ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជំរុញ​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​អាស៊ី និង​អឺរ៉ុប ពង្រឹង​ភាពជា​ដៃគូ​អាស៊ី-អឺរ៉ុប​បន្ថែមទៀត ដើម្បី​រក្សាបាន​នូវ​ពហុភាគី​និយម​ដ៏រឹងមាំ​មួយ ដែល​នឹង​នាំមក​នូវ​កំណើន​ជាសកល​ប្រកប​ដោយ​ចីរភាព ព្រមទាំង​មាន​ការចែករំលែក​។

លោក​ថ្លែង​ដូច្នេះ ខណៈ​លោក​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប លើក​ទី​ ១៣ (ASEM13) តាម​ប្រព័ន្ធ​វីដេអូ​ពី​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ២៥ វិច្ឆិកា ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ជា​ការពិត​នៅលើ​ពិភពលោក​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ យើង​ពិតជា​មាន​សេចក្តី​ត្រូវការ​ក្នុង​ការពង្រឹង​បន្ថែមទៀត​នូវ​ភាពជា​ដៃគូ​អាស៊ី-អឺរ៉ុប ក្នុង​គោលដៅ​រក្សាបាន​នូវ​ពហុភាគី​និយម​ដ៏រឹងមាំ​មួយ ដែល​នឹង​នាំមក​នូវ​កំណើន​ជាស​កល មិន​ត្រឹម​តែមាន​ចីរភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​ការចែករំលែក​ផងដែរ​»​។

លោកនាយក​រដ្ឋមន្ត្រី​កត់សម្គាល់​ឃើញថា ចាប់ពី​ពេល​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៩៦ មក កិច្ចប្រជុំ​កំពូល ASEM បាន​ក្លាយជា​វេទិកា​ដ៏សំខាន់​មួយ​ក្នុង​ការភ្ជាប់​ទំនាក់ទំនង និង​ការលើកកម្ពស់​ភាព​ជា​ដៃគូ​រវាង​ទ្វីបអាស៊ី និង​អឺរ៉ុប​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​ភាពខ្លាំង​របស់ ASEM គឺ​ស្ថិត​នៅលើ​គោលការណ៍​ស្នូល​របស់​ខ្លួន​ជាអាទិ៍: ភាពមិន​ផ្លូវការ ភាពបត់បែន​បាន ការគោរព​គ្នា​ទៅវិញ​ទៅមក ក្នុង​ស្មារតី​កុងសុងស៊ីស និង​ភាពជា​ដៃគូ​ស្មើភាព​។ ខ្ញុំ​មានជំនឿថា ក្នុង​សភាពការណ៍​បច្ចុប្បន្ន យើង​ត្រូវការ​នូវ​គោលការណ៍​ទាំងនេះ កាន់តែ​ខ្លាំង​ឡើង​ថែមទៀត ដោយសារ​តែ​យើង​កំពុងតែ​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ជាច្រើន ដែល​ទាមទារ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង និង​ការឆ្លើយតប​រួមគ្នា​របស់​យើង​គ្រប់រូប​»​។

លោក​ ហ៊ុន សែន បាន​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល ASEM លើក​ទី​ ១៣ បានកំណត់​គោលដៅ​របស់ខ្លួន​ដោយ​ឈរលើ​គោលការណ៍​នៃ​កំណើន​រួមគ្នា ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ពហុភាគី​និយម​ផ្អែក​លើ​វិធាន​ច្បាប់​។ ក្នុងនាម​ជា​វេទិកា​ពហុភាគី​ដ៏សំខាន់​មួយ ដែល​តភ្ជាប់​រវាង​ទ្វីបអាស៊ី និង​អឺរ៉ុប ASEM គឺជា​កម្លាំង​សកល​ដ៏សំខាន់ និង​រឹងមាំ​។

លោក​ ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ «​ខ្ញុំ​យល់ថា កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ របស់ ASEM ដើម្បី​ពហុភាគី​និយម​មួយ ដែល​រឹងមាំ​មាន​ប្រសិទ្ធភាព និង​មាន​សណ្តាប់ធ្នាប់​អន្តរជាតិ ដោយ​ផ្អែកលើ​វិធាន​ច្បាប់ គប្បី​ដើរតួ​ជា​ត្រីវិស័យ​សម្រាប់​គ្រប់​សកម្មភាព​របស់ ASEM ទាំងមូល​»​។

