ភ្នំពេញៈ បេក្ខជន​ ៣ ​រូប​ក្នុង​ចំណោម​ ៥ ​រូប ឈ្នះ​ជយលាភី​ក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ប្រកួត​និយាយ​សាធារណៈ​លើ​ប្រធានបទ​ «​ហេតុអ្វី​បានជា​កម្ពុជា​ចាំបាច់​ត្រូវ​ដំឡើង​ពន្ធ​ថ្នាំជក់​» ខណៈ​ក្រសួង​ពាក់ព័ន្ធ​ចំនួន​ ៣ បង្ហាញ​បំណង​រួមគ្នា​គាំទ្រ​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​។

នៅ​ថ្ងៃទី​ ២៥ វិច្ឆិកា បេក្ខជន​ចំនួន​ ៥ ​រូប​បាន​បង្ហាញ​សមត្ថភាព​របស់ខ្លួន ដោយបាន​និយាយ​ជា​សាធារណៈ​លើ​ប្រធានបទ​នេះ ដើម្បី​ឈ្នះ​ជយលាភី​ពី​លេខ​ ១ ដល់​លេខ​ ៣ ដែល​ទទួលបាន​ទឹកប្រាក់​ចន្លោះ ពី ៨ ​សែន​រៀល ដល់​ ២ ​លាន​រៀល និង​ពានរង្វាន់​ ១​។ បេក្ខជន​ទាំង​ ៣ ដែល​បានឈ្នះ​ការប្រកួត គឺ​មាន​បេក្ខជន សយ ស្រីនិច្ច ទទួលបាន​ចំណាត់ថ្នាក់​លេខ​ ១ បេក្ខជន​តុន ច័ន្ទរិទ្ធ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ២ និង​បេក្ខជន​ សៀក ពេជ្ររចនា ទទួលបាន​ចំណាត់ថ្នាក់​លេខ​ ៣​។

អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ឱ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ២៥ វិច្ឆិកា ថា តាមរយៈ​ការបកស្រាយ​របស់​បេក្ខជន ការជក់បារី​បង្ក​ឱ្យ​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន​។ ជាពិសេស បណ្ដាល​ឱ្យ​ខូច​សួត និង​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​កាន់តែ​ធ្ងន់ធ្ងរ បើ​ពួកគេ​ឆ្លង​ជំងឺ​កូវីដ​ ១៩​។ ម្យ៉ាងទៀត​ការជក់បារី ក៏​បង្កើន​ឱកាស​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​ដោយសារ​ការប៉ះពាល់​ផ្ទាល់ រវាង​ដៃ មាត់ និង​បារី ធ្វើឱ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​។

អង្គការ​នេះ​បន្តថា យុវជន​ជយលាភី​ទាំងនោះ​ក៏បាន​ជំរុញ​ឱ្យ​មាន​ការដំឡើង​ពន្ធ​ថ្នាំជក់​ដែលជា វិធានការ​ឈ្នះ ឈ្នះ​ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ ​និង​សេដ្ឋកិច្ចជាតិ​។

អង្គការ​នេះ​បញ្ជាក់ថា​៖ «​មួយវិញ​ទៀត ហេតុផល​ដែល​ត្រូវ​ដំឡើង​ពន្ធ គឺ​ដោយសារ​អត្រាពន្ធ​ថ្នាំជក់​នៅ​កម្ពុជា​មាន​កម្រិត​ទាប​ខ្លាំងណាស់ ត្រឹមតែ​ ២៨% ​ប៉ុណ្ណោះ ធៀប​ទៅនឹង​ប្រទេស​អាស៊ាន ដូចជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា សិង្ហបុរី ហ្វីលីពីន ថៃ សុទ្ធតែ​មាន​អត្រាពន្ធ​លើ​ផលិតផល​ថ្នាំជក់ លើស​ ៥០% ​ធៀប​តម្លៃ​លក់រាយ​»​។

លោក​ មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ ដើម្បី​សុខភាព​កម្ពុជា និយាយថា ជាក់ស្ដែង​តាម​ការបកស្រាយ​របស់​បេក្ខជន វិធានការ​ដំឡើង​ពន្ធ​ថ្នាំជក់​ជួបប្រទះ​ឧបសគ្គ​ផ្សេងៗ​ជាច្រើន ដោយ​ក្រុមហ៊ុន​ថ្នាំជក់​ប្រើប្រាស់​កលល្បិច​បំភាន់​ថា ការដំឡើង​ពន្ធ​នាំឱ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​។ បង្កើន​ការគេចពន្ធ​នាំឱ្យ​ប៉ះពាល់​ដល់​អ្នកមាន​ចំណូល ទាប និង​បាត់បង់​ឱកាស​ការងារ​ជាដើម​។ លោក​ថា ការលើកឡើង​នេះ​មិនមែន​ជា​ការពិត​នោះទេ​។

