ភ្នំពេញៈរដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ​វិច្ឆិកា​ឆ្នាំ ២០២១​ បាន​ចែក​ភួយអាវ​រងា ព្រម​ទាំង​ថវិកា​មួយ​ចំនួន​ដល់​កម្មករ​ធាក់​ស៊ីក្លូ ប្រមាណ ​៣០០​ នាក់ ដែល​ភាគច្រើន​ជា​ជន​ចាស់​ជរា​ក្រីក្រ​គ្មាន​ទីពឹង​ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​គាត់​ប្រើប្រាស់​ទប់ទ​ល់​ទៅ​នឹង​អាកាស​ធាតុ​ត្រជាក់​ដែល​នឹង​មក​ដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ដ៏​ខ្លី​នេះ​ ។

នៅ​ក្នុង​ឱកាស​នោះ លោក​ ឃួ​ង ស្រេង អភិបា​ល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិ​បាល​មូល​និធិ​ត្រី​ចក្រ​យាន​កម្ពុជា​បាន​ថ្លែង​ថា ​នៅពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​អាកាស​ធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខុ​មាលភាព​នៃ​ការរស់​នៅ​ប្រចាំថ្ងៃ ពិសេស​កុមារ និងមនុស្ស​ចាស់​ជរា។ បញ្ហា​នេះ ត្រូវបាន​លោកនា​យក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២៣ ​ខែវិច្ឆិកា បាន​ណែនាំ​ឲ្យ​គ្រប់​អាជ្ញា​ធរ​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស ​ផ្ដោត​ការយក​ចិត្តទុក​ដាក់​អំ​ពី​សុខភាព​មនុស្ស​ចាស់​ក្រីក្រ​គ្មាន​ទី​ពំនាក់​ ដោយ​ត្រូវ​ផ្ដល់​ជូន​នូវ​អាវ​រងា ​ភួយ មុង​ជាដើម​ដល់​ពួកគា​ត់ ដើម្បី​ប្រើ​ប្រាស់​និង​រក្សា​ភាព​កក់​ក្ដៅ​នៅក្នុង​រដូវ​រងា​ខាង​មុខ​នេះ។

លោក​ស្រេងបាន​បញ្ជាក់​ថា៖ «នៅ​ពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​យើង​និង​ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិ​បាល​មូលនិធិ​ត្រីចក្រ​យាន​កម្ពុជា​សូម​ផ្ដល់ជូន​បង​ប្អូន​អ្នក​ធាក់ស៊ីក្លូ​ចំនួ​ន ៣០០ នាក់ ដែលជា​សមាជិ​ក ក្នុងម្នាក់ៗ​ទទួលបាន​នូវ​អាវ​រងា ១ ​ក្រមា ១ ភួយ ១ និង​ថវិកា​ចំនួន​ ៥ ម៉ឺន​រៀល​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ និងសម្ដេច​កិត្តិ​បណ្ឌិត យក​ទៅ​ប្រើ​ប្រាស់​ក្នុងពេល​អាកាស​ធាតុ​ចុះ​ត្រជាក់​ខ្លាំង​នៅ​ពេល​ខាង​មុខនេះ​ »។​

លោក​បន្ថែម​ថា៖ «សម្តេច​តេ​ជោ​តែងតែ​ឈរលើ​ជួរមុខ​ជានិច្ច ចំពោះ​សុខុ​មាលភា​ពរ​បស់បង​ប្អូន​ប្រ​ជាពលរដ្ឋ​មិន​ថា​ក្មេង​ឬ​មនុស្ស​ចាស់​ឡើយ»​។

ជាមួយគ្នា​នេះ លោក​បាន​ណែនាំ​ដល់​អ្នក​ប្រកប​មុខ​របរ​ធាក់​ស៊ីក្លូ​ទាំងនោះ​ឲ្យ​បន្ត​ចូលរួម​អនុវត្ត​នូវ​វិធា​នការ​របស់​ក្រសួង​សុខា​ភិបាល ដើម្បី​ការពារ​ការឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ​១៩ ពិសេសវិ​ធានកា​រ៣កុំ​និង ៣ ការពារ របស់​រាជរដ្ឋាភិ​បាល​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។

