បន្ទាយមានជ័យៈ កម្ពុជា​បាន​ស្នើ​ថៃ អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចេញ​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ក្នុង​ ១ ថ្ងៃ​ត្រឹម ៣០០០​នាក់ គឺ​ទៅព្រឹក​វិល​ល្ងាច ខណៈ​ពលករ​ដែល​មាន​បណ្ណ​ឆ្លង​ព្រំដែន ត្រូវ​អនុញ្ញាត​រយៈពេល ៣​ខែ សម្រាប់​ធ្វើ​កសិកម្ម​តាម​បន្ទាត់​ព្រំដែន។

ការស្នើនេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​រវាង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបាត់ដំបង លោក សុខ លូ និង​អភិបាលខេត្ត​ស្រះកែវ ប្រទេស​ថៃ លោក បរិនបញ្ញា ភោធិសាធ កាល​ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា។

កិច្ច​ប្រជុំ​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​អន្តរជាតិ​ក្លងលឹក ស្រុក​អារ័ញ្ញ ខេត្ត​ស្រះកែវ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សម្ព័ន្ធ​មេត្រីភាព។

យោងតាមហ្វេសប៊ុក​ ក្រសួង​មហាផ្ទៃ នៅថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា បាន​ឱ្យ​ដឹង​ថា ភាគី​ទាំង ២ បាន​ពិភាក្សា​គ្នា​ដើម្បី​ឈាន​ដល់​ការ​បើក​ច្រក​ជាប់ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​រួមមាន ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ច្រក​ម៉ាឡៃ ច្រក​បឹងត្រកួន រីឯ​ខេត្ត​បាត់ដំបង​នឹង​គ្រោង​បើក​ច្រកទ្វារ​អន្តរជាតិ​គីឡូ​១៣ ស្រុក​សំពៅលូន ឈម​ភាគី​ច្រក​ខៅឌិន ស្រុក​ក្លងហាត ខេត្ត​ស្រះកែវ​ផងដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា៖ «នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ភាគី​កម្ពុជា​បាន​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​ធ្វើ​ការ​ព្រឹក​វិល​ល្ងាច ១​ថ្ងៃ​ត្រឹម ៣០០០​នាក់ ពោល​ចេញ​ចូល​ម៉ោង​ ៦ ព្រឹក ដល់​ម៉ោង ១០​យប់។ អ្នក​អូស​រទេះ ១ថ្ងៃ អនុញ្ញាត​ត្រឹម​ ៣០០ រទះ ក្នុង ១​រទេះ តែ ១ជើង តែ​ត្រូវ​អនុវត្តតាម​ការ​ណែនាំ​របស់ ក្រសួង​សុខាភិបាល​ជានិច្ច។ សម្រាប់​ពលករ​ដែល​មាន​បណ្ណ​ឆ្លង​ព្រំដែន​ត្រូវ​អនុញ្ញាត​រយៈពេល ៣​ខែ សម្រាប់​ធ្វើកសិកម្ម​តាម​បន្ទាត់​ព្រំដែន»។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា ភាគី​ថៃ បាន​ទទួល​យក​សំណើ​របស់​ភាគី​កម្ពុជា​ដើម្បី​ស្នើ​សុំ​បន្ត​ទៅ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ថៃ ដើម្បី​សម្រេច​ពេលក្រោយ ហើយ​កម្ពុជា​នឹង​ស្នើ​សុំ​គោលការណ៍​ឯកភាព​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផងដែរ៕

វីដេអូ៖