ភ្នំពេញៈ ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​បានរៀបចំ​សិល្បៈ​ចំនួន ​៦ ទម្រង់ ​ដែល​មានរយៈ​ពេលជិត​៣ម៉ោង ​ទុកត្រៀម​ចាក់​បញ្ចាំង​នៅតាម​បណ្តា​ស្ថានីយ​ទូរទស្សន៍ ​និង​តាម​បណ្តាញ​សង្គម​ ដើម្បី​អបអរ​សាទរ​ខួប​៣ឆ្នាំ ​នៃ​ការដាក់​បញ្ចូល​ល្ខោន​ខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ។

លោក​ ឡុង ប៊ុណ្ណាស៊ីរីវត្ថ ​រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​ថ្លែងថា ​ការរៀបចំ​សិល្បៈ ​៦ ទម្រង់​នេះ ​ដើម្បី​អបអរសាទរ​ខួប​ ៣ ឆ្នាំ ​នៃ​ការដាក់​បញ្ចូល​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្តែត ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​ (២៨ វិច្ឆិកា​ ២០១៨-២៨​ វិច្ឆិកា ២០២១)។ លោក​បន្តថា​ សិល្បករ​សិល្បការិនី​ក្នុង​ប្រព័ន្ធ​និង​ក្រៅប្រព័ន្ធ​ជិត ​២០០ នាក់ ​បានសហការ​គ្នា​ចូលរួម​សម្តែង​ទស្សនីយ​ភាព​សិល្ប:​ចម្រុះ ​ក្នុង​ព្រឹត្តិ​ការណ៍ ​«រាត្រី​ចងចាំ ​ឆ្នាំ២០២១»។ ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​នេះ​ មាន​ការចាក់​បញ្ចាំង​តាមរយ:​ផេក​ផ្លូវ​ការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្ប:​ និង​តាមរយ:​បណ្តាញ​អង្គភាព​ទូរទស្សន៍ ​និង​ផេក​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​ចាប់ពី​វេលា​ម៉ោង ​៥ ល្ងាច ​នៅ​ថ្ងៃទី ២៨ ​ខែវិច្ឆិកា ​ឆ្នាំ ២០២១។

សិល្បៈ ​៦ ទម្រង់​ទាំងនោះ ​រួមមាន​ របាំ​ព្រះរាជទ្រព្យ ​ ចម្រៀង​អាយ៉ៃ​ឆ្លើយឆ្លង​ របាំ​ស្រមោល ​ វង់តន្រ្តី​មហោរី​ព្រះ​រាជ​ទ្រព្យ ​ល្ខោន​ខោល ​ និង​វង់​តន្រ្តី​ចម្រុះ។ លោក​ឱ្យដឹងថា ​កន្លងមក​ក្រសួង​បានរៀបចំ ​ដែល​អនុញ្ញាតឱ្យ​មាន​ទស្សនិកជន​ចូល​ទស្សនា​ដោយ​ផ្ទាល់ ​ប៉ុន្តែ​ដោយសារ​បរិបទ​កូវីដ ១៩​ ទើប​រៀបចំ​ចាក់បញ្ចាំង​តាម​អនឡាញ។​ លោក​បញ្ជាក់ថា ​ការដាក់​បញ្ចូល​សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំងរូបី ​និង​អរូបី​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ជាតិ​ទាំង​មូល។

លោក ​ឡុង ប៊ុណ្ណាស៊ីរីវត្ថ ​ថ្លែងថា​៖ «យើង​មាន​បេតិកភណ្ឌ​ទាំង​រូបី​ និង​អរូបី ​ជាមោទនភាព​ជាតិ ​ដូចជា​រមណីយ​ដ្ឋាន​អង្គរវត្ត​ គេ​ហៅថា ​បេតិកភណ្ឌ​ពិភពលោក ​ហើយ​ល្ខោន​ខោល ចាប៉ី​ដងវែង​ ល្បែង​ទាញព្រ័ត ​ចាត់ចូល​ជា​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ។ មាន​ន័យថា ​ជាតម្លៃ​សកល ​ ដែលជា​មោទនភាព​នៃ​ការបង្ហាញ​ស្នាដៃ​ឯក»។

