បាត់ដំបងៈ កម្លាំង​សមត្ថកិច្ច​ខេត្តបាត់ដំបង​ដុតបំផ្លាញ​ចោល​សាច់​មង​ប្រវែង​ ៣ ០០០​ ម៉ែត្រ និង​បង្គោល​ចំនួន​ ៣៥០​ ដើម បន្ទាប់ពី​រឹបអូស​បាន​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​បទ​ល្មើស​នេសាទ​ខុសច្បាប់ នៅ​ស្រុក​ឯក​ភ្នំ ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់​បន្តទៀត​។​

​យោងតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃទី​ ២៧ ខែវិច្ឆិកានេះ បានឱ្យដឹងថា កាលពី​ថ្ងៃទី​ ២៦ ខែវិច្ឆិកា កម្លាំង​សមត្ថកិច្ច​ជាង ​៤០​ នាក់ ដោយ​ប្រើប្រាស់​កាណូត​ស្មាច់​ចំនួន​ ១២ ​គ្រឿង​បាន​ចុះបង្ក្រាប​បទល្មើស​ទាំងនេះ​នៅ​ចំណុច​អតីត​ឡូ​តិ៍​លេខ​ ២ ភូមិ​កំំ​ពង់​ប្រហុក ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​។​

​គេហទំព័រ​ដដែល​បញ្ជា​ក់ថា​៖ «​លទ្ធផល​បង្ក្រាប​បានរួម​មាន សាច់​មង​ប្រវែង​ ៣ ០០០​ ម៉ែត្រ​បង្គោល​ចំនួន​ ៣៥០ ​ដើម ឡុ​ក​ចាប់​ត្រី​ចំនួន​ ៧​ ឡុ​ក លែង​ត្រី​ចម្រុះ​ចំនួន ១០ ​គីឡូក្រាម សម្ភារ​ខាងលើ​ដុតចោល​នៅនឹងកន្លែង ដើម្បី​ហាម​មិន​ឱ្យមាន​បទល្មើស​នេសាទ​ខុសច្បាប់​បន្តទៀត​»៕​