ភ្នំពេញៈ ក្នុង​ក្របខ័ណ្ឌ​នៃ​ការធ្វើ​ជាម្ចាស់​ផ្ទះ​នៃ​មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា ​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បានរៀបចំ​ដំណើរ​ទស្សន​កិច្ច​សារព័ត៌មាន​ចាប់ពី​ថ្ងៃទី ២៨​ វិច្ឆិកា​ដល់​ថ្ងៃទី ២ ​ខែធ្នូ​ ឆ្នាំ ២០២១ ​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​ដើម្បី​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​នានា​ដែល​រាជរដ្ឋាភិ​បាល​កម្ពុជា​សម្រេចបាន​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ​ក៏ដូចជា​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ ​ធនធាន​ធម្មជាតិ ​និង​ជីវៈ​ចម្រុះ​នៅ​តំបន់​សមុទ្រ។

លោក​នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ថ្លែងថា ​កម្ពុជា​បានត្រៀម​ខ្លួន​រួចជា​ស្រេច​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី ៧​។ ​កម្ពុជា​បានជ្រើស​រើស​យក​ខេត្ត​ព្រះសីហនុ​ជា​ទីកន្លែង ​ដើម្បី​ប្រារព្ធ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ ២០២១ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី ១-២​ ខែធ្នូ​ ឆ្នាំ ២០២១។

លោក​ថ្លែង​ថា​ មហាសន្និបាត​សមុទ្រ​ឆ្នាំនេះ ​នឹង​ប្រព្រឹត្តទៅ​ ក្រោម​ប្រធានបទ​ «បង្កើត​ទសវត្សរ៍​ថ្មី​នៃ​សុខុមាលភាព​សមុទ្រ ​មនុស្ស ​និង​សេដ្ឋកិច្ច»។​ អ្នក​សារព័ត៌​មាន​ជាតិ ​និង​អន្តរជាតិ​ចំនួន​ ៣០ រូប​ មកពី​ ១៦​ ស្ថាប័ន​ព័ត៌មាន​នៅ​កម្ពុជា​បានចូល​រួម​ក្នុង​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន​រយៈពេល​ ៥ ថ្ងៃ​នេះ។

លោក ​នេត្រ ភក្ត្រា ​ថ្លែង​ពេល​ដឹក​នាំ​អ្នកសារព័ត៌មាន​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះថា​៖ «ដំណើរ​ទស្សនកិច្ច​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្ហាញឱ្យ​សាធារ​ណជន​បានឃើញ​ពី​ភាពជា​អ្នកដឹកនាំ​របស់​កម្ពុជា ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​ដែល​កម្ពុជា​មាន​សមត្ថភាព​និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការរៀបចំ ​និង​ការដឹកនាំ​មហាសន្និបាត​អន្តរជាតិ»។

លោក​បន្ថែមថា​៖ «និង​បាន​ឃើញ​ពី​វឌ្ឍនភាព ​ព្រមទាំង​សមិទ្ធផល​ នៃ​ការអភិវឌ្ឍ ​និង​ការអភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​របស់​កម្ពុជា ​បង្ហាញ​ពី​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​នៃ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា។ ជាពិសេស ​ខេត្ត​ព្រះសីហនុ ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រែក្លាយ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង»។

បើ​តាម​លោក ​ភក្ត្រា ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន​នៃ​ក្របខ័ណ្ឌ​ចូលរួម​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ ២០២១​ នេះ​ក្រុមអ្នក​សារព័ត៌​មាន​នឹង​មាន​ឱកាស​ស្វែងយល់​បន្ថែម​ពី​សក្តានុពល​ទេសចរណ៍ ​សក្តានុពល​សេដ្ឋកិច្ច ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខេត្ត​ព្រះសីហនុ​មាន។ ព្រមទាំង​ធ្វើ​ទស្សន​កិច្ច ​នៅតាម​ទីតាំង​នានា​ដូចជា​បណ្តោយ​ឆ្នេរសមុទ្រ​ដ៏ស្រស់​ស្អាត​របស់​ខេត្ត​ព្រះសីហនុ ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ ៣៤ ខ្សែ ​ដែល​រាជរដ្ឋាភិបាល​បាន​សាងសង់​សម្រាប់​ធ្វើ​ទំនើបកម្ម​ខេត្ត​ព្រះសីហនុ។ ទីតាំង​អាង​ប្រព្រឹត្តកម្ម​ទឹកកខ្វក់​ ដែល​មាន​តួនាទី​សម្អាត​សំណល់​រាវ​ទឹក​កខ្វក់​ក្រុង​ព្រះសីហនុ ​ទីលាន​ចាក់​សំណល់​រឹង​សំរាម​ខេត្ត​ព្រះសីហនុ​ក្នុង​ការគ្រប់គ្រង​សំណល់​រឹង​សំរាម ​រួមនឹង​ការគ្រប់គ្រង​និង​អភិរក្ស​ឆ្នេរសមុទ្រ​កម្ពុជា​ផង​ដែរ។

