ប៉ៃលិនៈ អាជ្ញាធរខេត្ត​ប៉ៃលិន​កំពុង​សាងសង់​ និង​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន​ ២ ​ខ្សែ ១​ ខ្សែ​ទី​១ ចាប់ពី​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​ ៥៧ ក្នុងភូមិ​ទំនប់ រហូតដល់​ចំណុច​ផ្សារ​ឃែ​រ ក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ និង​ ១​ ខ្សែ​ទៀត​ចាប់ពី​ផ្សារ​ឃែ​រ ក្នុងភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ រហូតដល់​ចំណុច​អូរ​សួស្តី ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​។

​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាលខេត្ត​ប៉ៃលិន​នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា​នេះ បានឱ្យដឹងថា លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ដល់​ការដ្ឋាន​សាងសង់ និង​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន ២ ​ខ្សែ​។​

​ក្នុងនោះ​មាន​ផ្លូវ ១​ ខ្សែ ចាប់ពី​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​ ៥៧ ក្នុងភូមិ​ទំនប់ រហូតដល់​ចំណុច​ផ្សារ​ឃែ​រ ក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ហើយ​ ១ ​ខ្សែ​ទៀត ចាប់ពី​ផ្សារ​ឃែ​រ ក្នុងភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ រហូតដល់​ចំណុច​អូរ​សួស្តី ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​រដ្ឋបាលខេត្ត​នេះ​បញ្ជាក់ថា​៖ «​ផ្លូវ​ទាំង​ ២ ​ខ្សែ​នេះ​មាន​ប្រវែង​សរុប​ ៥៤ ​គីឡូម៉ែត្រ ដែល​ខ្សែ​ទី​១ មាន​ប្រវែង​ ២៤​ គីឡូម៉ែត្រ ទទឹង​ប្រវែង​ ៨​ ម៉ែត្រ ខ្សែ​ទី​២ មាន​ប្រវែង​ ៣០ ​គីឡូម៉ែត្រ ទទឹង​ ៦ ​ម៉ែត្រ និង​មាន​ប្រព័ន្ធ​លូ​ជាច្រើន​កន្លែង​បន្ថែមទៀត ដើម្បី​កុំឱ្យ​មាន​បញ្ហា​ស្ទះ​ទឹក​លិច​ផ្លូវ ឬ​ផ្ទះ​ប្រជាពលរដ្ឋ ពេល​មាន​ករណី​ជំនន់​ទឹកភ្លៀង​ម្តងៗ​»៕​