ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាឱ្យ​អាជ្ញាធរ​ខេត្ត​ជុំវិញ​បឹង​ទន្លេ​សាប និង​ស្ថាប័ន​ពាក់​ព័ន្ធ រួមគ្នា​បង្រ្កាប​បទ​ល្មើស​កាប់​ទន្រ្ទាន​ព្រៃលិច​ទឹក​ យក​ដីយ៉ាង​អនា​ធិប​តេយ្យ ដើម្បី​ការពារ​ធន​ធាន​ទាំង​នេះ​ ទុក​ជាជម្រក​ត្រី ដោយ​លោក​បាន​បញ្ជាឱ្យ​ចាប់​ខ្លួន​ភ្លាម​ៗ​ ចំពោះ​មន្ត្រី​ណា​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​នេះ​។

ការ​ប្រកាស​ខ្លាំងៗ​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​នៅថ្ងៃទី​ ២៨ វិច្ឆិកា តាម​រយៈ​សារ​សំឡេង​របស់​លោក​ ដែល​មាន​រយៈ​ពេល​ជិតកន្លះ​ម៉ោង ក្រោយ​ទទួល​បាន​របាយការណ៍​ ពី​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៃរាជ​បណ្ឌិត្យ​​សភា​កម្ពុជា​ដែល​បាន​រក​ឃើញ​ពីការ​កាប់​ទន្រ្ទាន​ព្រៃ​លិច​ទឹក​យ៉ាង​អនា​ធិបតេយ្យ​ក្នុង​តំបន់​បឹង​ទន្លេ​សាប​។

លោក​នាយករដ្ឋ​មន្ត្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ក្រោយការ​ចុះស្រាវ​ជ្រាវ​នេះ​ គឺរាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​រក​ឃើញ​ពីស្ថាន​ភាព​ដែល​គួរ​ឱ្យ​បារម្ភ និង​ទាម​ទារឱ្យ​មាន​ការដោះ​ស្រាយ​ជា​បន្ទាន់ នោះគឺ​ការ​កាប់​ទន្រ្ទាន​ព្រៃ​លិច​ទឹក ​ដែល​ជាតំបន់​ស្នូល តំបន់​ត្រូវ​ការ​ពារ យ៉ាង​អនាធិប​តេយ្យ​ នៅក្នុង​ខេត្ត​មួយ​ចំនួន ជាពិសេស​គឺក្នុង​ខេត្ត​កំព​ង់ឆ្នាំង​។

លោក​ បាន​បញ្ជា​ក់​ថា៖ «អនាធិប​តេយ្យ​បែប​នេះ គឺមិន​អាច​ទទួល​យក​បាន​ទេ ហើយ​ក៏មិន​អាច​អត់​ឱន​ឱ្យបាន​ដែរ។ សម្រាប់​មន្ត្រី ដែល​ធ្វើការងារ​ពាក់​ព័ន្ធ ជា​មួយ​នឹង​ការ​គ្រប់​គ្រង​ដែន​ដី ជាខេត្ត ជា​ស្រុក ​ឬ​មន្ត្រីដទៃ​ទៀត ដែល​បាន​ចូល​ទៅ​ពាក់​ព័ន្ធ ដើម្បី​បង្កើត​ជាការ​កាប់​ទន្រ្ទាន​យក​ដីធ្លី​នៅទី​នោះ។ ប្រជាពលរដ្ឋ​ក៏ដូច​គ្នា យើង​មិន​អាច​នឹង​ទទួល​បាន​ទេនូវ​ការ​កាប់​ទន្រ្ទានព្រៃ​លិច​ទឹក​ដើម្បី​យក​ដីនៅក្នុ​ង​បឹង​ទន្លេសា​ប»​។

លោក បាន​បញ្ជាក់​ថា៖«សមត្ថកិច្ច​ទាំង​អស់​សុទ្ធ​តែ​ជាមន្ត្រីនគរ​បាល​យុត្តិ​ធម៌ ដូច្នេះ​ត្រូវ​តែ​ចាប់ខ្លួន ចំពោះ​អ្នក​ណា ដែល​បាន​បំពាន​ជាមួយ​នឹង​បទ​ប្បញ្ញត្តិ​ទាំង​ឡាយ ដែល​យើង​ធ្លាប់​បាន​ដាក់​ចេញ រារាំង​ចំពោះ​បទ​ល្មើស​ទៅនឹង​ការ​កំណត់​របស់​រដ្ឋ​»៕