ភ្នំពេញៈ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា បានរៀបចំ​​ប្រារព្ធ​ខួប ៤៣ ឆ្នាំ​នៃ​ថ្ងៃកំណើត​របស់ខ្លួន ក្រោម​ប្រធានបទ «ស.ស.យ.ក ត្រៀមខ្លួន​គ្រប់​កាលៈទេសៈ ​ដើម្បី​ចូលរួម​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ហើយ​បន្ត​ប្តេជ្ញា​ថែរក្សា ជាតិ សាសនា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ​ជា​ដរាប​តរៀង​ទៅ»។

លោក ហ៊ុន ម៉ា​នី ប្រធាន​ ស.ស.យ.ក ថ្លែង​នៅក្នុង​ឱកាស​នោះ​ថា នេះ​ជាការ​រៀបចំ​ដើម្បី​រម្លឹក​ខួប​នៃ​ការបង្កើត​សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដែលជាផ្នែក​មួយ​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក៏ដូចជា​អបអរសាទរ​ដល់​សមិទ្ធ​ផល​នានា​ដែល​សម្រេចបាន​កន្លងមក និង​បង្ហាញ​នូវ​ស្មារតី​សាមគ្គីភាព ឯកភាព និង​ការប្តេជ្ញា ក្នុងនាម​ជា​សមាជិក​សមាជិកា និង​ក្នុងនាម​ជា​មហា​គ្រួសារ​ខ្មែរ ក្នុងការ​ការពារ​អធិបតេយ្យភាព ស្ថេរភាព និង​សុខសន្តិភាព​ប្រទេស​កម្ពុជា​មិន​ថា​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។

លោក​បាន​ថ្លែង​រំលឹកថា ៖«ការតាំង​ចិត្ត ការពុះពារ និង​ពលិកម្ម​របស់​អតីត​យុវជន​នាពេលនោះ ជាពិសេស​សម្តេច​តេ​ជោ ប្រធាន​ស្ថាបនិក​របស់​យើង គឺជា​កត្តា​កំណត់​ឈាន​ឆ្ពោះទៅរក​ការបង្កើត​សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែលជា​ផ្នែក​ដ៏​សំខាន់​មួយ នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​ជារួម​របស់ សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និង​សម្ដេច ហ៊ុន សែន ក្នុង​បេសកកម្ម​តែមួយគត់​គឺ រំដោះជាតិ និង​ប្រជាជន​កម្ពុជា​ចេញពី​របប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ»។

បើតាម លោក ហ៊ុន ម៉ា​នី តាមរយៈ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នេះហើយ ដែល​កម្ពុជា​អាច​ឆ្លង​ផុតពី​នរក​អ​វ​ចិ​យ៍ ហើយ​ផ្ដល់កំណើត​ទី២ ដល់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ និង​អាច​អនុញ្ញាត​ឱ្យ​កម្ពុជា​ងើបឡើង​ពី​ចំណុចសូន្យ ដោយ​ខិតខំ​ស្តារ កសាង និង​អភិវឌ្ឍ​ប្រទេស​រហូត ដូច​អ្វីដែល​យើង​ឃើញ​នាពេល ៤៣ ឆ្នាំ​ក្រោយនេះ។

ជាមួយគ្នានេះ លោក​ថ្លែងថា៖ «ស.ស.យ.ក បាន​ចូល​ក​រួម​បំពេញ​ដើម្បី​សង្គម​គ្រប់​កាលទេសៈ ទោះបី​ក្នុងស្ថានភាព​នៃ​ជំងឺ​រាត​ត្បាត​នេះ​យ៉ាងណាក្ដី។ ការចូលរួម​របស់​ស​មា​ជិ​ក សមាជិកា ស.ស.យ.ក នៅពេល​ប្រទេស​ជួប​វិបត្តិ​ដូច​ក្នុង​បរិបទ​កូ​វីដ ១៩ ​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា យើង​មិនមែន​នៅ​ជួរមុខ ឬ​នៅជាប់​ជាមួយ​ប្រជាជន តែ​ក្នុង​កាលៈទេសៈ​សប្បាយរីករាយ​នោះទេ»។

