធម្មយាត្រា​បាន​ធ្វើ​សកម្មភាព​អ្វីខ្លះ​ដែរ​ព្រះ​តេជគុណ​?

យើង​ត្រូវ​ដើរ​ដោយ​ផ្អែកលើ​ទស្សនវិជ្ជា​មានន័យថា ជំហាន​នីមួយៗ​គឺជា​ការបួងសួង គឺជា​ការសមាធិ អភិរក្ស​ឧទ្ទិស​ចំពោះ ធម្មជាតិ ចំពោះ​មនុស្សជាតិ​។ មុន​យើង​ចេញដំណើរ​គឺ​យើង​ថ្វាយបង្គំ​ព្រះ ហើយ​យើង​បំបួស​ដើមឈើ​ ១ ជា​និមិត្តរូប នៃ​ការអភិរក្ស​បរិស្ថាន​របស់​យើង ១ ​ថ្ងៃ​យើង​បំបួស​តែ​ ២ ​ដើម​ទេ​។ ៤ ​លើក​នេះ បំបួស​មិន​លើស​ ២០ ​ដើម​ទេ ប៉ុន្តែ​យើង​រើស​ដើមឈើ​ណា​ដែលជា​ដើមឈើ​ធំ​ហើយ ដើមឈើ​ហ្នឹង ជាទី​តាំង​និមិត្តរូប​នៃ​ការឈរ​នៃ​ធម្មជាតិ​។

ចំណែក ពេល​ត្រឡប់​មក​វិញ​នៅពេល​យប់ គឺ​ព្រះសង្ឃ​លោក​ជួបជុំគ្នា អាត្មា​ប្រជុំ​ក្រុម ថា​មាន​ផល​លំបាក​អី​ខ្លះ​អាច​ជួប​រឿងរ៉ាវ​អី​ខ្លះ នៅក្នុង​ក្រុម យើង​ក៏មាន​ការជជែក​ដាស់សតិ​នៅក្នុង​ក្រុម​ទាំងអស់​ថា យើង​មកនេះ​គោលបំណង​ ដើម្បី​អភិរក្ស​បរិស្ថាន ឈរលើ​គោលការណ៍ និង​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ក្នុង​ន័យ​ស្រឡាញ់ និង​អភិរក្ស​បរិស្ថាន​ចូលរួម វិភាគទាន​ជាមួយ​នឹង​សង្គមជាតិ​ជាមួយ​នឹង​រដ្ឋាភិបាល​។

តើ​ព្រះពុទ្ធសាសនា​មាន​បាន​អប់រំ​អ្វីខ្លះ​ទាក់ទង​នឹង​បរិស្ថាន​ព្រះតេជគុណ​?

ព្រះពុទ្ធសាសនា និង​បរិស្ថាន ហ្នឹង​គឺ​តែមួយ​មាន​ន័យថា ដើម្បី​បដិបត្តិ​ព្រះពុទ្ធសាសនា​ឱ្យទៅ​តាម​អ្វីដែល​ព្រះសម្មាសម្ពុទ្ធ ជាម្ចាស់​ដែល​លោក​ត្រាស់​សម្តែង គឺ​មាន​ន័យថា យើង​ត្រូវ​រស់​ទៅតាម​ច្បាប់​នៃ​ធម្មជាតិ ស្រឡាញ់​ធម្មជាតិ និង​អភិរក្ស​ធម្មជាតិ​។ ដោយសារតែ​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​គឺ​ព្រះអង្គ​សម្តែង អំពី​លោក​និយាយ​អំពី​ភាវៈ​នៃ​ធម្មជាតិ​និយាយ​ពី​ច្បាប់​នៃ​ធម្មជាតិ អ៊ីចឹង​ទេ ព្រះអង្គ​សម្តែង​អំពី​ដី​ទឹក​ភ្លើង​ខ្យល់ ជីវិត​របស់​យើង​ហ្នឹង​គឺ ខ្លួនប្រាណ​របស់​យើង​ហ្នឹង គឺ​កើតឡើង​ដោយ​ដី​ទឹក​ភ្លើង​ខ្យល់ បូក​ជាមួយ​នឹង​ចិត្ត​មួយទៀត បង្កើតបាន​ទៅជា​មនុស្ស​។

តើ​តេជគុណ​យល់​ថា​ត្រូវធ្វើ​​យ៉ាងណា​ដើម្បី​រក្សា​ព្រៃឈើ​នៅ​កម្ពុជា​ឱ្យបាន​គង់វង្ស​?

