ភ្នំពេញៈ មន្ត្រីការទូត​ជាន់ខ្ពស់​វ័យក្មេង​កម្ពុជា បង្ហាញ​ជំនឿ​ក្នុង​វេទិកា​អន្តរជាតិ​ថា ការចូលរួម​របស់​យុវជន​នៅ​គ្រប់​តំបន់​អាច​នឹង​ពង្រឹង​ភាព​ធន់​របស់​សង្គម​ដើម្បី​ឱ្យមាន​ភាពប្រសើរឡើង​នៃ​ពិភពលោក និង​សង្គម​សម្រាប់​ជំនាន់​ក្រោយៗ​ទៀត​។​

​លោក សុខ សូកេន រដ្ឋលេខាធិការ​ក្រសួងការបរទេស បាន​ថ្លែងថា យុវជន​ដើរតួ​សំខាន់​ណាស់​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ជាពិសេស​ជំរុញ​ការស្តារ​សង្គម​សេដ្ឋកិច្ច ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ ១៩​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា នេះ​។​

​លោក ថ្លែង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​វ័យក្មេង​នៃ​មូលនិធិ​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា តាមរយៈ​ការថត​វីដេអូ​ទុកជាមុន ដែលមាន​ការចូលរួម​ពី​លោក Ambassador Leon FABER នាយករង​ប្រតិបត្តិ​នៃ​មូលនិធិ​អាស៊ី​-​អឺរ៉ុប (ASEF) ព្រមទាំង​យុវជន ASEF សរុប​ចំនួន​ប្រមាណ ២០០​នាក់ ដែល​មកពី​៥១​ប្រទេស ដោយ​ក្នុងនោះ​យុវជន​របស់​កម្ពុជា មាន​ចំនួន ៣០​រូប​។

​កិច្ចប្រជុំ​នេះ​គឺជា​ព្រឹត្តិការណ៍​អម​មួយ​ក្នុងចំណោម​ព្រឹត្តិការណ៍​អម​ទាំង​៧ និង​ជា​ព្រឹត្តិការណ៍​អម​យុវជន​ផ្លូវការ​របស់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13)​។

​លោក សុខ សូកេន បាន​ថ្លែងអំណរគុណ​ដល់​ASEF ក៏ដូចជា ឥស្សរជន​អាស៊ី​-​អឺរ៉ុប​ផ្សេងៗ​ទៀត ដែល​បានផ្ដល់​ឱកាស​ដល់​ថ្នាក់ដឹកនាំ​វ័យក្មេង ASEF ជាពិសេស យុវជន​កម្ពុជា​ឱ្យបាន​ចូលរួម និង​ស្វែងយល់​ពី​ការងារ​សំខាន់ៗ ជាពិសេស​កិច្ចការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ទាំង​នៅ​ថ្នាក់​នយោបាយ និង​បច្ចេកទេស ដែល​អាចជួយ​ពង្រីក​វិសាលភាព​ចំណេះដឹង​របស់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​ថែម​មួយកម្រិត​ទៀត​។

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ឯកឧត្តម​រដ្ឋលេខាធិកា​រ [​លោក សុខ សូកេន​] បាន​លើកឡើងថា ការ​ស្តែង​ឱ្យឃើញ​នូវ​ផលប៉ះពាល់​ជាច្រើន​ផ្នែក​នៃ​និន្នាការ​សកល បានបង្ហាញ​ពី​ភាពផុយស្រួយ​របស់​ស្ថានភាព​ពិភពលោក​ក្នុង​កម្រិត​ផ្សេងៗ​គ្នា​។ ឯកឧត្តម ជឿជាក់​យ៉ាង​មុតមាំ​ថា​តាមរយៈ​ការចូលរួម​របស់​យុវជន​នៅ​គ្រប់​តំបន់ អាច​នឹង​ពង្រឹង​ភាព​ធន់​របស់​សង្គម ដើម្បី​ឱ្យមាន​ភាពប្រសើរ ឡើង​នៃ​ពិភពលោក​និង​សង្គម​សម្រាប់​ជំនាន់​ក្រោយៗ​ទៀត​»៕​