ភ្នំពេញៈ​ក្រុមប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្ គ(MRC) បាន​អនុម័ត​ឯកសារ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​ប្រកប​ដោយ​ចីរភាព​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម ​ដើម្បី​ដោះស្រាយនិរ​ន្ត​រ​ភាព​នៃ​ការអភិវឌ្ឍវា​រី​អគ្គីសនី​នាពេល​អនាគត​ខណៈ​ប្រទេស​ជា​សមាជិក​ MRC ប្តេជ្ញា​បន្តធ្វើ​ការរួម​គ្នា​ឲ្យ​កាន់តែ​សកម្ម​ថែម​ទៀត​ដើម្បី​គ្រប់​គ្រង​អាង​ទន្លេ​មេគង្គ​ឱ្យមាន​និរន្តរ​ភាព។

ការ​អនុម័ត​ឯកសារ​យុទ្ធ​សាស្ត្រ​និង​ការប្តេជ្ញា​ចិត្ត​បែបនេះ​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ MRC លើក​ទី ២៨ និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​លើក​ទី២៦​ដែល​ដឹកនាំ​ដោយ​លោក ​PrawitWongsuwon ឧបនាយក​រដ្ឋ​មន្ត្រី​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា ​MRC តំណាង​ប្រទេស​ថៃ​ដែល​ទទួល​វេន​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ MRC សម្រាប់​ឆ្នាំ ២០២១ តាម​ប្រព័ន្ធ​វីដេអូ កាល​ពី​ថ្ងៃទី ២៥ ខែ​វិច្ឆិកា​។

ដំណើរ​ការ​រៀបចំ​យុទ្ធសាស្ត្រ​នេះ​​រួម​បញ្ចូល​នូវ​ការសិក្សា​បន្ថែម​លើ​សេណា​រី​យោ​នៃ​ការអភិវឌ្ឍ​​វា​រី​អគ្គីសនី​ជាច្រើន​បាន​ចាប់ផ្តើ​ម​នៅ​ឆ្នាំ ២០១៨​ ដោយមាន​ពី​ការចូលរួម​ពី​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ អ្នកសិក្សា​ស្រាវជ្រាវ​​ និង​អង្គការ​សង្គម​ស៊ីវិល។

សេចក្តី​ប្រកាស​ព័ត៌មាន ​MRC បានឱ្យដឹង​កាលពី​ថ្ងៃទី ២៦ ​ខែវិច្ឆិកា​ថា៖ «រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹ​ក ​និង​បរិស្ថាន​មកពី​ប្រទេស​កម្ពុជា​ឡាវ​ ថៃ ​និង​វៀត​ណាម​ បាន​ឯកភាព​​ទៅលើ​យុទ្ធសាស្ត្រ​នេះ​ព្រមទាំង​វិធាន​និង​នីតិវិធី​នានា​នៅក្នុង​កិច្ចប្រជុំ​លើក​ទី ២៨ ​ជាមួយ​ប្រទេស​ផ្សេងៗ ដែល​រៀបចំ​ដោយ​ប្រទេស​ថៃ​នៅ​ទីក្រុង​បាង​កក​តាម​ប្រព័ន្ធ​វីដេអូ»​។

MRC ​ដកស្រង់​សម្ដី​លោក ​PrawitWongsuwon ក្នុង​កិច្ចប្រជុំ​នេះ​ថា ​យុទ្ធ​សាស្ត្រ​ដែល​បានធ្វើ​បច្ចុប្បន្ន​ភាព​នេះ​គឺជា​ផ្នែក​មួយ​ដែល​សង្កត់ធ្ងន់​លើ​តម្រូវការ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​​អាង​ទន្លេមេគង្គ​ឆ្ពោះទៅរក​លទ្ធផល​ដែល​អាច​ដោះស្រាយ​នូវ​តម្រូវការ​រយៈពេល​វែង។