ព្រៃឈើ​ជា​សម្បត្តិ​រួម​របស់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​គ្នា ដើម្បី​រក្សា​ព្រៃឈើ​នេះ​ឱ្យនៅ​គង់វង្ស មិនអាច​មាន​អ្នកណា​ម្នាក់ឯង​ធ្វើ​បានទេ ត្រូវតែ​សហការ​គ្នា​រវាង​រដ្ឋ និង​ប្រជាពលរដ្ឋ​។ អាត្មា​យល់ឃើញ​ថា យើង​ត្រូវ​សហការ​គ្នា ហើយ​ដើម្បី​រក្សា​ព្រៃឈើ​នេះ​បាន គឺ​ទាមទារ​កត្តា​ច្រើន​ក្នុង​នោះ​អាត្មា​សុំ​លើក​ ១ គឺ​យើង​ត្រូវ​លើកកម្ពស់​ទេសចរណ៍​ធម្មជាតិ គឺ​អនុញ្ញាត​ឱ្យ​មនុស្ស​ចូលទៅ​មើលឃើញ​នូវ​សម្រស់​ធម្មជាតិ ព្រោះ​មនុស្ស​កាលណា​តែ​ឃើញ​របស់​ស្អាត​កើត​ការស្រឡាញ់ តែ​កាលណា​ស្រឡាញ់​គឺ​កើត​ចិត្ត​ការពារ អភិរក្ស​។ វត្តមាន​របស់​មនុស្ស​ក្នុង​ព្រៃឈើ​នេះ អាត្មា​គិតថា វា​ជា​សារ​មួយ​នាំមក​កាន់​សង្គម​យើង​វិញ ពរ អ៊ីចឹង​ការលើកកម្ពស់ ទេសចរណ៍​ធម្មជាតិ​នេះ​គឺជា​ផ្នែក​មួយ​ដែរ​ក្នុង​លក្ខខណ្ឌ​ថា ព្រៃ​ស្អាត ប៉ុន្តែ​ប្រជាពលរដ្ឋ​មិនបាន​ឃើញ ព្រៃ​នៅតែ​ព្រៃ មនុស្ស​នៅតែ​មនុស្ស វា​អត់​ទាក់ទង​គ្នា​។ ដូច​គេ​ថា ផ្កាព្រៃ​ដែល​ស្អាត​នៅពេល​ដែល​​មនុស្ស​បាន​ទៅ​ឃើញ​វា​។

ទី​ ២ ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ចំណុច​នេះ​អាត្មា​គិតថា តាមរយៈ​ក្រសួង​អប់រំ ក៏​អាច​ធ្វើបាន​បណ្តុះ​កូនចៅ តាំងពី​ថ្នាក់​បឋម​ថ្នាក់​មតេយ្យ​ឡើង​ឱ្យ​ស្រឡាញ់​ព្រៃឈើ ស្រឡាញ់​ធម្មជាតិ ស្រឡាញ់​សត្វ​។

ក្នុង​នោះដែរ ការផ្សព្វផ្សាយ​អំពី​សម្រស់​នៃ​ធម្មជាតិ​នេះ អាត្មា គិតថា ព្រះសង្ឃ​ក៏​ជា​ចលករ​មួយ​ជួយ​ផ្នែក​ហ្នឹង​បាន​ច្រើន​ដែរ សម្រាប់​ការចូលរួម​អភិរក្ស និង​ផ្សព្វផ្សាយ អំពី​សម្រស់​ធម្មជាតិ បរិស្ថាន​ព្រៃភ្នំ​ដ៏ស្អាត​របស់​យើង​។ ក្នុង​នាម​អាត្មា​ជា​ព្រះសង្ឃ ១ ​អង្គ អាត្មា​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការជួយ​ផ្សព្វផ្សាយ​អំពី​បរិស្ថាន​។ មែនទែន​ទៅ​ការដែល​ដើរចូល​ព្រៃ​ហ្នឹង គោលបំណង​ធំ​បំផុត​គឺ​ដើម្បី​យក​សម្រស់​ហ្នឹង​ចេញពី​ព្រៃ​មកកាន់​សង្គមមនុស្ស​យើង​ឱ្យ​បានដឹង ការនិមន្ត​ព្រះសង្ឃ​ចូល​ទៅ​ហ្នឹង​ព្រះអង្គ​មកវិញ​ព្រះអង្គ និង​ផ្សាយ​អំពី​សម្រស់​នៃ​ធម្មជាតិ អំពី​ព្រៃឈើ ដែល​កាន់តែ​ធ្វើឱ្យ​មនុស្ស​យើង​ស្រឡាញ់​ធម្មជាតិ​កាន់តែ​ខ្លាំង ពរ​។

តើ​ខាង​អាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​ការគាំទ្រ​ ឬ​មានប្រតិកម្ម​យ៉ាងណា​ចំពោះ​ធម្មយាត្រា​និមន្ត​ចូល​ព្រៃ​របស់​ក្រុម​ព្រះអង្គ​?

