ភ្នំពេញៈ រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អាស៊ាន ស្តីពី​ការពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២២ ​និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២០ ព្រមទាំង​បោះឆ្នោត​ជ្រើសតាំង​លោក​ ជាម យៀប ជា​អនុប្រធាន​ទី​ ១ នៃ​រដ្ឋសភា​ជំនួស​លោក​ ងួន ញ៉ិល​។

ការអនុម័ត​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​ ៦ នីតិកាល​ទី​ ៦ ដោយមាន​របៀបវារៈ​ចំនួន​ ៧ នៅ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា​ក្រោម​អធិបតីភាព លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា និង​មាន​សមាជិក​រដ្ឋសភា​ចំនួន​ ១០៦​ រូប​ចូលរួម​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ឱ្យដឹងថា តាមរយៈ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អាស៊ាន​ស្តីពី​ការពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ​នូវ​ការអនុវត្ត​នីតិវិធី​ពិសេស​សម្រាប់​រដ្ឋ​សមាជិក​អភិវឌ្ឍន៍​តិចតួច នៅពេល​ដោះស្រាយ​វិវាទ​ដែល​កើតឡើង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋ​សមាជិក​ផ្សេងទៀត​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។

ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ បង្ហាញ​ពី​ការចូលរួមចំណែក​ដ៏សំខាន់​របស់​កម្ពុជា​ក្នុង​ការពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា ចំពោះ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២២ ​វិញ ជា​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​នឹង​ផ្តល់​លទ្ធភាព​ដល់​រាជរដ្ឋាភិបាល​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេសជាតិ​បន្តទៀត​។ ពិសេស​ការស្តារ​សេដ្ឋកិច្ចសង្គម​ឡើង​វិញ ក្រោយ​វិបត្តិ​កូវីដ​ ១៩ ក៏ដូចជា​ដើម្បី​សម្រេច​ឱ្យ​ខាងតែ​បាន​នូវ​អាទិភាព គោលនយោបាយ​សំខាន់ៗ​ជា​សារវន្ត​នៃ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៩-២០២៣​។ ពិសេស​ការជំរុញ​ល្បឿន​នៃ​ការអនុវត្ត​កិច្ចការ​កែទម្រង់​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៦ នៃ​រដ្ឋសភា​។

ដោយឡែក ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២០ ជា​ឧបករណ៍​គោលនយោបាយ​ដ៏​មាន​ប្រសិទ្ធភាព ដែល​បាន​ជួយ​រាជរដ្ឋាភិបាល​ឱ្យសម្រេច​បាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​ជាតិ ពិសេស គឺអាច​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​រាល់​បញ្ហា ប្រឈម និង​ហានិភ័យ​នានា​។

ជាមួយ​គ្នា​នេះ រដ្ឋសភា​កម្ពុជា​ក៏​បាន​សម្រេច​ប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់ លោក អ៊ុន ប៊ុនហាន ជា​តំណាងរាស្ត្រ មណ្ឌល​ខេត្តកំពង់ធំ​ជំនួស​លោក​ ងួន ញ៉ិល ដែល​បានទទួល​មរណភាព​។ បោះឆ្នោត​ជ្រើសតាំង​លោក​ ជាម យៀប ជា​អនុប្រធាន​ទី​ ១ ​រដ្ឋសភា​។ បោះឆ្នោត​ជ្រើសតាំង​លោក​ ឈាង វុន ជា​សមាជិក​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា និង​លោក​ ជៀប ស៊ីវន ជា​សមាជិក គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​។

គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម និង​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​បាន​ធ្វើការ​ប្រជុំ​គណៈកម្មការ​រៀងៗ​ខ្លួន ដើម្បី​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​លោក​ ឈាង វុន ជាប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ និង​សវនកម្ម​។ លោក​ សួស យ៉ារ៉ា ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​។

លោក​ អ៊ឹម ច័ន្ទតារា ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង ជា​អនុប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​។ លោក​ ទី សុគន្ធ ត្រូវបាន​ជាប់ឆ្នោត​ជា​លេខាធិការ​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​។

ជាមួយ​គ្នា​នេះ អង្គសភា​ជាតិ​ក៏បាន​ធ្វើការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​លោកស្រី​ សោម គីមសួគ៌ ជា​អគ្គសវនករ​។ លោក​ សួន សិទ្ធី ត្រូវបាន​បោះឆ្នោត​ឱ្យធ្វើ​ជា​អគ្គសវនកររង និង​លោក​ អ៊ុក សារាវុធ ជា​អគ្គសវនកររង សម្រាប់​បន្ត​អាណត្តិ ថ្មី​ ៥ ​ឆ្នាំ​ដោយ​ទទួលបាន​លទ្ធផល​សំឡេង​យល់ព្រម​ចំនួន ១០៤ ​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​៕