កំពង់ស្ពឺៈ ​ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន កំពុង​អង្កេត​អំពី​សាវតារ​ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ក្រោយពី​ជនល្មើស​បាន​គំរាម​សម្លាប់ នៅពេល​រូបលោក​បាន​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​បង្ក្រាប​ឈើ​ខុសច្បាប់​នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់​។

លោក ជា ហ៊ាន ប្រធាន​អង្គការ ACNCIPO ថ្លែង​នៅ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា​ថា នៅ​ថ្ងៃទី​ ២៤ ខែវិច្ឆិកា លោក​បាន​ចុះ​សង្កេតមើល​ធនធាន​ធម្មជាតិ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ភូមិ​ពោធិ៍ ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់​បាន​ប្រទះឃើញ​គំនរ​ឈើ​ជាង ៥០ ​កំណាត់ ស្មើ​ប្រមាណ​ជិត​ ២ ​ម៉ែត្រគុប​។ លោក​បាន​សុំ​អន្តរាគមន៍​ពី​មន្ត្រី​ឧទ្យានុរក្ស ដើម្បី​បង្ក្រាប និង​យក​ឈើ​នោះ​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន​អូរត្រាវ​។ គំនរ​ឈើ​នោះ​ជន​ប្រព្រឹត្ត​បទល្មើស​អារ​ពី​ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចម្ងាយ​ប្រមាណ​ជិត​ ១០ ​គីឡូម៉ែត្រ​យកមក​ទម្លាក់​ទុក ក្នុង​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ សម្រាប់​ត្រៀម​យកទៅ​លក់​នៅតាម​បណ្តា​ដេប៉ូ​ឈើ​។

សមត្ថកិច្ច​បាន​ជួល​គោយន្ត​អ្នកស្រុក​ ដើម្បី​ដឹកជញ្ជូន​ឈើ​មក​ទុក​នៅ​ស្នាក់ការ​។ ប៉ុន្តែ​ក្រោយ​លើក​ឈើ​ដាក់​គោយន្ត​ត្រូវ​ជនល្មើស​បាន​យក​សាំង​ចំនួន​ ៥ ​លីត្រ​មកចាក់​ពីលើ​ឈើ និង​គោយន្ត បំណង​ដុតបំផ្លាញ​វត្ថុតាង​តែ​មិនបាន​សម្រេច​ក៏​គេចចេញ​ដោយ​បោះពាក្យ​ថា នឹង​សម្លាប់​អ្នក​រំខាន​កិច្ចការ​របស់​ពួកគេ​ចោល​។

លោក​ថ្លែងថា​៖ «​ករណីនេះ​ខ្ញុំ​កំពុងតែ​អង្កេត​អំពី​សាវតារ​ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ យើង​មិន​អាចឱ្យ​ជន​ប្រព្រឹត្ត​បទល្មើស ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ហើយ​បន្ត​ប្រព្រឹត្ត​អំពើហិង្សា​មក​លើ​សមត្ថកិច្ច​ក្នុង​ការអនុត្ត​ច្បាប់​បែបនេះ​នោះទេ​»​។

លោក ជា ហ៊ាន បញ្ជាក់​ថា សមត្ថកិច្ច​បរិស្ថាន​មិន​អាច​ចាប់​ ឬ​ឃាត់​ជនល្មើស​បាន ដោយសារ​ជនល្មើស​មាន​គ្នាច្រើន​រហូត​ជាង​ ១០ ​នាក់ ចំណែក​សមត្ថកិច្ច​បរិស្ថាន​មានតែ​ ២ ​នាក់​រួម​ជាមួយ​កម្លាំង​ខាង​អង្គការ​របស់លោក ២ ​នាក់​សរុប​តែ​ ៤ ​នាក់​ប៉ុណ្ណោះ​។

នៅ​ទីនោះ​កម្លាំង​អង្គការ​របស់​លោក​ធ្លាប់​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន ធ្លាប់ធ្វើ​ការបង្ក្រាប​ម្តង​រួច​មកហើយ​ ប៉ុន្តែ​ជនល្មើស​តែងតែ​ដាក់​បំផ្ទុះ​កង់ឡាន​ដោយ​បង្កប់​ដែកគោល​នៅតាម​ផ្លូវ នៅពេល​កម្លាំង​បរិស្ថាន ដឹកឈើ​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​។

