សៀមរាបៈ ខេត្តសៀមរាប​កំណត់​យក​ស្រុក​អង្គរជុំ​ជា​ស្រុក​គោលដៅ​ទី​១ ដែល​នឹង​បញ្ចប់​ការ​បន្ទោ​បង់​ពាសវាល​ពាសកាល​នៅ​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​ ២០២១ នេះ ខណៈ​ប្រជាពលរដ្ឋ​នៅមាន​ចំនួន​ ៧០​ខ្នង​ផ្ទះ​ទៀត ដែល​នៅ​បន្ទោ​បង់​ពាសវាល​ពាសកាល​។

​ហ្វេ​ស​ប៊ុ​កម​ន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​នៅ​ថ្ងៃទី​ ២៧ ខែវិច្ឆិកា នេះ បាន​ដកស្រង់​សំដី លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប ថា ការលើកកម្ពស់​អនាម័យ​នៅ​ជនបទ គឺជា​ផ្នែក​មួយ​ដែល​មិនអាច​ខ្វះ​បាន ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កម្រិតជីវភាព​រស់​នៅ​របស់​ប្រជាជន ហើយ​ការផ្គត់ផ្គង់​ទឹកស្អាត និង​ការលើកកម្ពស់​អនាម័យ​ជនបទ គឺជា​ផ្នែក​មួយ​សំខាន់​ដែល​រដ្ឋបាលខេត្ត​បាន​យកចិត្តទុកដាក់​ខ្ពស់​។​

​លោក​ថ្លែង​ដូច្នេះ​ក្នុង​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី​១២ នៅ​ស្រុក​អង្គរជុំ កាលពី​ថ្ងៃទី​ ២៦ ខែវិច្ឆិកា​។​

​លោក ង៉ាន់ ភិ​រុណ ថ្លែងថា​៖ «​ជា​ផែនការ​របស់​រដ្ឋបាល​ខេត្តសៀមរាប បានកំណត់​យក​ស្រុក​អង្គរជុំ ជា​ស្រុក​គោលដៅ​ទី​១ ដែល​ត្រូវ​ជំរុញ​សម្រេច​ឱ្យបាន​នូវ​ការបញ្ឈប់​ការ​បន្ទោ​បង់​ពាសវាល​ពាសកាល​ថ្នាក់ស្រុក នៅក្នុង​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ​»​។

​លោក​បន្តថា បច្ចុប្បន្ន​មាន​ឃុំ​ចំនួន​៤ ក្នុងចំណោម​ឃុំ​ទាំង​៧ របស់​ស្រុក​នេះ បានបញ្ចប់​ការ​បន្ទោ​បង់​ពាសវាល​ពាសកាល បើទោះបីជា​ឃុំ​ចំនួន​៣​ទៀត នៅ​មិនទាន់​បានបញ្ចប់​ការ​បន្ទោ​បង់​ពាសវាល​ពាសកាល​ក៏ពិតមែន ក៏​អត្រា​អនាម័យ​បាន​គ្របដណ្តប់​៩៩​ភាគរយ ពោល​នៅសល់តែ​ពលរដ្ឋ​ចំនួន​៧០​ខ្នង​ផ្ទះ​ប៉ុណ្ណោះ ដែល​ពួកគាត់​នៅ​បន្ទោ​បង់​ពាសវាល​ពាសកាល​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០២០ កន្លងទៅ ខេត្តសៀមរាប មាន​អត្រា​ផ្គត់ផ្គង់​ទឹកស្អាត​មាន​រហូតដល់​ទៅ​៧៥​ភាគរយ និង​អត្រា​គ្របដណ្តប់​អនាម័យ​មាន​ចំនួន​៧៩​ភាគរយ ហើយ​នៅក្នុង​ឆ្នាំ​២០២១​នេះ ខេត្តសៀមរាប មាន​ភូមិ​ដែល​បញ្ឈប់​ការ​បន្ទោ​បង់​ពាសវាល​ពាល​កាល​ចំនួន ​២៥៥ ​ភូមិ និង​ឃុំ​មាន​ចំនួន ​១៥ ​ឃុំ​៕​