​ភ្នំពេញៈ នាយកដ្ឋាន​វិទ្យុទាក់ទង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា បានប្រកាស​សម្រេច​ឱ្យ​សាធារណជន​អាច​ហៅ​ទូរស័ព្ទ​ទៅ​លេខ «១១៧»​ដោយ​ឥតគិតថ្លៃ ដើម្បី​ផ្តល់ព័ត៌មាន​ពិត​ជូន​នគរបាល​ដូចជា បទល្មើស​ព្រហ្មទណ្ឌ គ្រោះថ្នាក់​ចរាចរណ៍ អគ្គិភ័យ ឬ​ភាព​អសកម្ម​របស់​នគរបាល​ជាតិ​តាម​មូលដ្ឋាន​។

​លោក​ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង ថ្លែង​នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា​ថា ការសម្រេច​កែសម្រួលរ​បៀ​ប​អនុវត្ត​ការងារ​ក្នុង​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នេះ ដើម្បីឱ្យ​សាធារណជន​អាច​ហៅ​ទូរស័ព្ទ​ទៅ​លេខ «១១៧» ផ្តល់ព័ត៌មាន​ពិត​ជូន​នគរបាល​ពាក់ព័ន្ធ បទល្មើស​ព្រហ្មទណ្ឌ គ្រោះថ្នាក់​ចរាចរណ៍ អគ្គិភ័យ ឬ​ភាព​អសកម្ម​ផ្សេងៗ​របស់​នគរបាលជាតិ​តាម​មូលដ្ឋាន​ជាដើម​។

​លោក​ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង បញ្ជាក់ថា​៖ «​លេខ ១១៧ ហៅចូល​ដោយ​ឥត​បង់ប្រាក់ និង​រង់ចាំ​ទទួល​ព័ត៌មាន​ពិត​ពី​ជនរួមជាតិ​កម្ពុជា ២៤ ​ម៉ោង​លើ ​២៤​ ម៉ោង ទូទាំងប្រទេស និង​ដោះស្រាយ​ជូន​ឱ្យអស់​លទ្ធភាព​»​។​

​លោក​ ឈឿន ប៊ុន​ឆន សង្ឃឹមទុក​ថា ជនរួមជាតិ​នឹង​ផ្តល់​ទំនុកចិត្ត​លើ​លេខ ១១៧ តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ពិត​មកដល់​សមត្ថកិច្ច​នគរបាល​។ យ៉ាងណា​លោក​ថា ជាការ​កត់សម្គាល់ ក្រោយ​សេចក្តីប្រកាស​ឃើញ​មាន​ពលរដ្ឋ​ផ្តល់​ទំនុកចិត្ត​ទូរស័ព្ទ​ចូល​រហូត​ម៉ោង​អធ្រាត្រ​។

​លោក​ថ្លែងថា​៖ «​យើងខ្ញុំ​កំពុង​សាកល្បង​ប្រព័ន្ធ​ថ្មី និង​ការអនុវត្តន៍​របៀប​ថ្មី ដូចនេះ​យើងខ្ញុំ​ក៏​រង់ចាំ​ការរិះគន់​កែលម្អ​ក្នុងន័យ​ស្ថាបនា​ពី​ជនរួមជាតិ​ផងដែរ​ពាក់ព័ន្ធ​លេខ ១១៧ នេះ​។ ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ថា​លេខ ១១៧ រង់ចាំ​ទទួល​ព័ត៌មាន​ពិត​ពី​ជនរួមជាតិ​កម្ពុជា ២៤​ ម៉ោង​លើ ​២៤ ​ម៉ោង ទូទាំងប្រទេស និង​ដោះស្រាយ​ជូន​ឱ្យអស់​លទ្ធភាព​»៕