លោក​បន្ថែមថា​៖ «​ខណៈ​ដែល ASEM កំពុង​បន្តដំណើរ​ឆ្ពោះ​ទៅ​កាន់​ទសវត្សរ៍​បន្ទាប់​នៃ​អត្ថិភាព​របស់ខ្លួន យើង​ទាំងអស់​គ្នា​មាន​ការទទួល​ខុសត្រូវ​រួម​ក្នុង​ការធានា​ថា ASEM នៅ​បន្ត​ជា​វេទិកា​អន្តរ​តំបន់​ដ៏សំខាន់ និង​រឹងមាំ​មួយ ដែល​អាច​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ដល់​ប្រជាជន​របស់ខ្លួន ព្រមទាំង​អាច​ចូលរួម​ចំណែក​កាន់តែ​ទូលំទូលាយ​ថែមទៀត ដល់​ការធានា និង​រក្សា​នូវ​សន្តិភាព ស្ថិរភាព វិបុលភាព និង​ការអភិវឌ្ឍ​របស់​ពិភពលោក​»​។

លោក​ ឆាលស៍ មីឆែល​ (Charles Michel) ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​តំណាងឱ្យ​ប្រទេស​សម្របសម្រួល​តំបន់​អឺរ៉ុប បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ តាមរយៈ​ការបកប្រែ​ថា ASEM គឺជា​កន្លែង​សម្រាប់​កំណត់​គោលការណ៍ និង​បង្កើត​ពហុភាគី​និយម​ និង​ទំនាក់ទំនង​ជាមួយ​អាស៊ី​។ ជាពិសេស ជា​ការសំខាន់​សម្រាប់​ការសា្តរ​ឡើងវិញ​នូវ​សង្គម-សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ ដោយសារ​ជំងឺ​កូវីដ​ ១៩​។

លោក​មានប្រសាសន៍​ទៀតថា​៖ «​យើង​ជឿថា ដៃគូ​របស់​យើង​ទាំងអស់​គ្នា​នឹង​កសាង​ឱ្យ​ប្រសើរឡើង ឱ្យ​មាន​ប្រព័ន្ធ​បៃតង បរិយាប័ន្ន និង​និរន្តរភាព​។ នៅ​អឺរ៉ុប ចំពោះ​ទៅមុខ យើង​នឹង​ពង្រីក​ទំនាក់ទំនង​ជាមួយ​អ្នក គឺ​អាស៊ី អំពី​បរិយាកាស និង​ពហុភាព​។ អឺរ៉ុប​គឺ​គោរព​នូវ​ដៃគូ​ស្មោះត្រង់ ហើយ​យើង​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ [​ជាមួយ​] ​អ្នក​ទាំងអស់​គ្នា ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​របស់​​ [​យើង​] ​ទាំងអស់​គ្នា​»​។

លោក​ ហេង គីមគង់ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ២៥ ខែវិច្ឆិកា ថា ការជំរុញ​ពហុភាគី​និយម និង​ភាពជា​ដៃគូ​អាស៊ី-អឺរ៉ុប គឺជា​កត្តា​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា តំបន់ និង​ពិភពលោក​។ ដើម្បី​ដោះស្រាយ​បញ្ហា​ជាស​កល និង​ស្មុគស្មាញ ដូចជា​ជំងឺ​រាតត្បាត​កូវីដ​ ១៩ និង​ការប្រែប្រួល​អាកាសធាតុ តម្រូវ​ឱ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ពី​ប្រទេស​ជាច្រើន​។

លោក​ គីមគង់ បាន​បញ្ជាក់ថា កម្ពុជា​ក្នុង​នាម​ជា​សមាជិក​នៃ​ស្ថាប័ន​ពហុភាគី រួម​ជាមួយ​នឹង​កិច្ចព្រមព្រៀង​នានា​អាច​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការលើកកម្ពស់​ពហុភាគី​និយម និង​ភាពជា​ដៃគូ​អាស៊ី-អឺរ៉ុប​។

លោក​ ហេង គីមគង់ ថ្លែងថា​៖ «​ក្នុង​ការលើក​កម្ពស់​ភាព​ជា​ដៃគូ​អាស៊ី-អឺរ៉ុប កម្ពុជា​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការអនុវត្ត​ល្អៗ ការផ្ទេរ​បច្ចេកវិទ្យា និង​សាមគ្គីភាព​អន្តរជាតិ ជាពិសេស​ក្នុង​បរិបទ​នៃ​ជំងឺ​រាតត្បាត​។ ជាងនេះ​ទៅទៀត ដោយសារ​សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​ដ៏សំខាន់​របស់​កម្ពុជា​ភាព​ជា​ដៃគូ​អាស៊ី-អឺរ៉ុប​នឹងមាន​សារៈសំខាន់​សម្រាប់​ការស្តារ​ឡើងវិញ​របស់​កម្ពុជា​ក្រោយ​ជំងឺ​រាតត្បាត​»៕