ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី​ ២៥ ​វិច្ឆិកា បានប្រកាស​សាលដីកា​តម្កល់ទោស​ជនជាប់ចោទ​ម្នាក់​ដាក់ពន្ធនាគារ​ ១០ ​ឆ្នាំ​ដូច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ២៦ ​តុលា​ឆ្នាំ​នេះ ពាក់ព័ន្ធ​នឹង​បទរំលោភ​សេពសន្ថវៈ​លើ​ចៅស្រី​របស់ខ្លួន​ (​ម្តាយ​ក្មេង​ជា​កូនចុង​) ​ប្រព្រឹត្ត​នៅ​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៨​។

លោកស្រី​ចៅក្រម ទិត សុទ្ធីបូរ៉ាលក្ខណ៍ បាន​អាន​សាលដីកា​ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី​ ២៥ ​វិច្ឆិកា​ថា សាលាឧទ្ធរណ៍​បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំ​រឿងនេះ​នៅ​ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២១ ដែលមាន​ជនជាប់ចោទ​ឈ្មោះ ជឹម ចយ អាយុ​ ៥៥ ​ឆ្នាំ​។ ជនជាប់ចោទ​បាន​រំលោភ​សេពសន្ថវៈ​លើ​ចៅស្រី​របស់ខ្លួន​។

លោកស្រី​ថ្លែងថា​៖ «​សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​ជនជាប់ចោទ​ជាប់ពន្ធនាគារ​ ១០ ​ឆ្នាំ ដោយសារ​ជនជាប់ចោទ​ធ្វើ​អំពើ​លើ​ចៅស្រី​របស់ខ្លួន​ទើប​មាន​អាយុ​ ២ ​ឆ្នាំ​ ១០ ​ខែ​។ ចំពោះ​សាលដីកា​នេះ​បើ​ជនជាប់​​ចោទ​មិន​សុខចិត្ត​គឺមាន​សិទ្ធិ​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​បានគិត​ពីថ្ងៃ​ប្រកាស​សាលដីកា​នេះ​រយៈពេល​ ១ ​ខែ​»​។

យោងតាម​អង្គហេតុ​របស់​សាលាឧទ្ធរណ៍​បានបង្ហាញ​ថា ជនជាប់ចោទ​ឈ្មោះ ជឹម ចយ មាន​ប្រពន្ធក្រោយ​ម្នាក់​ដែល​ស្ត្រី​ជា​ប្រពន្ធ​រូបនោះ​មាន​កូនស្រី​ម្នាក់ ហើយ​កូនស្រី​នោះ​មាន​កូនស្រី​តូច​ម្នាក់​អាយុ​ទើបតែ​ ២ ​ឆ្នាំ​ ១០ ​ខែ (២០១៨)​។

ជនជាប់ចោទ និង​ម្តាយ​ក្មេងរងគ្រោះ​បាន​ជួល​បន្ទប់​ស្នាក់នៅ​ម្នាក់​មួយ​នៅក្នុង​ភូមិ​ជ្រៃកោង សង្កាត់​ចោមចៅ​ ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

អង្គហេតុ​បានបង្ហាញ​ទៀតថា នៅ​ថ្ងៃទី​ ២៥ ឧសភា ឆ្នាំ​ ២០១៨ ម្តាយ​ក្មេង​រងគ្រោះ​បាន​ទៅ​ធ្វើការ​រោងចក្រ​កាត់ដេរ​។

លុះដល់​ល្ងាច​ថ្ងៃ​ដដែល ម្តាយ​ក្មេង​រងគ្រោះ​បាន​ត្រឡប់​មកពី​ធ្វើការ​វិញ ក៏​ឃើញ​កូនស្រី​របស់​ខ្លួន​នោម​ចេញ​ឈាម ព្រមទាំង​សង្កេតឃើញ​កូន​មាន​អាការ​​ឈឺចាប់​ប្រដាប់ភេទ​ទៀតផង​។ ​ពេលនោះ​ស្ត្រី​ជា​ម្តាយ​បាន​សួរ​កូនស្រី​ហើយ​ក្មេងរងគ្រោះ​នោះ​ក៏បាន​ប្រាប់ថា លោក​ តាចយ បាន​ចាប់​នាង​រំលោភ​។ ​បន្ទាប់មក​ក្មេង​រងគ្រោះ​ក៏ត្រូវ​ម្តាយ​នាំទៅ​ពិនិត្យ​សុខភាព​នៅ​គ្លីនិក​រ៉ាក់ ហើយ​លទ្ធផល​គ្រូពេទ្យ​ប្រាប់ថា មាន​រលាត់​ប្រដាប់ភេទ​។

អង្គហេតុ​បន្តទៀតថា បន្ទាប់ពី​ដឹង​មូលហេតុ ម្តាយ​ក្មេងរងគ្រោះ​បាន​ទៅប្តឹង​​នគរបាល​ចោមចៅ​ ២ ​នៅ​ថ្ងៃទី​ ២៦ ឧសភា ឆ្នាំ​ ២០១៨ ហើយ​នគរបាល​បាន​ចុះ​ឃាត់​​ខ្លួន​ជនសង្ស័យ​តែម្តង​។ ​ប៉ុន្តែ​ក្រោយ​សាកសួរ​គឺ​ជនសង្ស័យ​ឆ្លើយ​បដិសេធ​ថា​គាត់​មិនបាន​ចាប់រំលោភ​ចៅស្រី​របស់ខ្លួន​ទេ​។

តែ​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​តាម​ចម្លើយ​របស់​ក្មេងស្រី​រងគ្រោះ​។

បើតាម​អង្គហេតុ​ដដែល បុរស​រូបនេះ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​ ៣០ ខែមករា ឆ្នាំ​ ២០១៩ ដោយបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​ ១០ ​ឆ្នាំ​៕