ព្រះសីហនុៈ អាជ្ញាធរខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទំនប់​ប្រមូល​ទឹក​កខ្វក់​បញ្ចូល​អាង​ប្រព្រឹត្តិកម្ម​ទី​២ ស្ថិតនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ព្រមទាំង​ពិនិត្យ​ទីលាន​តេ​ជោ នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា​នេះ ដើម្បី​ត្រៀម​រៀបចំ​វេទិកា​សម្ពោធ​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៧​ខ្សែ និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី​១ និង​ទី​២​នៅ​ថ្ងៃ​ខាងមុខ​។

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​ដល់​មន្ត្រី​ជំនាញ​ត្រូវដាក់​បុគ្គលិក​ប្រចាំការ ដើម្បី​កាយ​យក​សំរាម​ចេញពី​មុខ​អាង ដើម្បីឱ្យ​ទឹក​ហូរ​ចូលក្នុង​អាង​ប្រព្រឹត្ត​កម្មបាន​លឿន និង​ដាំ​ដើម​កោង​កាង​នៅតាម​បណ្តោយ​អូរ ដើម្បី​ជួយ​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​លើកស្ទួយ​សោភ័ណភាព​បន្ថែម​មួយកម្រិត​ទៀត​។

​នៅ​ថ្ងៃ​ដដែល​នោះ អភិបាលខេត្ត​ព្រះសីហនុ​ក៏បាន​បន្ត​អញ្ជើញ​ទៅពិនិត្យ​ទីលាន​តេ​ជោ ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ផងដែរ ដើម្បី​ត្រៀម​រៀបចំ​វេទិកា​សម្ពោធ​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៧​ខ្សែ និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី​១ និង​ទី​២ ព្រមទាំង​បាន​ណែនាំ​ដល់​ក្រុមការងារ​បច្ចេកទេស​ត្រូវ​ព​ន្លឿ​ន​ការងារ​ដែល​នៅ​សេសសល់​ឱ្យបាន​ឆាប់ និង​សម្អាត​ទីលាន​ឱ្យបាន​ស្អាត​ស្របតាម​ផែនការ​ដែល​បានគ្រោង​ទុក​៕