ត្បូងឃ្មុំៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​អគារ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​តេ​ជោ​សែន តំបែរ​» ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​មន្ទីរពេទ្យបង្អែក​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​នេះ​នៅ​ថ្ងៃទី​ ​២៧ ខែវិច្ឆិកា លោក​បាន​ជំរុញ​ដល់​មន្ត្រី​សុខាភិបាល​នៃ​មន្ទីរពេទ្យបង្អែក​តំបែរ​ឱ្យ​យកចិត្តទុកដាក់​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទូលំទូលាយ ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ដោយ​មិន​ប្រកាន់​វណ្ណ​: និន្នាការ ជាតិ​សាសន៍ បក្ខពួក​ឡើយ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក វេ​ង សាខុន នៅ​ថ្ងៃទី​ ២៧ ខែវិច្ឆិកា នេះ​។​

​លោក វេ​ង សាខុន ថ្លែងថា​៖ «​លោកគ្រូ អ្នក​គ្រូពេទ្យ​ត្រូវខិតខំ​សិក្សា ស្រាវជ្រាវ​បន្ថែម ដើម្បី​បង្កើន​សមត្ថភាព​លើ​ការងារ​បច្ចេកទេស ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព​ខ្ពស់​តាម​វិជ្ជាជីវ​:​។ គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ និង​លោកគ្រូ អ្នកគ្រូ​ពេទ្យ បុគ្គលិក កម្មករ ត្រូវ​រួមគ្នា​ថែរក្សា​អគារ​នេះ​ឱ្យបាន​គង់វង្ស​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​សម្រាប់​បម្រើ​សុខភាព​ជូន​បងប្អូន​ស្រុក​តំបែរ​តរៀង​ទៅ​»​។

​បើតាម​ហ្វេ​ស​ប៊ុ​ក​ដដែល អគារ​នេះ​មាន​ទំហំ ១ ៥៨៦​ ម៉ែត្រការ៉េ កម្ពស់​៣​ជាន់​ដោយ​គិត​ទាំង​ជាន់​ផ្ទាល់​ដី អាច​ទទួល​អ្នកជំងឺ​សម្រាក​ព្យាបាល​បាន​ចំនួន ៨០​ នាក់ និង​បាន​បំពាក់​កង្ហារ​ភ្ជាប់​ជញ្ជាំង​ចំនួន ២៦​គ្រឿង កង្ហារ​ភ្ជាប់​ពិ​ដាន​ចំនួន ៤២ ​គ្រឿង​។​

​អគារ​នេះ​ត្រូវបាន​រៀបចំ​នូវ​ប្រព័ន្ធ​ភ្លើង​សម្រាប់​តម្រូវការ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់ និង​ប្រើប្រាស់​សម្រាប់​ឧបករណ៍​បរិក្ខារ​ពេទ្យ​ធំៗ រៀបចំ​ពាស​សំណរ​ក្នុង​បន្ទប់​ថតកាំរស្មីអ៊ិច​ប្រមាណ ៣០​ ម៉ែត្រការ៉េ ចាក់​បេតុង និង​មាន​រៀបចំ​នូវ​សួនច្បារ​ជុំវិញ​អគារ និង​ផ្លូវ​បេតុង​ភ្លោះ​ត​ភ្ជាប់​ពី​ខ្លោងទ្វារ​មក​អគារ​ថ្មី​។

​បើតាម​ហ្វេ​ស​ប៊ុ​ក​ដដែល រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បាន​ឧបត្ថម្ភ​តុ​ការិយាល័យ​ចំនួន ១០ កៅអីអង្គុយ​ចំនួន ១០ ទូ​ដាក់​ឯកសារ​ចំនួន​៥ និង​កៅអី​ស្នួរ​សម្រាប់​អ្នកជំងឺ​អង្គុយ​រង់ចាំ​ចំនួន​ ៥ និង​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន ​២ ​​គ្រឿង​៕