លោក​ថ្លែងថា៖ «យុទ្ធសាស្ត្រ​នេះ​គឺជា​ការបោះ​ជំហាន​ទៅមុខ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​អាង​ទន្លេមេ​គង្គ​ឆ្ពោះទៅរ​ក​លទ្ធផល​ដ៏​ល្អប្រសើរ​ មាន​សុវត្ថិ​ភាព​និង​មានការ​ទទួល​ខុសត្រូវ​ដែល​ដោះស្រាយ​ភាព​អា​ស្រ័យ​គ្នា​ទៅវិញ​ទៅមក​រវាង​ការការពារ​បរិស្ថាន​ទឹក​អាហារ ​និង​ការសាង​សង់​ទំនប់​វា​រី​អគ្គិ​សនី»។

លោក​ PrawitWongsuwon​ បន្ថែមថា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​រួមទាំង​ទំនប់​វា​រី​អគ្គីសនី​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ប្រព័ន្ធ​ទន្លេមេគង្គ​ក្នុង​រយៈពេល ​២ ​ទសវត្សរ៍​ចុងក្រោយ​នេះ។ការអនុម័ត​យុទ្ធសាស្ត្រ​នេះ​នឹង​កំណត់​ទិសដៅ​អនុវត្ត​ដើម្បី​ដោះស្រាយ​ហានិភ័យ​ដោយសារ​ការប្រែ​ប្រួល​អាកាសធាតុ។ វា​ក៏​នឹង​ផ្តល់ឱកាស​សម្រាប់ ​MRC ក្នុងការ​ធ្វើការ​ជាមួយ​ប្រទេស​ជា​សមាជិក​លើ​ទិន្នន័យ​និង​ការចែក​រំលែក​ព័ត៌មាន​កាន់តែ​ប្រសើរ​ឡើង ​និង​ការសម្រប​សម្រួល​ប្រតិបត្តិការ​គម្រោង​វា​រី​អគ្គិសនី។

ក្រុមប្រឹក្សា ​MRC គឺជា​ស្ថាប័ន​កម្រិត​ខ្ពស់​បំផុត​ដោយមាន​សមាជិក​ភាពរ​បស់​ខ្លួន​រួមមាន​រដ្ឋមន្ត្រី​ធនធាន​ទឹក​និង​បរិស្ថាន​និង​មន្ត្រីជាន់ខ្ពស់​ពាក់ព័ន្ធ​ផ្សេងទៀត​មកពី​ប្រទេស​កម្ពុជា​ ឡាវ​ ថៃ ​និង​វៀតណាម។ តំណាង​ដៃគូ​សន្ទនា​ប្រទេស​ចិន​និង​មី​យ៉ាន់​ម៉ា​និង​ដៃគូ​ផ្សេង​ទៀត​ក៏​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​MRC នេះ​ផង​ដែរ​។

លោក​សូ​ សុ​ភ័​ទ្ទ​ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (គជ​ទម​ក) មិនអាច​ទាក់ទង​​ដើម្បី​សុំ​ការបញ្ជាក់​បានទេ​កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា។

ក៏ប៉ុន្តែយោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក (គ​ជទ​មក)​ កាលពី​ថ្ងៃទី ២៥ ​ខែវិច្ឆិកា​បាន​ឱ្យដឹង​ថា​លោក​លឹម​ គានហោ ​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ប្រធាន ​(គជ​ទម​ក) ​និង​ជា​សមាជិក​ក្រុមប្រឹក្សា ​MRC តំណាង​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ដែលមាន​សមាសភាព​ជាម​ន្ត្រី​តំណាង​ក្រសួង​-ស្ថាប័ន​ពាក់​ព័ន្ធ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ MRC លើក​ទី២៨នេះ​តាម​ប្រព័ន្ធ​វីដេអូ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​រាជធានី​ភ្នំពេញ​។

ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់​ថា «ប្រទេស​ជា​សមាជិក​ MRC បាន​ប្តេជ្ញាចិត្ត​បន្តធ្វើ​ការរួម​គ្នា​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​ក្នុងការ​ពង្រឹង​កិច្ច​សហប្រតិ​បត្តិការ​តំបន់​ឲ្យ​បាន​កាន់​តែ​រឹងមាំ​គាំទ្រ​ដល់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ឆ្នាំ ២០២១-២០២៣ ឲ្យ​មាន​ប្រសិទ្ធភាព​និង​ទទួល​បាន​ជោគ​ជ័យ ​ដើម្បី​ការគ្រប់​គ្រង​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង​អាង​ទន្លេ​មេគង្គ»​៕