កំពង់ធំៈ អភិបាល​ខេត្ត​កំពង់ធំ ណែនាំ​ដល់​មន្ទីរ​ជំនាញ​ត្រូវ​រៀបចំ​ផែនការ​មេ​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​ទឹក និង​ទទួល​ខុស​ត្រូវ សិក្សា​ស្វែងយល់​ការងារ​រដ្ឋបាល និង​ការងារ​បច្ចេកទេស​ផ្នែក​កសិកម្ម​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ថ្ងៃ​ក្រោយ​ការ​គ្រប់គ្រង​ធនធាន​ទឹក​មាន​ភាព​សុខដុមរមនីយកម្ម ជាមួយ​នឹង​ការងារ​កសិកម្ម​ដំណាំ​ស្រូវ។

ថ្លែង​ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ជាមួយ​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម និង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា លោក ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ លើក​ឡើង​ថា ខេត្ត​កំពង់ធំ​ ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម​ជា​ធំ ហេតុនេះ ថ្នាក់​ដឹក​នាំ​មន្ទីរ​ក៏ដូចជា​ មន្ត្រី​ដែល​ទទួល​ខុសត្រូវ​ក្នុង​អង្គភាព​ចាប់​ពី​ថ្នាក់​ដឹកនាំ​ការិយាល័យ​ឡើង​ទៅ​ត្រូវ​សិក្សា​ស្វែងយល់​អំពី​កិច្ចការ​ទូទៅ​ក្នុង​វិស័យ​ការងារ​រដ្ឋបាល និង​ការងារ​បច្ចេកទេស​ផ្នែក​កសិកម្ម​ឱ្យ​បាន​ល្អ​ដើម្បី​ឱ្យ​ទិន្នផល​ស៊ីគ្នា​ជាមួយ​ផែនការ​មេ​ទៅ​តាម​តំបន់។

លោកថ្លែងថា ៖«ជាពិសេស តំបន់​នៃ​ការ​ធ្វើ​ស្រែ​ប្រាំង​សក្ដានុពល​នៃ​ការ​ប្រើប្រាស់​ទឹក និង​ទិន្នផល​ដែល​កសិករ​ប្រមូល​បាន ដើម្បី​យើង​ស្វែងយល់​ឱ្យ​បន្ស៊ី​ទៅ​នឹង​ផែនការ​មេ រយៈពេល​ខ្លី រយៈពេល​មធ្យម និង​រយៈពេល​វែង​របស់​យើង»៕