លោក​ថ្លែងថា​៖ «​ការដំឡើង​ពន្ធ​ថ្នាំជក់​មិន​ត្រឹមតែ​ជួយ​បង្កើន​ចំណូល​ពន្ធ​រដ្ឋ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ប្រសើរ​ជាង​មុន​។ ជាពិសេស​នោះ គឺ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​ទៀតផង​។ ដូច្នេះ​កម្ពុជា​គួរតែ​ដំឡើង​ពន្ធ​ថ្នាំជក់​ឱ្យដល់​អត្រា​ ៧៥% ​នៃ​តម្លៃ​បារី​លក់រាយ​តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​»​។

ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ ជា​បន្ទុក​មួយ​សម្រាប់​រដ្ឋាភិបាល​ដោះស្រាយ ដោយសារ​ការប្រើប្រាស់​ផលិតផល​ថ្នាំ​ជក់​បង្ក​ឱ្យ​ប្រជាពលរដ្ឋ ឈឺ ស្លាប់ ពិការ ដែល​ក្នុងនោះ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ ១៥ ០០០ ​នាក់​ស្លាប់​ដោយសារ​ការជក់បារី​ក្នុង​ ១ ​ឆ្នាំ​។ មិនតែ​ប៉ុណ្ណោះ​ធ្វើឱ្យ​ខាតបង់​ថវិកា​ប្រមាណ​ ៦៤៩ ​លាន​ដុល្លារ​អាមេរិក ក្នុង​ ១ ​ឆ្នាំ ដែល​ស្មើនឹង​ ៣ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​។ នេះ​បើតាម​អង្គការ​ផ្តោតលើ​សុខភាព​មួយ​នេះ​។

ជាមួយ​គ្នា​នេះ តំណាង​ក្រសួង​ពាក់ព័ន្ធ​ចំនួន​ ៣ មាន​ក្រសួង​សុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​បង្ហាញ​បំណង​រួមគ្នា​ក្នុង​ការគាំទ្រ និង​ជំរុញ​ការដំឡើង​ពន្ធ​ថ្នាំជក់​នេះ​។

លោកស្រី វុធ តំណាង​ក្រសួង​សេដ្ឋកិច្ច ថ្លែង​នាឱកាស​នោះ​ថា​ ការងារ​នេះ​មិនអាច​ធ្វើ​តែ​រដ្ឋាភិបាល​ម្នាក់ឯង​បានទេ ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ ដើម្បី​សម្រេចបាន​ជោគជ័យ​ដ៏ធំ​។ បច្ចុប្បន្ន​ក្រសួង​កំពុង​ពិចារណា​ដំឡើង​ពន្ធ​ថ្នាំជក់ ដោយ​ផ្តោត​ទៅ​លើ​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការដំឡើង​ពន្ធ​នេះ​ផងដែរ​។

លោក​ថា​៖ «​នៅក្នុង​ការអនុវត្ត​ជាក់ស្តែង​ជា​គោលដៅ​តាម​ប្រទេស​នីមួយៗ គឺ​យើង​កំពុង​ដើរទៅ​រក​ទិសដៅ​ហ្នឹងហើយ ដូចដែល​បេក្ខជន​យើង​បាន​ធ្វើ​បទបង្ហាញ និង​គាំទ្រ​ឱ្យមាន​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​»​។

លោកស្រី​ រ៉ាយ រ៉ានី តំណាង​ក្រសួង​សុខាភិបាល​ថ្លែងថា ថ្នាំជក់​ពិតជា ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព និង​សេដ្ឋកិច្ច ដែល​ទាមទារ​ឱ្យមាន​ការរួម​គ្នា​ក្នុង​ការទប់ស្កាត់​ការប្រើប្រាស់​ថ្នាំជក់​ពី​សំណាក់​ពលរដ្ឋ ជាពិសេស​យុវជន​។

លោកស្រី​ថា​៖ «​ទាក់ទង​នឹង​បញ្ហា​ថ្នាំជក់​នេះ​រាជរដ្ឋាភិបាល​យើង ក៏ដូចជា​ក្រសួង​សុខាភិបាល ដោយ​មើលឃើញ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​សុខភាព​របស់​ពលរដ្ឋ​យើង បានជា​យើង​មានច្បាប់​ជាតិ​នានា​ការពារ​ជន​គ្រប់រូប​ពី​ការស្រូប​ផ្សែង បារី​ពី​គេ ឬ​កាត់បន្ថយ​ពី​ការប្រើប្រាស់​ថ្នាំជក់​នេះ​។ រាជរដ្ឋាភិបាល​យើង​មិន​ព្រងើយកន្តើយ​ទេ​»​។

លោក​ គឹម សាញ់ តំណាង​ក្រសួង​អប់រំ​ថ្លែងថា​៖ «​ខ្ញុំ​សូម​គាំទ្រ​ទាំងស្រុង​ឱ្យ​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ឱ្យបាន​ ៧៥ ​ភាគរយ​នៃ​តម្លៃ​លក់ និង​បន្ត​រឹតបន្តឹង​ចរាចរណ៍​ថ្នាំជក់​»៕