សៀមរាបៈ អាជ្ញាធរជាតិ​អប្សរា​នឹង​រៀបចំ​ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ទី​១៦ ខែ​ធ្នូ ឆ្នាំ ២០២១ ដែល​មាន​កម្មវិធី​សាសនា ស្ដង់​ពិព័រណ៍ និង​ការ​សម្ដែង​សិល្បៈ​ផ្សេងៗ​ផងដែរ។

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ឯកឧត្តម​អគ្គនាយក ឯកឧត្តម​អគ្គនាយករង ប្រធាន​នាយកដ្ឋាន មន្រ្តី និង​អ្នកជំនាញ​តាម​ផ្នែក នៅព្រឹកថ្ងៃ​ទី២៦ ខែវិច្ឆិកា បាន​ចុះ​ពិនិត្យ​ទីតាំង​មួយ​ចំនួន ដើម្បី​ត្រៀម​រៀប​ចំ​ព្រឹត្តិការណ៍ «រំឭក​គុណអង្គរ» ដែល​គ្រោង​នឹង​រៀបចំ​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

ក្នុង​ឱកាស​នោះ​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរជាតិ​អប្សរា បាន​ចុះ​មើល​ទីតាំង​សំខាន់ៗ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ខាង​លើ រួម​មាន នៅ​មុខ​ប្រាសាទ​អង្គរវត្ត បរិវេណ​ខាង​មុខ​ប្រាសាទ​ភ្នំ​បាខែង និង​ព្រះលាន​ជល់ដំរី។

លោក​បាន​ថ្លែង​ថា ៖«ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ នឹង​រៀបចំ​ប្រារព្ធ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ទី​១៦ ខែ​ធ្នូ ឆ្នាំ ២០២១ ដែល​មាន​កម្មវិធី​សាសនា ស្ដង់ពិព័រណ៍ និង​ការ​សម្ដែង​សិល្បៈ​នៅ​ពេល​រាត្រី»៕