លោក​បន្តថា ​បើ​មើល​ជ្រុង​ផ្នែក​សេដ្ឋកិច្ច​វិញ ​សម្បត្តិ​បេតិកភណ្ឌ ​ក៏ជា​ផ្នែកមួយ​ទាក់ទាញ​ភ្ញៀវ​ទេស​ចរណ៍​អន្តរជាតិ​ ជួយ​ជំរុញ​សេដ្ឋកិច្ច​ផង​ដែរ។ ទិដ្ឋភាព​សេដ្ឋកិច្ច ​កម្ពុជា​ដឹងថា ​គេ​តែងតែ​និយាយ​ពី​កម្ពុជា​ស្គាល់​តាមរយៈ​របប​ខ្មែរ​ក្រហម។ ប៉ុន្តែ​សព្វថ្ងៃ​នេះ​មិនមែន​អ៊ីចឹង​ទេ ​មោទនភាព​ជាតិ​ គឺ​គេ​ស្គាល់​កម្ពុជា​ក្នុង​ទិដ្ឋភាព ​ជាវិជ្ជាមាន​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​ទាំងរូបី​ និង​អរូបី។

លោក​ថ្លែងថា​៖ «យើង​នាំគ្នា​ស្តារ​សេដ្ឋកិច្ច​ឱ្យរីក​ចម្រើន​ប្រទេស​មាន​សន្តិភាព។ លើស​ពីនេះ​គឺ​គោលដៅ​ទេសចរណ៍​ធំណាស់ ​ព្រោះ​កាលណា​ចូល​បេតិកភណ្ឌ ​គេ​ផ្សព្វផ្សាយ​ទូលំ​ទូលាយ។ ដូចនេះ​ព័ត៌មាន​សាយភាយ​នៅលើ​ពិភព​លោក ​ហើយ​ទាញ​បរទេស​ឱ្យមក​កម្ពុជា​យើង»។

ទន្ទឹម​នឹង​ភាពវិជ្ជមាន ​លោក​ក៏បាន​លើកឡើង​ពី​ភាពអវិជ្ជមាន​ផងដែរ ​នៅពេល​សម្បត្តិ​វប្បធម៌​ជាតិ ​ត្រូវបាន​ដាក់​បញ្ចូល​ទៅក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។ លោក​ថា ​ភាពអវិជ្ជមាន ​ គឺ​គេ​មាន​លក្ខខណ្ឌ​របស់​គេ ​កាលណា​ចូល​បេតិកភណ្ឌ ​ត្រូវ​គោរព​លក្ខខណ្ឌ។

លោក​ស៊ីរីវត្ថ​បញ្ជាក់ថា​៖ «ឧទាហរណ៍​ដូច​តំបន់​អង្គរ ​ខេត្ត​សៀមរាប ​នៅពេល​យើង​បញ្ចូល​បេតិក​ភណ្ឌ​ យើង​ដាក់​លក្ខខណ្ឌ​ជាមួយ​គេ ​ថា​យើង​រក្សា​ឱ្យ​ទៅជា​ទិដ្ឋភាព​វប្បធម៌ ​រក្សា​ឱ្យមាន ​[លក្ខណៈ] ​ដើម។ យើង​មិន​ចេះតែ​ធ្វើ​អី​ស្រេច​តែ​ចិត្ត​ទេ»។​

ក្នុង​ករណី​យើង​មិន​គោរព​លក្ខខណ្ឌ​របស់​អង្គការ ​UNESCO ​គេ​មាន​សិទ្ធិ​ដក​សម្បត្តិ​បេតិកភណ្ឌ​យើង​ដែរ។ ព្រោះ​ដាក់​ចូល​ហើយ​មិនមែន​រួច​ខ្លួន​ទេ​ ត្រូវ​មាន​លក្ខខណ្ឌ​គេ ​វឌ្ឍនភាព​របាយការណ៍។ អ្នក​ឯង​ពិតជា​បាន​អភិវឌ្ឍន៍​មែន​អត់ ​មាន​បាន​រកលុយ​ចំណាយ​សម្រាប់​ធ្វើការងារ​នេះ​ទេ​ មា​នបានផ្សព្វផ្សាយ​កម្រិត​ណា។ បើ​យើង​ដាក់​កាន់តែ​ច្រើន​លក្ខខណ្ឌ​កាន់តែ​ធ្ងន់ ​ព្រោះ​ត្រូវការ​ថវិកា​ទ្រទ្រង់ ​ទើប​ធ្វើ​ទៅ​បាន»។

