ភ្នំពេញៈ ក្រសួង​កិច្ចការនារី និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (​មសមក​) ​បានប្រកាស​ធ្វើ​យុទ្ធនាការ​ ១៦ ថ្ងៃ​ ដើម្បី​ចូលរួម​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ដោយ​យុទ្ធនាការ​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ វិច្ឆិកា ដល់​ថ្ងៃទី ១០ ធ្នូ​។ នៅក្នុង​យុទ្ធនាការ​នេះ ភាគី​ពាក់ព័ន្ធ​នឹង​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ការការពារ និង​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី។

ក្រសួង​កិច្ចការនារី​បាន​ប្រកាស​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​នៅ​ថ្ងៃទី ២៥ វិច្ឆិកា​ថា ក្រសួង​នឹង​ធ្វើ​យុទ្ធនាការ​ ១៦ ថ្ងៃនេះ ដើម្បី​ចូលរួម​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ដោយ​យុទ្ធនាការ​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៥ វិច្ឆិកា ដល់​ថ្ងៃទី​ ១០ ធ្នូ ឆ្នាំ​ ២០២១​។

ក្រសួង​កិច្ចការនារី​បាន​បញ្ជាក់ថា ក្នុង​សកម្មភាព​យុទ្ធនាការ​នេះ​ក្រសួង​នឹង​បង្កើត​កម្មវិធី​ប្រកួតប្រជែង​មួយចំនួន ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន និង​ធ្វើការ​ផ្សព្វផ្សាយ​សារ​អប់រំ​នានា ដើម្បី​ចូលរួម​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​ក្នុង​នោះ​ក៏មាន​កម្មវិធី​ប្រកួតប្រជែង​ផលិត​វីដេអូ​ស្តីពី «​សុខភាព​ផ្លូវចិត្ត​វ័យ​ជំទង់​» ​ផងដែរ​។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​បាន​ថ្លែងថា ការរួម​គ្នា​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី គឺជា​គោលដៅ​រួម និង​បេសកកម្ម​រួមគ្នា​របស់​យើង​ទាំងអស់​គ្នា ហើយ​សកម្មភាព​ទាំងនេះ​នឹង​អាច​ធ្វើបាន មិន​ថា​វិស័យ​សាធារណៈ​របស់​រដ្ឋ ឯកជន អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​នោះទេ​។ លោកស្រី​បាន​សង្កត់ធ្ងន់​ថា​៖ «​ពិភពលោក​ពណ៌​ទឹកក្រូច បញ្ចប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ចាប់ពី​ថ្ងៃនេះ​»​។

ជាមួយ​គ្នា​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃទី​ ២៤ ​វិច្ឆិកា​ក៏បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែរ​ថា នៅ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា គឺជា​ទិវា​អន្តរជាតិ ដើម្បី​បំបាត់​អំពើហិង្សា​ទៅលើ​ស្ត្រី​។ ដើម្បី​ប្រារព្ធ​ទិវា​នេះ មសមក ផ្ដួចផ្ដើម​យុទ្ធនាការ​មួយ​ដែលមាន​ឈ្មោះថា «​សកម្មភាព​ ១៦ ​ថ្ងៃ ដើម្បី​បញ្ចប់​អំពើហិង្សា​ផ្អែកទៅលើ​យេនឌ័រ​» ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៥ ខែវិច្ឆិកា រហូត​ដល់​ទិវា​សិទ្ធិមនុស្ស​ថ្ងៃទី​ ១០ ខែធ្នូ ឆ្នាំ​ ២០២១​។

អង្គការ​នេះ​បាន​បន្តថា អំពើហិង្សា​ទៅលើ​ស្ត្រី​គឺជា​ការរំលោភបំពាន​មួយ​នៃ​ការរំលោភបំពាន​សិទិ្ធ​មនុស្ស​ដែល​កើតមាន​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពិភពលោក​នៅពេល​បច្ចុប្បន្ន ហើយ​ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា​ផងដែរ ខណៈ​តាម​ការប៉ាន់ស្មាន មាន​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ ៥ ​នាក់ ទទួលរង​អំពើ​ហិង្សា​ពី​ដៃគូ​របស់​ពួកគេ​ដែល​ចំនួន​នេះ​ត្រូវបាន​គេ​ជឿជាក់ថា បាន​កើនឡើង​ចាប់​តាំងពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

មសមក ក៏បាន​ប្រកាស​ផងដែរ​ថា មសមក នឹង​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ​ស្ត្រី និង​ផលប៉ះពាល់​នៃ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៅក្នុង​សហគមន៍ និង​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ឱ្យបាន​ច្បាស់លាស់ និង​ទាន់ពេលវេលា ដើម្បី​បញ្ចប់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៅ​កម្ពុជា​។ ម​សមក រំពឹងថា​៖ «​នៅក្នុង​ថ្ងៃ​សំខាន់ៗ​ទាំងនេះ ជា​ឱកាស​សម្រាប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​អ្នកជាប់​កាតព្វកិច្ច ពោលគឺ​រដ្ឋាភិបាល និង​តួអង្គ​សង្គម​ស៊ីវិល បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ឡើងវិញ ក្នុង​ការការពារ​ និង​លើកកម្ពស់​សិទ្ធិមនុស្ស​»​។

បើតាម​សេចក្តី​ប្រកាស​ដដែល​របស់ មសមក ឱ្យដឹងទៀតថា នៅក្នុង​អំឡុងពេល​យុទ្ធនាការ​នោះ មសមក ក៏​នឹងចូលរួម​ក្នុង​ទិវា​សំខាន់ៗ​មួយចំនួន​ផ្សេងទៀត នៅក្នុង​ប្រតិទិន​នៃ​ទិវា​សិទ្ធិមនុស្ស ដែលមាន​ថ្ងៃទី​ ២៨ ខែវិច្ឆិកា ថ្ងៃទី​ ៩ ខែធ្នូ និង​ថ្ងៃទី​ ១០ ខែធ្នូ ជា​ទិវា​សិទ្ធិមនុស្ស ដែលជា​ថ្ងៃ​ដ៏សំខាន់ ដើម្បី​ប្រារព្ធ​ខួប​នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស ដែលជា​ឯកសារ​គោល​នៃ​ក្របខ័ណ្ឌ​សិទ្ធិមនុស្ស​អន្តរជាតិ និង​មាន​ចែង​ពី​សិទ្ធិ​ជា​មូលដ្ឋាន​សម្រាប់​មនុស្ស​គ្រប់គ្នា​។

តាម មសមក ប្រធានបទ​នៃ​ទិវា​សិទ្ធិមនុស្ស​សម្រាប់​ឆ្នាំ​ ២០២១ គឺ​ត្រូវ​បានប្រកាស «​សមភាព ៖ កាត់បន្ថយ​វិសមភាព តាមរយៈ​ការជំរុញ​ការគោរព​សិទ្ធិមនុស្ស ដែលជា​ឱកាស​សម្រាប់​សង្គម​ស៊ីវិល ក៏ដូចជា មសមក បន្ត​ចូលរួម​ក្នុងការ​លុបបំបាត់​វិសមភាព​នៅក្នុង​ប្រទេស​កម្ពុជា និង​ធ្វើការ​តស៊ូមតិ ដើម្បី​សិទ្ធិ​ស្មើគ្នា សម្រាប់​ទាំងអស់​គ្នា​»៕