ភ្នំពេញៈ នាយករដ្ឋមន្ត្រី​ឡាវ លោក ផន​ខាំ វី​ផា​វ៉ាន់ (Phankham Viphavanh ) នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ដើម្បី​បន្ត​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​២​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​ថា ក្នុងអំឡុងពេល​នៃ​ទស្សនកិច្ច​នេះ លោក ផន​ខាំ វី​ផា​វ៉ាន់ នឹង​ក្រាបថ្វាយបង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង​។

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា លោក​ក៏​នឹងមាន​ជំនួប​ជាមួយ​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​លោក ហេង សំរិន ប្រធានរដ្ឋសភា​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក ផន​ខាំ វី​ផា​វ៉ាន់ នឹងមាន​កិច្ចប្រជុំ​ពិភាក្សា​លើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមទាំង​ការស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ បញ្ហា​តំបន់ និង​អន្តរជាតិ​នានា ដែលជា​ចំណាប់អារម្មណ៍ និង​ក្តីបារម្ភ​រួម​។​

​លោក ផន​ខាំ វី​ផា​វ៉ាន់ នឹងដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ និង​នៅ​មណ្ឌប​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់ថា​៖ «​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ នៅ​កម្ពុជា​ក្នុងអំឡុង​ពេលដែល​កម្ពុ​ជា​កំពុងបើក​ប្រទេស​ឡើងវិញ នឹង​រួមចំណែក​ក្នុង​ការបន្ត​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរអង្វែង សាមគ្គី​ភាពជា​ភាតរភាព ភាពជា​អ្នកជិតខាង​ល្អ ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក​»៕