សៀមរាបៈ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី ថ្លែង​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​នេះ​ថា ភូមិ​ព្រះ​ដាក់​ស្អាត​មិនមែន​ដោយសារ​មាន​អ្នក​ពូកែ​រើស​សំរាម​នោះទេ តែ​មកពី​អ្នកភូមិ​ខ្លួនឯង​ចាប់ផ្តើម​មានការ​ផ្លាស់ប្តូ​រ​ឥរិយាបថ​ជា​វិជ្ជមាន​លើ​បញ្ហា​អនាម័យ ព្រមទាំង​បានបង្ហាញ​ភាពជា​គំរូ​នៅលើ​ការគ្រប់គ្រង​បរិស្ថាន​ក្នុងភូមិ​។

​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែវិច្ឆិកា​នេះ លោក​ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​ថ្លែង អបអរសាទរ​«​ភូមិ​ព្រះ​ដាក់​»​ដែល​ទទួលបាន​ប​ណ្ណស​រ​សើរ​«​មេត្រីភាព​បរិស្ថាន​»​ពី​ក្រសួងបរិស្ថាន ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ឆ្នើម​លើ​ការងារ​បរិស្ថាន​ប្រចាំឆ្នាំ​២០២១​។ លោក​បញ្ជាក់ថា បណ្ណ​សរសើរ​នេះ​ត្រូវបាន​ប្រគល់ជូន​ដល់​លោក​មេភូមិ​ព្រះ​ដាក់ ដោយ​លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ នៅឯ​ទីស្តីការ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ ២០២១​។

​លោក​អភិបាលស្រុក​បន្ទាយស្រី​លើកឡើងថា ឆ្នាំនេះ​ជា​ឆ្នាំ​ទី​២​ហើយ ដែល​ស្រុក​បន្ទាយស្រី​ទទួលបាន​ការលើកទឹកចិត្ត​ពី​ក្រសួងបរិស្ថាន ហើយ​វា​ជាការ​ស័ក្តិសម​បំផុត​ដែល​បណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន​ក្នុងឆ្នាំនេះ​ត្រូវបាន​ប្រគល់​ផ្ទាល់​ទៅកាន់​ភូមិ​ព្រះ​ដាក់​តែម្តង​។

​លោក​ថ្លែងថា​៖«​ភូមិ​ព្រះ​ដាក់​ស្អាត​មិនមែន​ដោយសារ​មាន​អ្នក​ពូកែ​រើស​សំរាម​នោះទេ តែ​មកពី​អ្នកភូមិ​ខ្លួនឯង​ចាប់ផ្តើម​មានការ​ផ្លាស់ប្តូ​រ​ឥរិយាបថ​ជា​វិជ្ជមាន​លើ​បញ្ហា​អនាម័យ ព្រមទាំង​បានបង្ហាញ​ភាពជា​គំរូ​នៅលើ​ការគ្រប់គ្រង​បរិស្ថាន​ក្នុងភូមិ ដោយ​រក្សាបាន​នូវ​ភាពជា​ម្ចាស់​លើ​ការគ្រប់គ្រង​សំរាម មាន​ទម្លាប់​រស់នៅ​ស្អាត មានការ​រៀបចំ​ភូមិឋាន​បាន​យ៉ាង​ល្អ និង​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ចូលរួម​យ៉ាងសកម្ម ជាពិសេស​នៅក្នុង​គម្រោង "​សហគមន៍​ស្វ័យ​គ្រង​គ្រង​សំរាម​"​។​

​លោក​អភិបាលស្រុក​លើកឡើងថា ការទទួលស្គាល់​របស់​ក្រសួងបរិស្ថាន​នៅក្នុង​ថ្ងៃនេះ គឺជា​ការទទួលស្គាល់​ជារួម​ទៅលើ​ស្នាដៃ​ដែល​សម្រេចបាន​ដោយ​សមាជិក​គ្រប់រូប​នៅក្នុង​ភូមិ​ព្រះ​ដាក់​ទាំងមូល មិនមែន​គ្រាន់តែ​សំដៅ​ទៅលើ​មេភូមិ ឬ​អាជ្ញាធរ​មូលដ្ឋាន​នោះទេ ហើយ​ការទទួលស្គាល់​នៅក្នុង​ថ្ងៃនេះ​ក៏​ជា​ចំណង​ត​ភ្ជាប់​ទៅនឹង​ការទទួលខុសត្រូវ​នៅក្នុង​ថ្ងៃស្អែក​ផងដែរ​។

​លោក​ថ្លែងថា​៖«​នៅសល់​កិច្ចការ​ជាច្រើន​ទៀត​ដែល​យើង​ត្រូវ​បន្តធ្វើ​រួមគ្នា​នៅក្នុង​ក្របខ័ណ្ឌ​ស្រុក​ទាំងមូល ហើយ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ទាំ​ង​អស់​នឹងចូលរួម​ឱ្យ​រឹតតែ​បាន​ទូលំទូលាយ​ជាមួយ​រដ្ឋបាល​ស្រុក និង​រដ្ឋបាល​ភូមិ​ឃុំ ដើម្បី​បុព្វហេតុ​នៃ​ចីរភាព​ខាង​ផ្នែក​បរិស្ថាន​នៃ​ស្រុក​បន្ទាយស្រី​របស់​យើងទាំងអស់គ្នា​»៕​