ជាមួយ​គ្នានេះ ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ បានបង្ហោះ​សារ​អបអរ​សាទរ​ខួប ​៣ ឆ្នាំ ​នៃ​ការដាក់​បញ្ចូល​ល្ខោនខោល ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្សជាតិ​ របស់​អង្គការ​យូណេ​ស្កូ ​(២៨ ​វិច្ឆិកា ​២០១៨-​២៨ ​វិច្ឆិកា ​២០២១)។

លោក​ ហ៊ុន សែន ​បញ្ជាក់ថា​៖ «កាលពី​ ៣ឆ្នាំ​មុន ​(២៨ ​វិច្ឆិកា ​២០១៨) ​នៅ​ទីក្រុង​ព័រល្វី​ ប្រទេស​ម៉ូរីស ​ ល្ខោន​ខោល ​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​តែមួយ​គត់ ​ដែល​បាន​ថែរក្សា​អស់រយៈ​ពេល​ដ៏យូរលង់​ណាស់​មក​ហើយ​ត្រូវបាន​ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្សជាតិ ​របស់​អង្គការ​យូណេស្កូ»។

បើ​តាម​លោក​ឡុង ប៊ុណ្ណាស៊ីរីវត្ថ ​កម្ពុជា​ក៏​កំពុង​ត្រៀម​ដាក់​សម្បត្តិ​វប្បធម៌​ជាតិ​ទៅ​អង្គការ ​UNESCO ​បន្ថែម​ទៀត​ផង​ដែរ។ លោក​ថ្លែងថា​៖«យើង​នឹង​ដាក់​ជាហូរហែ ​ភាសា​បច្ចេកទេស​មួយទៀត ​គេ​ហៅថា ​បញ្ជី​ត្រៀម។ មាន​ន័យ​ថា​យើង​ផ្ញើ​បញ្ជី​ទៅឱ្យ​គេ ​ប៉ុន្តែ​មិនទាន់​រៀបចំ​ឯកសារ​ទេ។ នៅ​ចំពោះ​មុខ​យើង​មានផ្នែក​អរូបី​មាន​ទម្រង់ ​ល្បុកតោ​ និង​ផ្នែក​រូបី ​មាន ​ប្រាសាទ​កោះកេរ្តិ៍ ​យើង​ត្រៀម​ឯកសារ​បញ្ជូន​ទៅ​គេ​ហើយ»។

សូម​ជម្រាបថា ​គិត​ត្រឹម​ឆ្នាំ ២០២១ ​កម្ពុជា​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំងអស់​ ចំនួន​៨ហើយ ​ដែល​ក្នុង​នោះ​ចែកជា​សម្បត្តិ​វប្បធម៌​រូបី ៣ ​និង​សម្បត្តិ​វប្បធម៌​អរូបី​៥​ រួមមាន​ ១ តំបន់​អង្គរវត្ត ​(រូបី)​ ២ របាំ​ព្រះរាជ​ទ្រព្យ ​(អរូបី) ​៣ ល្ខោន​ស្រមោល​ស្បែក ​ឬ​ល្ខោន​ស្បែកធំ​(អរូបី) ​៤ ប្រាសាទ​ព្រះវិហារ​(រូបី)​ ៥ ល្បែង​ទាញ​ព្រ័ត្រ​ (អរូបី)​ ៦ ចាប៉ី​ដងវែង ​(អរូបី) ​៧ ប្រាសាទ​សំបូរ​ព្រៃគុក ​(រូបី) ​និង​ទី ៨​ ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត ​(អរូបី)៕