​ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បំពាក់​ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ​បច្ចេកវិទ្យា​ទំនើប​មកពី​ប្រទេស​អ៊ីស្រាអែល ដែល​អាច​ផលិត​ទឹកបរិសុទ្ធ​ដោយ​ស្វ័យប្រវត្តិ​ពី​ខ្យល់​ក្នុង​បរិយាកាស ដោយ​មិនចាំបាច់​ត​ភ្ជាប់​ជាមួយ​ប្រភពទឹក​ទុយោ អាច​ផ្គត់ផ្គង់​ទឹក​ប្រកបដោយ​គុណភាព មាន​សុវត្ថិភាព​ខ្ពស់ និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ផ្សេងៗ​ថែម​ទៀតផង​។​

​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានអញ្ជើញ​ចុះ​ពិនិត្យ និង​សាកល្បង​ទទួលទាន​ទឹកបរិសុទ្ធ ដែល​ផលិត​ចេញពី​ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ ដោយ​បរិយាកាស​-WATERGEN (​ប្រភេទ GEN-M) ដែល​បាន​បំពាក់​នៅក្នុង​បរិវេណ​ទីស្តីការក្រសួង ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រីក្រោមឱវាទ​ក្រសួង នៅ​ទី​ស្តី ការ​ក្រសួង នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ​។

​លោក​ទេសរដ្ឋមន្ត្រី គ្រោង​នឹង​រៀបចំ​ឱ្យមាន​ការបំពាក់ ម៉ាស៊ីន WATERGEN ខ្នាតតូច (​ប្រភេទ GENNY) នៅ​គ្រប់​ជាន់​នៃ​អគារ​រដ្ឋបាល​របស់​ទីស្តីការក្រសួង​ដើម្បី​ផ្គត់ផ្គង់​ទឹកបរិសុទ្ធ​ប្រចាំថ្ងៃ​ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​និយោជិត ដែល​កំពុង​បំពេញ ការងារ​របស់ខ្លួន ក៏ដូចជា​សិស្ស​និស្សិត​របស់​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន ផងដែរ ដើម្បី​ចូលរួមចំណែក​ថែរក្សា​បរិស្ថាន សុខភាព អនាម័យ និង​ការ​សន្សំសំចៃ​។

​លោក​ទេសរដ្ឋមន្ត្រី​បញ្ជាក់ថា ៖«​ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ​នេះ​ជា​បច្ចេកវិទ្យា​ទំនើប​មកពី​ប្រទេស​អ៊ីស្រាអែល មាន​សមត្ថភាព​អាច​ផលិត ទឹកបរិសុទ្ធ​ដោយ​ស្វ័យប្រវត្តិ​ពី​ខ្យល់​ក្នុង​បរិយាកាស ដោយ​មិនចាំបាច់​ត​ភ្ជាប់​ជាមួយ​ប្រភពទឹក​ទុយោ និង​អាច​ផ្គត់ផ្គង់​ទឹក​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ខ្ពស់ និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ផ្សេងៗ​ថែម​ទៀតផង​»៕​