សៀមរាបៈ រដ្ឋបាល​ស្រុក​បន្ទាយស្រី​នៃ​ខេត្តសៀមរាប​នឹង​ពង្រីក​សេវា​ប្រមូល​សំរាម​នៅតាម​ផ្ទះ​ទៅដល់​គ្រប់​ភូមិ​ទាំងអស់​នៅក្នុង​ស្រុក​ទាំងមូល ចាប់ពី​ខែមករា ឆ្នាំ​ ២០២២ ដើម្បី​ធានា​ឱ្យបាន​នូវ​ភាព​ស្អាត​នៅក្នុង​គ្រប់​ទីកន្លែង​នៅក្នុង​ស្រុក​។​

​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​កាលពី​ថ្ងៃទី​ ២៦ ខែវិច្ឆិកា​ថា​៖ «​សេវា​ប្រមូល​សំរាម​នៅតាម​ផ្ទះ​នឹង​ត្រូវបាន​ពង្រីក​ទៅដល់​គ្រប់​ភូមិ​ទាំងអស់​នៅក្នុង​ស្រុក​បន្ទាយស្រី​ទាំងមូល ចាប់ពី​ខែមករា​ឆ្នាំ​​ ២០២២ ​នេះ​តទៅ​»​។

​លោក​បញ្ជាក់ថា ក្រោយពី​បាន​សិក្សា​យ៉ាង​ហ្មត់ចត់​ពី​ស្ថានភាព​ជាក់ស្តែង​នៅតាម​មូលដ្ឋាន​នៃ​ភូមិ​នីមួយៗ នៅក្នុង​ស្រុក​នេះ និង​បន្ទាប់ពី​ភាពជោគជ័យ​នៃ​គម្រោង​សហគមន៍​ស្វ័យគ្រប់គ្រង​នៅក្នុង​ភូមិ​ព្រះ​ដាក់​របស់​ស្រុក​មួយ​នេះ រដ្ឋបាល​ស្រុក​បន្ទាយស្រី​បានសម្រេច​ពង្រីក​វិសាលភាព​នៃ​ការប្រមូល​សំរាម​នៅតាម​ខ្នង​ផ្ទះ​ឱ្យបាន​ទៅដល់​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ស្រុក​នេះ ដោយ​រៀបចំ​ជា​ប្រព័ន្ធ​ចម្រុះ រវាង​សេវា​ពី​ក្រុមហ៊ុន​ឯកជន​ផង និង​សេវា​របស់​សហគមន៍​ផង​។

​លោក​អភិបាលស្រុក​រូបនេះ​បញ្ជាក់ថា​៖ «​ការបោះ​ជំហាន​ថ្មី​តាម​ទម្រង់​បែប​ផ្តល់​សេវា​កម្មនេះ គឺ​ដើម្បី​ធានា​ឱ្យបាន​នូវ​ភាព​ស្អាត​នៅក្នុង​គ្រប់​ទីកន្លែង​នៅក្នុង​ស្រុក ស័ក្តិ​សមជា​ភូមិដ្ឋាន​ទេសចរណ៍ និង​ដើម្បី​ធ្វើឱ្យមាន​និរន្តរភាព​នៃ​ការងារ​គ្រប់គ្រង​សំរាម និង​កាកសំណល់​រឹង​តាម​លក្ខណៈ​ជា​ប្រព័ន្ធ​»​។

​លោក ឃឹម ហ្វី​ណង់ បន្តថា​រដ្ឋបាល​ស្រុក​របស់លោក​រក្សា​ទុកទ​ម្រ​ង់​សហគមន៍​ស្វ័យគ្រប់គ្រង​នៅក្នុង​ភូមិ​ព្រះ​ដាក់​ដដែល តែ​តម្រូវឱ្យ​សហគមន៍​ចូលរួមចំណែក​វិភាគទាន​ថវិកា​តិចតួច​ដើម្បីឱ្យ​ក្រុមហ៊ុន​ឯកជន​អាច​ដឹក​បន្ត​យកទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម ហើយ​រដ្ឋបាល​ស្រុក​ក៏​លើក​ចិត្ត និង​ផ្តល់​ជម្រើស​ដល់​ភូមិ​ដទៃទៀត ឱ្យមាន​លទ្ធភាព​អាចបង្កើត​សេវា​តាមបែប​សហគមន៍​ស្វ័យគ្រប់គ្រង​ផងដែរ​។

​លោក​សរសេរថា កន្លែង​រក្សាទុក​សំរាម​បណ្តោះអាសន្ន​នៅតាម​ភូមិ និង​កម្មវិធី​សម្អាត​បរិស្ថាន​ប្រចាំខែ​នៅ​គ្រប់​ភូមិ ក៏​ត្រូវបាន​រក្សាទុក​ដ​ដែល​ដែរ ដរាបណា​ភាព​ស្អាត​មិនទាន់​សម្រេចបាន​ទាំងស្រុង​នៅឡើយ​។​

​លោក ឃឹម ហ្វី​ណង់ សរសេរថា​៖ «​បន្ទាយស្រី​ស្អាត​មិនមែន​ដោយសារ​មាន​អ្នក​ពូកែ​រើស​សំរាម​នោះទេ​! តែ​ភាព​ស្អាត​វា​ចេញពី​ការចូលរួមរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ចេញពី​ទម្លាប់​រស់នៅ​ស្អាត​របស់​សហគមន៍ និង​ចេញពី​ប្រព័ន្ធគ្រប់គ្រង​មួយ​ដែលមាន​ប្រសិទ្ធភាព មាន​ភាពសមហេតុ​ផល និង​មានការ​ជឿជាក់​ពី​សំណាក់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ផ្ទាល់ នោះ​ទើប​ភាព​ស្អាត​នេះ​អាច​ត្រូវបាន​ថែរក្សា​យូរអង្វែង និង​មាន​និរន្តរភាព​ទៅបាន​»៕