ភ្នំពេញៈនគរបាល​ស្រុក​កោះ​សូទិន គ្រោង​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ចាម​នៅ​ថ្ងៃទី ២៩​ វិច្ឆិកា ក្រោយ​ចាប់ខ្លួន​បាន​ ២ ថ្ងៃ ករណីរំលោភ​កូនស្រី​បង្កើត​២​នាក់ និង​ប៉ុន​ប៉ង​ចាប់​រំលោភ​កូនស្រី​ពៅ​ម្នាក់​ទៀត​ប្រព្រឹត្ត​នៅ​ឃុំ​ព្រែក​តាន​ង់ ស្រុកកោះ​សូទិន ខេត្ត​កំពង់​ចាម​។

លោក អ៊ឹម ឃឿន អធិការ​នគរ​បាល​ស្រុក​កោះ​សូទិនឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ២៨ ​វិច្ឆិកា ថា ជន​សង្ស័យ​ឈ្មោះ ហោ ចាន់ អាយុ ៤៦ ឆ្នាំ ជា​កសិករ​មាន​លំនៅ​ក្នុង​ឃុំ-ស្រុក​ខាង​លើ។ សមត្ថ​កិច្ច​របស់​លោក​គ្រោង​បញ្ជូន​ជន​សង្ស័យ​ទៅ​ស្នង​ការដ្ឋាន​នគរបាលខេត្តកំពង់​ចាមនៅ​ថ្ងៃទី ២៩ វិច្ឆិកា បន្ទាប់ពី​បញ្ចប់​ការ​សាក​សួរ​រយៈ​ពេល ​២ ថ្ងៃ​។

លោក​ថា៖ «រឿង​នេះ ​ជនសង្ស័យ​បានទទួល​សារភាព​កំហុស​អី​អស់​ហើយ​ថា​គាត់​ពិតជា​បាន​ចាប់​រំលោភ​កូនស្រី ​២​ នាក់​បាន​សម្រេច​តែ​ជន​សង្ស័យ​ថា​មិន​ចាំ​ប៉ុន្មាន​ដង​ទេ ព្រោះ​ច្រើន​លើកច្រើន​សា​ពេក។ បើ​តាម​ស្តាប់ទៅ​ជន​សង្ស័យ​រំលោភ​កូន​បន្ត​បន្ទាប់​គ្នា​រហូត​ដល់​ថ្ងៃ​បែក​ការ​តែ​ម្តង»​។

លោក យ៉ាន់ ប៉ោ​ហេង នាយ​ប៉ុស្តិ៍​នគរ​បាល​ឃុំព្រែក​តាន​ង់ បាន​និយាយ​នៅ​ថ្ងៃទី ២៨ វិច្ឆិកា តាម​សម្តី​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​ថាពួកគាត់​បាន​យកគ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយ​ជន​សង្ស័យ​មានកូន​ទាំង​អស់ ​៦ នា​ក់ (ប្រុស​ម្នាក់) ចំពោះ

​កូន​ស្រី​រងគ្រោះ​ជា​កូនភ្លោះអាយុ ១៦ ឆ្នាំ​ដូចគ្នា (គិត​ត្រឹម​ឆ្នាំ​ ២០២១)។ប៉ុន្តែ​រាល់ថ្ងៃ​គឺ​ជន​សង្ស័យ​តែងតែ​ប្រើ​អំពើ​ហិង្សា​វាយ​ប្រពន្ធ​ស្ទើរតែ​ភ្លេច​ភ្លាំង​សា្មរ​តី​អស់​ហើយ។ ទន្ទឹមនេះ​ជន​សង្ស័យ​វាយ​ធ្វើបាប​កូនៗធ្វើឱ្យ​គាត់​ជា​ប្រពន្ធ​ព្រម​ទាំ​ងកូនៗបាក់​ស្មារតី​ខ្លាច​មិន​ហ៊ាន​តតាំង​ជា​មួយ​ប្តី និង​​ឪពុក​ទេ។

លោក​​បន្តថា បើតាម​ការសារភាព​គឺ​ជនសង្ស័យ​បាន​ចាប់រំលោភ​កូន​ខ្លួនឯង​តាំងពី​ឆ្នាំ ២០១៩​ មកម្ល៉េះ​ហើយ​នៅ​រាល់ពេល​ចាប់​កូន​រំលោភម្តងៗគឺ​ជនសង្ស័​យ​តែងតែ​ប្តូរ​វេន​ឆ្លាស់​ថ្ងៃ​គ្នា។ ជនសង្ស័យ​តែងតែ​សំឡុត​គំរាម​មិន​ឱ្យ​ក្មេងរ​ងគ្រោះ​និយាយ​ប្រាប់​នរណា​ឱ្យដឹង​ទេ ​បើ​គេ​ដឹង​នឹង​សម្លាប់​ចោល។ ដោយសា​រតែ​ខ្លាច​ឪពុក​សម្លាប់​គឺ​ក្មេង​រងគ្រោះ​ទាំង ២ ​នាក់​មិន​ហ៊ាន​និយាយ​ប្រាប់​ឱ្យ​នរណា​ដឹង​ទេ​។

លោក ប៉ោ​ហេង បន្តថា ​ក្មេងស្រី​រងគ្រោះ​ក៏​ធ្លាប់​និយាយ​ប្រាប់​ម្តាយ​ដែរ​ ប៉ុន្តែ​ពេល​ស្ត្រី​ជា​ប្រពន្ធ​សួរ​គឺ​ជន​សង្ស័យ​ឆ្លើយ​វិញ​ថា៖ «កុំ​ចេះតែ​នឹក​ឃើញ​ខុស​ទំន​ងយូរៗទៅ​ប្រចណ្ឌ​នឹង​កូន​ខ្លួន​ឯង​ទៅ​កើត»​។

លោក​បញ្ជាក់​តាម​សម្តី​របស់​ក្មេង​រងគ្រោះ​ដែលជា​កូនស្រី​ពៅ​អាយុ​ ១ ១​ឆ្នាំ​ថា កាលពី​វេលា​ម៉ោង​ជាង ​១០ ព្រឹក​ថ្ងៃទី​ ២៧ វិច្ឆិកា ឆ្នាំ ២០២១ ឪពុក​របស់​ខ្លួន​បាន​និយាយ​លួង​លោម​រូបគេ​រួមភេទ​ជាមួយ​ហើយ​ជន​សង្ស័យ​បាន​ស្ទាប​អង្អែល​ប្រដាប់​ភេទ​ខ្លួន​ផង។ ភ្លាមៗនោះ​ក្មេងរ​ងគ្រោះ​បាន​រត់​ទៅប្រាប់​ម្តាយ និង​នាំ​កូន​មកប្តឹង​ផ្ទាល់​មាត់​នៅ​ប៉ុស្តិ៍​នគរ​បាល​​របស់​លោក។

លោក​បាន​បន្តថា​ក្រោ​យ​ទទួល​បាន​បណ្តឹង​ផ្ទាល់​មាត់​មកលោក​ក៏​រាយ​ការណ៍​ទៅ​លោក​អធិការ​ អ៊ឹម ឃឿន ​និង​បាន​ចុះ​ចាប់ខ្លួន​ជន​សង្ស័យ​នៅ​ថ្ងៃ​ដដែល​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កោះ​សូទិន តែ​ម្តង៕​