ជា​អ្នក​ស្រុក​កោះធំ ខេត្តកណ្ដាល​ លោក លឹម ហេង អាយុ ៦ ៧ឆ្នាំ​ដែល​បានមក​ប្រកប​មុខរ​បរ​ធាក់​ស៊ីក្លូ នៅក្នុង​រាជ​ធានី​ភ្នំពេញ​តាំងពី​ទសវត្ស​រិ៍​ឆ្នាំ ១៩៩០ មក​នោះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អំ​ណោយ​ទាំងនេះ​សម្រាប់​គាត់​គឺ​ពិតជា​មាន​តម្លៃ​ថ្លៃថ្លា​ខ្លាំង​ណាស់ ព្រោះ​វា​នឹង​ជួយ​ឲ្យ​គាត់​មាន​ភាព​កក់ក្ដៅ​នៅពេល​រដូវរ​ងា​មកដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខនេះ​។

លោក លឹ​ម​ ហេង​ ដែល​អះអាងថា​ជំងឺ​រាត​ត្បាត​កូ​វីដ ១៩ បានធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគាត់ជា​អ្នក​ធាក់​ស៊ីក្លូ ស្ទើរតែ​រក​អង្ករ​ច្រក​ឆ្នាំង​ពុំបាន ដោយ​សារតែ​គ្មាន​អតិថិ​ជន​ហៅ​ជិះឬដឹក​ទំនិញ​នោះ​បាន​និយាយថា​៖ «ខ្ញុំ​ពិតជា​ត្រេកអ​រណាស់ អំ​ណោយ​ជា​អាវ​រងា ​ភួយ ​ក្រមា និង ថវិកា​នេះ គឺ​វា​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ ជា​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ ​ដើម្បី​ចិញ្ចឹម​ជីវិត»​។

បើតាម​លោក លឹម ហេង​ ចាប់​តាំងពី​មានការ​​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ១៩មក មាន​ថ្ងៃ​ខ្លះ​ពួកគាត់​រកលុ​យ​មិន​បាន​សូម្បីតែ​ ៥ ០០​០ រៀល​សម្រាប់​ទិញ​បាយ​ហូប​ផង។ ប៉ុន្តែ​ដោយ​សារ​គាត់​ជា​សមាជិក​របស់​មូល​និធិ​ត្រី​ចក្រ​យាន​កម្ពុជា ដូច្នេះ​គាត់​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ​៧ ០០០ ​រៀល​ក្នុង​១​ថ្ងៃ ពី​មូល​និធិ​នេះ សម្រាប់​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​។

មូល​និធិ​ត្រី​ចក្រ​យាន​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជា កាលពី​ថ្ងៃទី ១៣​ ខែមករា ឆ្នាំ​ ២០១៨ ​ក្នុង​គោល​បំណង​ថែរក្សា​និង​អភិរក្ស​អត្ត​សញ្ញាណ​ស៊ីក្លូ​កម្ពុជា​ និងលើក​ស្ទួយ​ជីវភាព​អ្នក​ប្រកប​មុខរបរ​ធាក់​ស៊ីក្លូ។​បច្ចុប្បន្ន​មូល​និធិ​នេះ​មាន​សមាជិក​អ្នក​ធា​ក់ស៊ីក្លូ​ចំនួន ៣​២០ នាក់​។

យ៉ាងណា​ក៏ដោយ​​ ចំនួន​អ្នក​ប្រក​បមុខរបរ​ធាក់​ស៊ីក្លូ​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​ប៉ាន់ប្រ​មាណ​ថា​មាន​ចំនួន​ជិត​ ៤០០ ​នាក់ ក្នុងនោះ​មាន​អ្នកធាក់​ស៊ីក្លូ​ប្រមាណ​ ៦០ នា​ក់ នៅ​មិនទាន់​បាន​ចុះឈ្មោះ​និង​បំពេញ​លក្ខន្តិកៈ ដើម្បី​ចូល​ជា​សមាជិក​នៃ​មូលនិធិ​ត្រី​ចក្រ​យាន​កម្ពុជា​នៅ​ឡយ​ទេ។ នេះ​បើតាម​លោក​ អ៊ឹម សម្បត្តិ ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​៕