ភ្នំុពេញៈ ចៅក្រម​ស៊ើបសួរ នៃ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ២៨ ​វិច្ឆិកា បន្ត​សាកសួរ​ជន​ត្រូវ​ចោទ​ឈ្មោះ​យឹ​ង វណ្ណដា ​បន្ទាប់ពី​តំណាង​អយ្យការ​ចោទប្រកាន់​ចំនួន​៤បទល្មើស​ពាក់ព័ន្ធ​ជេរប្រមាថ ​គំរាម​វាយ​នគរបាល​ចរាចរណ៍ រឿង​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​នៅ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​កាលពី​ថ្ងៃ​ទី ២៥​ វិច្ឆិកា។​

លោក​ហេង សា​រិម ​នាយផ្នែក​ដោះស្រាយ​វិវាទ​គ្រោះថ្នាក់​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៨ ​វិច្ឆិកា ​ថា ​ជន​ត្រូវ​ចោទ​ឈ្មោះ​យឹ​ង វណ្ណដា ​ភេទប្រុស​ អាយុ​ ២៧ ឆ្នាំ ​មានរ​បរជា​សន្តិសុខ​ឯកជន។ ជន​នេះ​កំពុង​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ដំណើរការ​នីតិវិធី​សាកសួរ​បន្តទៀត​ បន្ទាប់ពី​តំណាង​អយ្យការ​ចោទ​ប្រកាន់។

លោក​ប្រាប់ថា​៖ «រឿងនេះ​ ក្នុងនាម​យើង​ជា​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ​អ៊ីចឹង​យើង​គ្រាន់តែ​កសាង​សំណុំរឿង​ជន​ត្រូវ​ចោទ​ទៅ​តុលា​ការ​ទេ។ ជន​ត្រូវ​ចោទ​ត្រូវបាន​តំណាង​អយ្យការ​គាត់​សាកសួរ​រួច​ហើយ។ ឥឡូវ​នេះ​កំពុង​នៅ​ដំណាក់កាល​ចៅក្រម​សាក​សួរ»​។

លោក ​ប្លង់ សុផល ​អ្នកនាំពាក្យ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​តេ​ឡេ​ក្រាម​កាលពី​ថ្ងៃ​ទី ២៧​ វិច្ឆិកា ​ថា ​ករណី​នេះ ​តំណាង​អយ្យការ​បាន​បើក​ការ​ស៊ើបសួរ ​ពីបទ​បើកបរ​យានយន្ត​មិន​ព្រម​បញ្ឈប់​យានយន្ត​តាម​បញ្ជា​របស់​មន្ត្រី​នគរ​ចរាចរណ៍​ផ្លូវ​គោក។

លោក​ថ្លែងថា​៖ «តំណាង​អយ្យការ​បាន​ចោទ​បទរារាំង ឬ​ប្រើប្រាស់​មធ្យោបាយ​ណាមួយ​ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរ​សាធារ​ណៈ។ បទហិង្សា​ដោយ​ចេតនា បទ​ប្រមាថ ​និង​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ តាម​មាត្រា ៧៦ ​ និង​មាត្រា ៨០ ​ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក ​និង​មាត្រា ២១៧ មាត្រា ៥០២ ​និង​មាត្រា ៥០៣ នៃ​ក្រម​ព្រហ្មទណ្ឌ»។

លោក​ហេង សារិម ​បាន​រំឭកថា ​កាលពី​វេលា​ម៉ោង​ជាង​១រសៀល​ថ្ងៃទី ២៥ ​វិច្ឆិកា ​ឆ្នាំ ២០២១ ​ជនសង្ស័យ​ឈ្មោះ​យឹង វណ្ណដា ​បាន​ជិះ​ម៉ូតូ​១គ្រឿង​តាម​បណ្តោយ​ផ្លូវ​លេខ​ ២១៧ ​កែង​ផ្លូវ​ ២៧១ ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មានជ័យ ​ស្ថិតក្នុង​សង្កាត់ ស្ទឹង​មានជ័យ២ ​ខណ្ឌមានជ័យ​ក្នុង​ទិសដៅ​ស្រប​ធម្មតា។ ប៉ុន្តែ​ដោយសារ​កម្លាំង​នគរបាល​ចរាចរណ៍​ដែល​កំពុង​យាម​នៅ​គោលដៅ​ខាងលើ​ឃើញ​ម៉ូតូ​របស់គាត់​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​តាមច្បាប់​ កម្លាំង​សមត្ថកិច្ច​ហៅ​ឱ្យ​ឈប់។ ប៉ុន្តែ​បែរជា​ជន​សង្ស័យ​បើក​គេច​ត្រឡប់​ក្រោយ។

