ភ្នំពេញៈ ក្រសួងសុខាភិបាល​ក្រើនរំឭក​ជាថ្មី​ចំពោះ​ការការពារ​វីរុស​កូ​វីដ ​១៩ បន្ទាប់ពី អ្នកបច្ចេកទេស​អង្គការ​សុខភាព​ពិភពលោក​ (WHO)​ បាន​រកឃើញ​និង​វាយតម្លៃ​វីរុស​កូ​វីដ ​១៩ វ៉ា​រ្យ៉​ង់ ថ្មី B.1.1.529 និង​បានកំណត់​ឈ្មោះ​វីរុស​នេះ​ហៅថា អូ​មី​ក្រុង (Omicron) ។

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា​នេះ​បានឱ្យដឹងថា ក្នុងពេល​ថ្មីៗ​នេះ មានការ​លេចចេញ​នូវ​វីរុស​កូ​វីដ​ ១៩ បំប្លែង​ថ្មី B.1.1.529 ដែល​អង្គការ​សុខភាព​ពិភពលោក បាន​រាយការណ៍​ពី​ការរកឃើញ​វីរុស​បំប្លែង​ថ្មី​នេះ នៅ​បណ្តា​ប្រទេសមួយ​ចំនួន​លើ​សកលលោក​។ អ្នកបច្ចេកទេស​អង្គការ​សុខភាព​ពិភពលោក បាន​សម្តែង​ការព្រួយបារម្ភ​ពី​លទ្ធភាព​នៃ​ការចម្លង​រហ័ស​របស់​វ៉ា​រ្យ៉​ង់ B.1.1.529 នេះ​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងសុខាភិបាល​បានឱ្យដឹង​ទៀតថា កិច្ចប្រជុំ​របស់​ក្រុម​បឹ​ក្សាប​ច្ចេកទេស​របស់​អង្គការ​សុខា​ភាព​ពិភពលោក នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា ស្តីពី​ការវិវឌ្ឍ​នៃ​មេរោគ SARS-CoV2 (TAG-VE) បាន​វាយតម្លៃ​វ៉ា​រ្យ៉​ង់ SARS-CoV2 ថ្មី B.1.1.529 និង​បានកំណត់​ឈ្មោះ​វីរុស​នេះ​ហៅថា អូ​មី​ក្រុង (Omicron) ។

​ដើម្បី​ការពារ និង​ទប់ស្កាត់បាន​ទាន់ពេលវេលា​នូវ​ការចម្លង​វីរុស​ប្រភេទ​ថ្មី​នេះ និង​ដើម្បី​បន្ត​និរន្តរភាព​នៃ​ការ​រស់នៅក្នុង​ប្រក្រតីភាព​ថ្មី ក្នុងសង្គម​កម្ពុជា លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានធ្វើការ​អំពាវនាវ និង​ក្រើនរំឭក ពលរដ្ឋ​សាជាថ្មី​អំពី​វិធី​ការពារ​ដែល​ក្រសួង​ធ្លាប់ធ្វើ​ការណែនាំ​ក្នុងពេល​កន្លងមក​។​

​ក្នុងនោះ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានស្នើ​សុំឱ្យ​ពលរដ្ឋ​ទាំងអស់​បន្ត​អនុវត្ត​វិធានការ «៣​ ការពារ និង ៣ ​កុំ​» ឱ្យបាន​ហ្មត់ចត់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​កូ​វីដ​ ១៩ រួមទាំង​អនុវត្ត​វិធានការ​សុខភាព​សាធារណៈ និង​សង្គម​ចាំបាច់​នានា​ដូចជា ការពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ លាង​សម្អាត​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ១,៥ ​ម៉ែត្រ​ឡើង​។

​ជាមួយគ្នា​នោះ ត្រូវ​កែលម្អ​ខ្យល់​ចេញចូល​នៃ​ទីធ្លា​ក្នុងផ្ទះ ឬ​កន្លែង​ការងារ ក៏ដូចជា​ទីតាំង​ប្រកប​របរ​រក​ទទួលទាន​ផ្សេងៗ ចៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ទទួល​ចាក់​ថ្នាំ​បង្ការ​កូ​វីដ ​១៩ ឱ្យបាន​គ្រប់​ដូ​ស​មូលដ្ឋាន​ទាំងអស់គ្នា​។

​លោក ​ម៉ម ប៊ុនហេង បញ្ជាក់ថា​៖«​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ឬ​គ្រូពេទ្យ​ដែល​នៅ​ជិត​លោកអ្នក អំពី​ករណី​សង្ស័យ​ណាមួយ​ដែល​ពាក់ព័ន្ធ ទៅនឹង​ភាពខុសប្លែក​ធម្មតា នៃ​រោគសញ្ញា ឬ​ជំងឺ និង​ត្រូវ​នៅ​ដាច់ដោយឡែក ដើម្បី​កុំឱ្យ​មានការ​ចម្លង​បន្ត ទៅ​អ្នក​ដែល​នៅ​ជិត​ខ្លួន ឬ​ក្រុមគ្រួសារ​ខ្លួន​ក្នុងអំឡុងពេល​រង់ចាំ​ការវិភាគ​ដើម្បី​រក​វីរុស​កូ​វីដ ១៩ ​ថ្មី​នេះ​»​។

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា ត្រូវ​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ ​ឱ្យបាន​គ្រប់គ្នា ជាពិសេស​ជន​ដែល​ងាយ​រងគ្រោះ និង​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត ដោយ​បុគ្គល​ម្នាក់ៗ​ត្រូវ​ទទួលខុសត្រូវ​លើ​ការការពារ​ខ្លួន​ព្រមទាំង​គ្រួសារ និង​សហគមន៍​ត្រូវ​លើកកម្ពស់ ការចូលរួម​តាមដាន និង​អនុវត្ត​វិធានការ​ការពារ និង​ស្វែងរក​ការព្យាបាល​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​កូ​វីដ​១៩ ជាដើម​៕​