លោក​ថ្លែងថា​៖ «​បើ​យើង​មិន​អនុវត្ត​ច្បាប់​ទៅលើ​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​ទេ វា​ធ្វើឱ្យ​បុគ្គល​ផ្សេងទៀត ធ្វើជា​គំរូ​អាក្រក់​។ នៅពេល​ធ្វើជា​គំរូ​អាក្រក់​អ៊ីចឹង យើង​ពិបាក​ក្នុង​ការអនុវត្ត​ច្បាប់​ណាស់ ចង់​មិន​ចង់ ជនល្មើស​នៅ​ទីនោះ​គាត់​មាន​កាំភ្លើង​កែច្នៃ​លាក់ទុក​ផង អ៊ីចឹង​យើង​ត្រូវតែ​អនុវត្ត​ច្បាប់​»​។ លោក ជា ហ៊ាន ថា លោក​នឹង​បន្ត​ចុះ​ប្រតិបត្តិការ​អង្កេត និង​សហការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​បន្តទៀត​បើទោះបី​មាន​ការរារាំង និង​ប៉ុនប៉ង​ណាមួយ​ពី​ជនល្មើស​ក្នុង​ការប្រព្រឹត្ត​បទឧក្រិដ្ឋកម្ម​ព្រៃឈើ​ក៏ដោយ​។

លោក ឈឹម សាម៉ុន ប្រធាន​ស្នាក់ការ​បរិស្ថាន​អូរត្រាវ ថ្លែង​នៅ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា​ថា ឈើ​ទាំងអស់​បាន​ដឹកយក​ទៅដល់​ស្នាក់ការ​បរិស្ថាន​អស់ហើយ​។ ប៉ុន្តែ​នៅ​មិនទាន់​បាន​វាស់វែង​ឱ្យដឹង​ប្រាកដថា មាន​ប៉ុន្មាន​ម៉ែត្រគុប​នៅឡើយ​ទេ​។ លោក​ថា ពេល​អនុវត្ត​ច្បាប់​ជួប​រឿង​បែបនេះ​គឺជា​ការលំបាក​មួយ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ មន្ត្រី​ឧទ្យានុរក្ស មិន​រារែក​ក្នុង​ការចុះ​ល្បាត បង្ក្រាប និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​ឡើយ​។ លោក​ថ្លែងថា៖ «​ពិបាក​ដែរ​យើង​ប្រឈមមុខ​ជាមួយ​ពួកគាត់​ជួនកាល​យប់ ជួនកាល​ថ្ងៃ​ធម្មតា​យើង​នៅ​ផ្លូវ​ភ្លឺ ជនល្មើស​នៅ​ផ្លូវ​ងងឹត ប៉ុន្តែ​ធ្វើ​ម៉េច​យើង​នៅតែ​អនុវត្ត​កិច្ចការងារ​របស់​យើង​ជា​បន្តបន្ទាប់​រហូត​»​។

ដោយឡែក​នៅ​ខេត្តព្រះវិហារ លោក វង្ស វិស្សិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ត្បែងមានជ័យ ថ្លែង​នៅ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា​ថា កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ សហការ​ជាមួយ​នគរបាល​ស្រុក​ត្បែងមានជ័យ កាលពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា បាន​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម កែច្នៃ​ឈើ​ខុសច្បាប់ ១ ​កន្លែង នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ រឹបអូស​សម្ភារ​មានដូចជា​ឈើ​មួយចំនួន​ធំ ម៉ាស៊ីនភ្លើង តាប​ឈូស ម៉ាស៊ីន​វៀល និង​សម្ភារ​ផ្សេងៗ​មួយចំនួនធំ ដឹក​យកមក​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ត្បែងមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ បញ្ជាក់ថា សិប្បកម្ម​នេះ​បាន​ធ្វើ​សកម្មភាព​កែច្នៃ​ឈើ​លេខ​ ១ ប្រភេទ​ឈើសុក្រម ផ្ចឹក ត្រាច និង​ឈើ​ពពេល ជាច្រើន​ឆ្នាំ កន្លងមកហើយ​។ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ត្បែងមានជ័យ​បាន​ចុះ​អប់រំ​ធ្វើ កិច្ចសន្យា​ឱ្យ​បញ្ឈប់ ព្រោះ​សិប្បកម្ម​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​។

លោក​ថ្លែងថា​៖ «​យើង​ណែនាំ​ច្រើនដង​ហើយ​គាត់​មិន​ស្តាប់​ទើប​យើង​អនុវត្ត​ច្បាប់ ហើយ​ម្យ៉ាង​កន្លែង​គាត់​នៅ​តំបន់​ធនធាន​ធម្មជាតិ ដែល​គេ​ហាមឃាត់​មិនឱ្យ​មាន​សិប្បកម្ម​នៅ​តំបន់​ហ្នឹង​។ វត្ថុតាង និង​អត្តសញ្ញាណ​ម្ចាស់​សិប្បកម្ម​នោះ​យើង​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​សប្តាហ៍​ក្រោយ​»៕