ភ្នំពេញៈ ថ្នាក់​ដឹកនាំ​បណ្តា​ប្រទេស​អាស៊ី និង​អឺរ៉ុប ប្តេជ្ញា​ការពារ​សន្តិភាព សន្តិសុខ លុប​បំបាត់​ភាព​ក្រីក្រ ដោះស្រាយ​បម្រែ​បម្រួល​អាកាសធាតុ និង​ការពារ​សិទ្ធិ​មនុស្ស ដោយ​ផ្អែក​លើ​ការ​គោរព​ច្បាប់​អន្តរជាតិ។

ការ​ប្តេជ្ញា​ចិត្ត​បែបនេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​កំពូល​ អាស៊ី-អឺរ៉ុប លើក​ទី​១៣ (ASEM13) កាល​ពី​ថ្ងៃ​ទី ២៥ និង​ថ្ងៃទី ២៦ ខែ វិច្ឆិកា តាម​រយៈ​ប្រព័ន្ធ​វីដេអូ ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​បញ្ជាក់​ កាល​ពី​ថ្ងៃទី ២៦ ខែ​វិច្ឆិកា ថា៖ «ថ្នាក់ដឹកនាំ ASEM ប្តេជ្ញា​ចិត្ត​ធ្វើ​ការ​រួមគ្នា​ដើម្បី​សន្តិភាព និង​សន្តិសុខ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន ដោយ​ផ្អែក​លើ​ការ​គោរព​ច្បាប់​អន្តរជាតិ ក្នុង​នោះ​រួមទាំង​ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​មនុស្ស អនុលោមតាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង សេចក្តី​ប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិមនុស្ស»។

ថ្នាក់ដឹកនាំ ASEM ក៏​បាន​ប្តេជ្ញា​ចិត្ត​អនុវត្ត​របៀបវារៈ​ឆ្នាំ​២០៣០ ស្តីពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​របៀប​វារៈ​សកម្មភាព Addis Ababa ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ បញ្ចប់​ភាព​អត់ឃ្លាន កាត់​បន្ថយ​វិសមភាព និង​កសាង​អនាគត​មួយ​ប្រកប​ដោយ​បរិយាប័ន្ន និង​និរន្តរភាព សំដៅ​ធានា​ឱ្យ​បាន​ថា មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​ឡើយ។

លើសពីនេះ ថ្នាក់ដឹកនាំ ASEM ក៏​បាន​បញ្ជាក់​ពី​ការ​តាំង​ចិត្ត និង​ឆន្ទៈ ស្រប​តាម​លទ្ធផល​សន្និសីទ​កំពូល​លើក​ទី ២៦ ក្រោម​អនុសញ្ញាក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP26) ដែល​បាន​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈមសកល​ដែល​កំពុង​បន្ត​កើន​ឡើង​ពាក់ព័ន្ធ​នឹង​បម្រែបម្រួល​អាកាសធាតុ ព្រឹត្តិការណ៍​ធាតុ​អាកាស​ធ្ងន់ធ្ងរ ការ​បាត់បង់​ជីវចម្រុះ និង​ការ​បំពុល។

ថ្នាក់ដឹកនាំ ASEM ព្រម​ទាំង​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន និង​បច្ចេក​វិទ្យា ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្លាស់ប្តូរ និង​បាន​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​សម្រាប់​គោល​បំណង​នេះ៕