តាកែវៈ អគ្គស្នងការ​នគរបាលជាតិ​លោក​ នេត សាវឿន ណែនាំ​ស្នងការ​នគរបាល​ខេត្តតាកែវ​ថ្មី​ត្រូវ​បន្ត​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យបាន​ល្អប្រសើរ ជាពិសេស​ត្រូវ​បង្ក្រាប​មេខ្លោង​គ្រឿងញៀន និង​បទល្មើស​នៅតាម​ព្រំដែន​។

ការណែនាំ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​លោក​ចូលរួម​ពិធី​ប្រកាស​តែងតាំង​លោក​ ឈាង ផាន់ណារ៉ា ដែលជា​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្តតាកែវ ជំនួស​លោក​ សុខ សំណាង ដែល​ត្រូវ​ទទួលបាន​តួនាទី​ថ្មី​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម កាលពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា​។

លោក​ នេត សាវឿន ថ្លែងថា​៖ «​ដើម្បី​អនុវត្ត​ក្នុងតួនាទី​ភារកិច្ច​ទទួល​បាន​ជោគជ័យ ស្នងការ​ថ្មី​ត្រូវ​ព្យាករ​សភាពការណ៍​មួយចំនួន​ពាក់ព័ន្ធ​ការគ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ បទល្មើស​ចរាចរណ៍ គ្រឿងញៀន និង​បទល្មើស​ព្រំដែន​ជាដើម​»​។

ក្នុង​នោះដែរ លោក​ក៏បាន​ណែនាំ​ការងារ​ ៥ ​ចំណុច រួមមាន ទី​១ ស្នងការ​ថ្មី​ត្រូវ​ពង្រឹង​តួនាទី​ដឹកនាំ​ដោយ​ផ្សារភ្ជាប់​ទៅនឹង​ការទទួល​ខុសត្រូវ​ខ្ពស់​ជាងគេ​។ ត្រូវ​ចាត់ទុក​ខ្លួនឯង​ជា​អាណាព្យាបាល​ជា​អ្នកដឹកនាំ​ត្រូវ​កសាង​មនោសញ្ចេតនា​ក្នុង​អង្គភាព និង​ត្រូវ​ធ្វើជា​គំរូ​គេ​ក្នុង​ការបំពេញ​ភារកិច្ច ប្រចាំការ​ប្រចាំ​បញ្ជា​ចុះ​ជាប់​ជាប្រចាំ​ជាមួយ​បងប្អូន​។ ទី​២ ​ត្រូវ​ធ្វើជា​សេនាធិការ​គ្រប់​ជ្រុងជ្រោយ​ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​បំពេញ​ការងារ​សំដៅ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​។

ទី​៣ ត្រូវ​ជួយ​លើកកម្ពស់​សេវា​ចាំបាច់​ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ ការបំពេញ​លិខិតស្នាម​រដ្ឋបាល និង​ធ្វើ​កិច្ចការ​ដោយស្មោះ​ត្រង់​ដោយ​ឥត​លក្ខខណ្ឌ និង​ទទួល​ខុសត្រូវ មិន​កោសរូស​ចាត់ទុក​ប្រជាពលរដ្ឋ​ជា​ឪពុកម្តាយ​។ ពិសេស​លោក​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រូវបំពេញ​កិច្ចការ​ចេញពី​បេះដូង​ឱ្យបាន​ល្អ​ជូន​ពលរដ្ឋ​។ ទី​៤ ពង្រឹងគុណភាព​ស្នងការ និង​មន្ត្រីនគរបាល​ទាំងអស់​ក្នុង​នាម​ជា​កងកម្លាំង​ត្រូវមាន​សមត្ថភាព វិន័យ គុណធម៌ សីលធម៌ និង​យកចិត្ត​ទុកដាក់​បំប៉ន បើក​វគ្គបណ្តុះបណ្តាល និង​ការរៀនសូត្រ​ជំនាញ​ជាពិសេស​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ជំងឺឆ្លង​កូវីដ​នេះ​។

ត្រូវ​ចេះ​រៀន​រស់នៅ​តាមរបៀប​ថ្មី ទាំង​ការបំពេញ​ការងារ ព្រមទាំង​ការប្រកប​អាជីវកម្ម និង​ទី​៥ ត្រូវ​ពង្រឹង​សាមគ្គីភាព និង​លើកទង់​សាមគ្គី​ផ្ទៃក្នុង ព្រមទាំង​សហការ​ហ្វឹកហាត់ ក្រោម​ដំបូល​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ​។ ពិសេស​ត្រូវ​រួបរួមគ្នា​ដើម្បី​ទទួល​បាន​ភាពជោគជ័យ​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ-ឃុំ មាន​សុវត្ថិភាព​។