អាត្មានិមន្ត​ទៅ​ហ្នឹង យើង​ទាក់ទង​ខាង​សហគមន៍​ហើយក៏​ចូលទៅ​ស្នាក់ការ​បរិស្ថាន​។ មន្ត្រី​អភិរក្ស​បរិស្ថាន​លោក​ជួយ​សម្រួល​ក្នុង​ដំណើរ​របស់​យើង​ដែល​ចូលទៅ​កាន់​ព្រៃ គាត់​សប្បាយចិត្ត​មែនទែន ដោយសារ​តែ​បាន​ពួកយើង​បាន​ចូលទៅ ហើយ​បាន​ជួប​ជាមួយ​ពួកគាត់ ជជែក​គ្នា​។ អាត្មា​សរសើរ​ពួកគាត់​ណាស់ ព្រោះ​យើង​បានឃើញ​ពួកគាត់​សម្រាន្ត​នៅក្នុង​ព្រៃ​ជ្រៅ តែ​គ្នា​ ២ ​ឬ​ ៣ ​នាក់ គាត់​បោះតង់​ដែល​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង​គាត់​ចុះ​ធ្វើ​កិច្ចការ​របស់គាត់ ឃើញ​គាត់​តស៊ូ​លះបង់​មែនទែន​។

គាត់​ដើរ​មើល អ្នក​ដែល​បំផ្លាញ​បរិស្ថាន​ធនធាន​ធម្មជាតិ ជាពិសេស​គឺ​គាត់​ព្យាយាម​ធ្វើ​កិច្ចការ​ហ្នឹង គាត់​មាន​ក្រុម​របស់គាត់​ទៅ​ដោះ​អន្ទាក់​។ មែនទែន​ទៅ​គាត់​ពេញចិត្ត​ជាមួយ​ពួកយើង​ហើយ​យើង​ក៏​សប្បាយចិត្ត​ដែរ​ដោយសារ​ឃើញ មន្ត្រី​បរិស្ថាន​ធ្វើការ​ខាង​ផ្នែក​នីមួយៗ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ការពារ​បរិស្ថាន​យើង​ហ្នឹង​ពរ​។ សូម​សរសើរ​មន្ត្រី​បរិស្ថាន​ដែល​គាត់​ចូលទៅ​ហ្នឹង ឃើញថា​ហត់នឿយ​ខ្លាំងណាស់ នៅពេល​ដែល​យើង​ចូលដល់​ក្នុង​ព្រៃ​ហ្នឹង​បាន​យើង​ដឹង ថា​ពួកគាត់​ខំប្រឹង​ខ្លាំង​ប៉ុនណា​។

ចុងក្រោយ​តើ​តេជគុណ​មាន​អ្វី​ចង់​បន្ថែម​ទេ?

ពុទ្ធបរិស័ទ​ជាពិសេស​បងប្អូន​ប្រជាជាតិ​ខ្មែរ​យើង​ទាំងអស់​មេត្តាជួយ​ថែរក្សា​ព្រៃឈើ​យើង ដោយសារ​ព្រៃឈើ​នេះ​ជា​ជីវិត​របស់​យើង ព្រោះ​យើង​មិនអាច​រស់​ដោយ​គ្មាន​ដី​ទឹក​ភ្លើង​ខ្យល់​បានទេ ជីវិត​របស់​យើង​គឺ​ពឹង​ផ្អែកលើ​ធាតុ​ ៤ ​ហ្នឹង ហើយ​ត្រូវ​ថែរក្សា​ធាតុ​ ៤ ​ហ្នឹង​ព្រោះ​ធាតុ​ ៤ ​ហ្នឹង​គឺជា​បរិស្ថាន អ៊ីចឹង​ថែរក្សា​បរិស្ថាន ឈ្មោះថា ថែរក្សា​ជីវិត​។ ព្រៃឈើ​នេះ​ជា​មរតក​រួម​សម្រាប់​យើង​ជំនាន់​នេះ​ និង​កូនចៅ​ជំនាន់​ក្រោយ​។ សូមបញ្ជាក់ថា ព្រៃឈើ​ខ្មែរ​យើង​នេះ​គឺ​ស្អាត​ណាស់ បើ​ប្រៀប​ជាមួយ​ព្រៃ​ដទៃ​ព្រៃឈើ​យើង​មិន​ហ៊ាន​ថា​ស្អាត​លើសគេ តែ​ជា​ព្រៃ​មួយ​ដែល​ពិបាក​នឹង​រក​កន្លែង​ដទៃ​មក​ប្រៀប ព្រោះ​សម្រស់​នៃ​ព្រៃ​នេះ​មិនមាន​ពាក្យ​ពណ៌នា​ទេ មាន​តែ​ការចូល​ទៅ​មើល ហើយនឹង​ស្រឡាញ់​តែប៉ុណ្ណោះ​៕