លោក​បន្តថា​ នៅពេល​ជនសង្ស័យ​បើក​ម៉ូតូ​បត់​ត្រឡប់ក្រោយ​បែបនេះ បាន​ទៅ​ប៉ះ​ជាមួយ​នឹង​រថយន្ត​ ១ គ្រឿង ​និង​ប៉ះ​ម៉ូតូ ១ ​គ្រឿង ​ដែល​កំពុង​ធ្វើដំណើរ​ក្នុង​ទិស​ស្រប។ ប៉ុន្តែ​ម្ចាស់​រថយន្ត និង​ម្ចាស់​ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​ជិះ​ម៉ូតូ​បុក​នោះ​មិនបាន​ទាមទារ​សំណង​អ្វី​ទេ។ ដោយសារតែ​ឃើញបែបនេះ​ សមត្ថកិច្ច​ចរាចរណ៍​បាន​ហៅ​ជនសង្ស័យ​សួរនាំ ​តែ​ត្រូវ​ជនសង្ស័យ​ស្រែក​សំឡុត​ដាក់​កង​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ទៅ​វិញ។

លោក​សារិម បញ្ជាក់ថា​៖ «ប៉ុន្តែ​កម្លាំង​នគរបាល​ចរាចរណ៍​យើង​មិនទាន់បាន​សួរ​គាត់​ផង គាត់​ក៏​ជេរ​មក​កម្លាំង​តែម្តង។ គាត់​មិន​ថែមទាំង​ជេរប្រមាថ​សមត្ថកិច្ច​ទេ​ តែ​សំឡុត​រុញច្រាន ​និង​គំរាមរ​កវា​យមក​សម​ត្ថ​កិច្ច​យើង​ទៀត»។

លោក ​សេក សុជាតិ ​នាយក​ប្រតិបត្តិ ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​ បាន​បញ្ចេញ​ទស្សនៈ​ជុំវិញ​បញ្ហា​ខាងលើ​នៅ​ថ្ងៃទី ២៨ ​វិច្ឆិកា​ ថា ​សមត្ថកិច្ច​មិនគួរ​ប្ដឹង​យុវជន​រូបនោះ​ទៅ​តុលាការ​ទេ ​ព្រោះ​ជាការ​អនុវត្តច្បាប់​របស់​មន្ត្រី។ រីឯ​យុវជន​រូបនោះ​វិញ សមត្ថ​កិច្ច​គួរ​យកទៅ​ធ្វើ​ការអប់រំ ​និង​ត្រឹមតែ​ឱ្យធ្វើ​កិច្ចសន្យា​បាន​ហើយ។

លោក​ថ្លែងថា​៖ «មួយវិញ​ទៀត​ ក្រោយពេល​អប់រំ​រួចហើយ ​ទាំង​យុវជន​រូបនោះ ​និង​សមត្ថកិច្ច​ដែល​អនុវត្ត​ច្បាប់​នៅ​ពេលនោះ​ គួរ​ផ្សះផ្សា​គ្នា ​ហើយ​ចេញ​វីដេអូ​រួមគ្នា​មួយ ​ដើម្បី​ធ្វើជា​គំរូ​សម្រាប់​សមត្ថកិច្ច​ដ​ទៃ ​និង​មហាជន​ផ្សេង​ទៀត​បាន​រៀនសូត្រ​តាម»​៕

វីដេអូ៖