លោក​អគ្គស្នងការ​ក៏បាន​ស្នើឱ្យ​ស្នង​ការដែល​ទទួល​ភារកិច្ច​ថ្មី​ត្រូវ​ចាត់​កម្លាំង​នគរបាល​ពី​ខេត្ត-ស្រុក​ ដើម្បី​ទៅ​បំពេញភារកិច្ច​តាម​បណ្តា​ប៉ុស្តិ៍នគរបាល​ដែល​កំពុង​ខ្វះខាត​កម្លាំង តាមរយ:​ការស្ម័គ្រចិត្ត ឬ​តាម​ការចាត់​ឱ្យ​បំពេញ​បេសកកម្ម មាន​រយ:ពេល និង​ត្រូវ​ធ្វើការ​ហ្វឹកហាត់​បំប៉ន​ដើម្បី​ពង្រឹងគុណភាព​ការងារ​។

លោក​ ឈាង ផាន់ណារ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​នឹង​ខិតខំ​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ និង​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​។ ជាពិសេស​កិច្ចការពារ​ព្រំដែន ដោយ​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​វៀតណាម​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​ដឹកនាំ​កម្លាំង​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​ពង្រឹង​ទាំង​ជំនាញ និង​គុណភាព របស់​មន្ត្រី​យើង ហើយ​អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍​នោះ គឺ​ទី​១ ការបង្ក្រាប​គ្រឿងញៀន​។ ទី​២ បញ្ហា​ចរាចរណ៍​ដែល​ខ្ញុំ​ត្រូវ​ពង្រឹង​»​។

លោក​ថា ក្រៅពីនោះ លោក​ក៏​នឹង​មាន​ការកែ​សម្រួល​ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចរាចរណ៍​ណា​មិន​ប្រក្រតី​។ លោក​នឹង​ដកចេញ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដែលមាន​ភាពមិនប្រក្រតី ដើម្បី​កុំឱ្យ​ថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ​។

ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រំដែន លោក​ ផាន់ណារ៉ា​ ​បញ្ជាក់ថា ដោយសារ​ខេត្តតាកែវ នៅ​ជាប់​ព្រំដែន​វៀតណាម លោក​នឹង​ខិតខំ​ការពារ​បទល្មើស​នៅតាម​ព្រំដែន​ទៅតាម​អ្វីដែល​អាច​ធ្វើ​បាន​។

លោក​ថ្លែងថា​៖ «​ក្នុង​កិច្ចការ​នេះ ខ្ញុំ​នឹង​ចុះ​ត្រួតពិនិត្យ​ព្រំដែន ជួប​ជាមួយ​វរការពារ​ព្រំដែន ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រំដែន ដូចជា​ការរត់ពន្ធ​មនុស្ស ឬ​រត់ពន្ធ​គ្រឿងញៀន​»​។

លោក​ យន់ ផល្លី មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិមនុស្ស​ (​អាដហុក​) ​ប្រចាំ​ខេត្តតាកែវ ថ្លែងថា កន្លងទៅ ទោះបី​សមត្ថកិច្ច​ខិតខំ​បង្ក្រាប​បទល្មើស​ជា​បន្តបន្ទាប់​ក៏ដោយ ប៉ុន្តែ​ក៏​នៅ​មាន​ភាពឆកល្វែង​ពាក់ព័ន្ធ​ការលេងល្បែង និង​បទល្មើស​គ្រឿងញៀន​ជាដើម​។ ទោះយ៉ាងណា លោក​រំពឹង​ថា ស្នងការ​នគរបាល​ថ្មី មក​បំពេញ​ភាពខ្វះ​ចន្លោះ​ទាំងនេះ ដើម្បី​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​។

មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ បានថ្លែង​ថា​៖ «​យើង​សង្ឃឹមថា​ស្នងការ​ថ្មី​នឹង​មាន​វិធានការ​តឹងរ៉ឹង​ក្នុង​ការទប់ស្កាត់​រាល់​បទល្មើស​ទាំងឡាយ​នៅក្នុង​ខេត្ត ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ក្នុង​ការរស់នៅ​»៕