ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បាន​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទដៃ​ឈ្មោះថា «NEC_KH» ​ចាប់ពីពេលនេះ​តទៅ​ ដើម្បី​​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាពងាយស្រួល​ក្នុង​ការចូល​ទៅ​ស្វែងរក​ឈ្មោះ​របស់ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត និង​អាច​តាមដាន និង​ស្វែងយល់​អំពី​ការងារ​បោះឆ្នោត​បាន​ទូលំទូលាយ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គជប កាលពី​ថ្ងៃទី​ ២៤ វិច្ឆិកា​ថា កម្មវិធី​ «NEC_KH» ថ្មី​នេះ​ត្រូវ​បាន​ដាក់ឱ្យ​ប្រើ​ដោយ​គ្របដណ្តប់​លើ​កម្មវិធី​ចាស់ «Voterlist KH»​។ កម្មវិធី​ថ្មី​​នេះ ក៏​អាច​ចូល​មើល​អត្ថបទ កម្រង​ឯកសារ រូបភាព វីដេអូ​ផ្សេងៗ ដែល គ.ជ.ប ផលិតឡើង​ដើម្បី​ផ្សព្វផ្សាយ និង​អប់រំ​បណ្តុះបណ្តាល​អ្នកបោះឆ្នោត​ផងដែរ​។ សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា ដើម្បី​ទាញយក​កម្មវិធី​នេះ សាធារណជន​អាច​ចូលទៅ​កាន់ Google Play សម្រាប់​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ឬ App Store សម្រាប់​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ហើយ​វាយ​ដោយ​ស្វែងរក​ពាក្យ «NEC KH» រួច​ធ្វើការ​ដំឡើង​ជា​ការស្រេច​។

ក្នុង​ជំហាន​ជា​បន្តបន្ទាប់​ទៀត ដើម្បីឱ្យ​កម្មវិធី​ទូរស័ព្ទដៃ «NEC KH» នេះ​កាន់​តែមាន​ភាពពេញលេញ និង​បំពេញបាន​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ គជប នឹង​បន្ត​អភិវឌ្ឍ​កម្មវិធី​ឱ្យ​រឹតតែ​ប្រសើរឡើង​។ បន្ទាប់ពី​អភិវឌ្ឍ​កម្មវិធី​នេះ​រួចរាល់ គជប នឹងដាក់​បញ្ចូល​កម្មវិធី​ផ្សព្វផ្សាយ​ព័ត៌មាន និង​កម្មវិធី​ស្វែងរក​បញ្ជី​ទីតាំង ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត និង​ការិយាល័យ​បោះឆ្នោត​បន្ថែមទៀត​។

គជប សរសេរ​ថា​៖ «​ការដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទដៃ NECKH នេះ​គឺធ្វើឡើង​ស្របពេល ដែល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត បាននិងកំពុង​ប្រព្រឹត្តទៅ​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​ ១២ តុលា​ដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១»​។

លោក​ សោម សូរីដា អ្នក​នាំពាក្យ គជប ពន្យល់​ថា ចំពោះ​កម្មវិធី​ចាស់ «Voterlist KH» នៅ​ដដែល​ទេ គ្រាន់តែ គជប បញ្ចូល​ទៅក្នុង​កម្មវិធី​ថ្មី «NEC KH» តែប៉ុណ្ណោះ​។ កម្មវិធី «NEC KH» គឺជា​កញ្ចប់​ធំ ដែល​គ្របដណ្តប់​ទៅដោយ​កម្មវិធី «Voterlist KH» កម្មវិធី​ផ្សព្វផ្សាយ​អប់រំ និង​លទ្ធផល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​រួមទាំង​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ត្រូវដាក់​នៅក្នុង​កញ្ចប់​កម្មវិធី «NEC KH)​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​! ការដាក់​ជំនួស​នេះ​មានន័យថា​យក Voterlist KH នេះ ទៅ​ដាក់​នៅក្នុង NEC KH ហើយ​គ្រាន់តែ​បើក NEC KH គឺ​យើង​អាច​ជ្រើសរើស Voterlist KH នៅក្នុង​ហ្នឹង​រួម​ជាមួយ​នឹង​ឯកសារ​អប់រំ អ្នកបោះឆ្នោត​ផ្សេងទៀត​។ និយាយ​រួម​វា​មាន​លទ្ធផល បោះឆ្នោត​ដែល គជប បាន​សម្រេច​អនុញ្ញាត​ឱ្យមាន​ការធ្វើ​ការផ្សព្វផ្សាយ​»​។

ការប្រែប្រួល ស្ថានភាព​នៃ​កម្មវិធី Voterlist KH នេះ​មិន​ប៉ះពាល់​ដល់​ដំណើរការ​ពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​ដែល​កំពុង​អនុវត្ត​នៅពេលនេះ​នោះទេ ពោលគឺ​អ្វីៗ នៅ​ដដែល​ដោយ​គ្រាន់តែ​ដូរ​ទីតាំង កម្មវិធី Voterlist KH ទៅជា NEC KH ប៉ុណ្ណោះ​។

បើតាម​លោក សោម សូរីដា លទ្ធផល​នៃ​ការពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ ២០២១ នេះ​មិន​ទាន់​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធី Voterlist KH ទេ​។ ចំពោះ​ការប្តូរ ឬ​ការប្រែប្រួល​បញ្ជី​បោះឆ្នោត​បច្ចុប្បន្ន​ដែល​នៅក្នុង Voterlist KH នេះ​អាច​កើតមាន​នៅពេល​ដែល គជប ប្រកាស​សុពលភាព​ផ្លូវការ​លើ​លទ្ធផល​នៃ​ការពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃទី​ ១២ ខែកុម្ភៈ ឆ្នាំ​ ២០២២ ខាងមុខ​។

លោក សំ គន្ធាមី នាយកប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់ និកហ្វិក យល់ឃើញ​ថា ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា លោក​មិនសូវ​ជា​យល់ និង​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ប៉ុន្តែ នៅពេល​ដែល​មាន​ការប្រែប្រួល​ច្រើនពេក វា​ធ្វើឱ្យ​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការតាមដាន ​និង​ឆែក​មើល​ឈ្មោះ និង​ព័ត៌មាន​ផ្សេងៗ​។

លោក​ថ្លែងថា​៖ «​អ្នក​ដែល​តាមដាន​រឿង​ហ្នឹង​វា​លំបាក​ហើយ នៅពេល​ដែល​មាន​ការផ្លាស់ប្តូរ​អីចឹង​។ បញ្ហា​ច្រើន​ហើយ អា​រឿង​ដូរ​ហ្នឹង​ព្រោះ​ប្រជាពលរដ្ឋ គាត់​ឆែក​មើល ហើយ​បើ​មាន​ផ្លាស់ប្តូរ​ទៀត ពលរដ្ឋ​តាម​អត់​ទាន់​ទេ បើ​អាច​ទុក អា Voterlist វិញ​ទៅ​»៕