លោក ស សុខា អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) ថ្លែង​ឱ្យដឹង​ដែរ​ថា ក្នុង​រយៈពេល​កន្លងមក​នេះ លោក បាន​ចូលរួម​ការងារ​ជាច្រើន ស្របតាម​ចក្ខុវិស័យ និង​បេសកកម្ម របស់ ស.ស.យ.ក. ក្រោម​ការដឹកនាំ និង​ចង្អុលបង្ហាញ​ពី​លោក ហ៊ុន ម៉ា​នី ព្រមទាំង​មាន​កិច្ចសហការ​ល្អ​ពី​ថ្នាក់ដឹកនាំ ក៏ដូចជា សមាជិក សមាជិកា​ទាំងអស់ និយាយ​ជារួម និង​និយាយ​ដោយឡែក​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ស.ស.យ.ក ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ។

លោក​​ពិតជា​មាន​មោទកភាព ដែល​បាន​ក្លាយជា​មហា​គ្រួសារ ស.ស.យ.ក ។

លោក​បន្តថា ស.ស.យ.ក. អង្គការ​មនុស្សធម៌​មួយ​នេះ បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការងារ​សង្គម ការងារ​មនុស្ស​ធម៌ សំដៅ​បម្រើ​ឱ្យ​ប្រយោជន៍​យុវជន និង​សង្គមជាតិ​ទាំងមូល ហើយ​ដែល​សកម្មភាព​ទាំងអស់នោះ​គឺ​ផុស​ចេញពី​ការលះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត និង​ទ្រព្យធន​ផ្ទាល់ខ្លួន ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ និង​សមាជិក សមាជិកា ស.ស.យ.ក ទូទាំងប្រទេស ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ សស​យក ពិធី​អបអរសាទរ​ខួប​លើក​ទី ៤៣ នៃ​ថ្ងៃកំណើត​ ស.ស.យ.ក នេះ ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​សំខាន់​ចំនួន ៣ ទី១៖ ដើម្បី​រំលឹក​ខួប នៃ​ការបង្កើត​សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដែលជា​ផ្នែក​មួយ របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា។

ទី ២៖ អបអរសាទរ​ដល់​ស​មិទ្ធ​ផល​នានា​ដែល​សម្រេចបាន​កន្លងមក និង ទី ៣៖ បង្ហាញ​នូវ​ស្មារតី​សាមគ្គីភាព ឯកភាព និង​ការប្តេជ្ញា ក្នុងនាម​ជា​សមាជិក សមាជិកា និង​ក្នុងនាម​ជា​មហា​គ្រួសារ​ខ្មែរ ក្នុងការ​ការពារ​អធិបតេយ្យភាព ស្ថេរភាព និង​សុខ​សន្តិភាព​ប្រទេស​កម្ពុជា​មិន​ថា​ បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បន្តថា ក្រោយ​មហាសន្និបាត​លើក​ទី ៣ កាលពី​ថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ ២០១២ សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​សមាគមយុវជន​កម្ពុជា បាន​ប្រែ​ឈ្មោះ​មកជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) ដើម្បី​បន្ត​បុព្វហេតុ ការការពារ និង​ប្តេជ្ញា​រក្សា​មិនឱ្យ​បាត់បង់​នូវ​ស្មារតី ២ ធ្នូ ដែល​បន្សល់ទុក​ដោយ​យុវជន​ជំនាន់​មុន និង​បន្ត​ការ​ចូល​រួម​ជាមួយ​សង្គម​ជាតិ ក្នុងការ​ស្តារ កសាង និង​បង្កើត​សមិទ្ធផល​នានា​សម្រាប់​កម្ពុជា។

បើ​តាម ស.ស.យ.ក ក្នុង​រយៈពេល ៩ ឆ្នាំ​ចុងក្រោយនេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បង្កើន​ការទទួលស្គាល់​យ៉ាង​ទូលំទូលាយ​នូវ​កិត្តិនាម​របស់ខ្លួន​ទាំង​ក្នុង និង​ក្រៅប្រទេស និង​មានការ​ទទួលស្គាល់​ពី​សំណាក់​ថ្នាក់ដឹកនាំ សាធារណៈជន ជាពិសេស​យុវជន តាមរយៈ​សកម្មភាពរ​បស់​ខ្លួន។

ផ្តើមចេញពី​កិច្ចការងារ​សម្រាប់​យុវជន ស.ស.យ.ក បាន​ក្លាយជា​វេទិកា​មួយ ដែល​ផ្តល់ឱកាស​ដល់​យុវជន​គ្រប់រូប​ដែលមាន​ចិត្ត និង​គោលបំណង​ដូចគ្នា​ក្នុងការផ្តល់​ក្តី​ស្រលាញ់ លះបង់​ពេលវេលា ធនធាន​ផ្ទាល់ខ្លួន ដើម្បី​សង្គមជាតិ និង​ប្រជាជន៕