តាមរយៈ​ទស្សនកិច្ច​សារព័ត៌មាន​ និង​ការផ្សព្វផ្សាយ​ពី​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ ២០២១ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ​នេះ ​លោក​ ភក្ត្រា​ បានបង្ហាញ​សុទិដ្ឋិនិយម​ថា ​ពលរដ្ឋ​កម្ពុជា ​និង​ពិភពលោក​នឹង​បានស្គាល់​ច្បាស់​បន្ថែម​ទៀត​ពី​ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ ​និង​សក្តានុពល​ដ៏​សម្បូរ​បែប​នៃ​ខេត្ត​នេះ។ រាជរដ្ឋាភិបាល​កម្ពុជា ​បាននិង​កំពុង​ប្រែក្លាយ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ​ដែលជា​ប៉ូល​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​របស់​កម្ពុជា ​និង​ភ្ជាប់​កម្ពុជា​ទៅ​កាន់​ពិភពលោក​កាន់តែ​ទូលាយ។

លោក​បញ្ជាក់ថា​៖ «ក្នុង​រយៈពេល​ចុងក្រោយ​នេះ ​ខេត្ត​ព្រះសីហនុ​បានប្រែ​មុខមាត់​ជាច្រើន ​ដោយ​ប្រែក្លាយ​ពី​ខេត្ត ​ដែល​ស្ងៀមស្ងាត់​ទៅជា​ខេត្ត​ដែល​មាន​សកម្មភាព​មមាញឹក ​និង​រស់​រវើក​លើ​វិស័យ​ទេសចរណ៍ ​សេដ្ឋកិច្ច ​និង​ឧស្សាហកម្ម»។

កម្ពុជា​បានជ្រើស​រើស​យក​ខេត្ត​ព្រះសីហនុ ​ជាទីកន្លែង​ ដើម្បី​ប្រារព្ធ​មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា ​ឆ្នាំ២០២១ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ​ដែល​គ្រោង​ធ្វើនា​ថ្ងៃ​ទី ១-២​ ខែធ្នូ ​ឆ្នាំ ២០២១។ មហាសន្និបាត​សមុទ្រ​ឆ្នាំនេះ ​នឹង​ប្រព្រឹត្ត​ទៅ ​ក្រោម​ប្រធានបទ ​«បង្កើត​ទសវត្សរ៍​ថ្មី​ នៃ​សុខុមាលភាព​សមុទ្រ​ មនុស្ស​និង​សេដ្ឋកិច្ច»។

មហា​សន្និបាត​សមុទ្រ​ឆ្នាំនេះ​ធ្វើឡើង​ក្នុង​គោល​បំណង​សំខាន់ៗ ​រួមមាន ​ទី ១​ ចែករំលែក​មេរៀន​ជាបទពិសោធ​តាមដាន​វឌ្ឍនភាព​ការងារ​កន្លងមក ​និង​ពង្រីក​បន្ថែម​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ ​ដែលបាន​ប្រតិបត្តិ​នៅ​ថ្នាក់​តំបន់​ជាតិ ​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។​ ទី ២​ បង្កើត ​និង​រៀបចំ​ឡើងវិញ​នូវ​យន្តការ​គ្រប់​គ្រង​ដែល​មាន​ស្រាប់​និង​ជំរុញ​បង្កើត​ឱកាស​ថ្មីៗ​បន្ថែម​ទៀត​សម្រាប់​ភាព​ជាដៃគូ​ក្នុង​តំបន់ ​តាមរយៈ​បច្ចេកវិទ្យាន​វានុវត្តន៍​ ការវិនិយោគ ​និង​ហិរញ្ញប្បទាន​ដើម្បី​បន្ត​និរន្តរភាព​នៃ​បរិស្ថាន​តំបន់​ឆ្នេរ​និង​សមុទ្រ។

ទី ៣ ​កំណត់​នូវ​ផែនទី​បង្ហាញ​ផ្លូវ​ដ៏ច្បាស់​លាស់​មួយ​សម្រាប់​ជាដំណោះ​ស្រាយ​ចំពោះ​បញ្ហា​សមុទ្រ​នា​ទសវត្សរ៍​ខាងមុខ​ ដោយ​អនុលោម​ទៅតាម​ផែនការ​មួយ​ទសវត្សរ៍ ​របស់​អង្គការ​សហប្រជាជាតិ ​នៃ​វីទ្យាសាស្រ្ត​មហាសមុទ្រ​របៀបវារៈ​របស់​អង្គការ​សហ​ប្រជាតិ​ឆ្នាំ ២០៣០​ អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាតិ​ ស្តីពី​ការប្រែប្រួល​អាកាសធាតុ ​និង​ក្របខ័ណ្ឌ​ជីវៈចម្រុះ​សកល ​ក្រោយ​ឆ្នាំ ២០២០ ​(The UN Decade of Ocean Science, The 2030 Agenda for SD, UNFCCC, The Post-2020 Global Biodiversity Framework) ​ព្រមទាំង​បណ្តា​ក្របខ័ណ្ឌ​ពាក់ព័ន្ធ​នានា៕

វីដេអូ៖