ភ្នំពេញៈ វ៉ាក់​សាំង​បង្ការ​ជំងឺកូវី​ដ​១៩ ប្រភេទ​ម៉ូដឺ​ណា (Moderna) ចំនួន ១៨៨ ១៦០ ​ដូស ដែល​ជា​ជំនួយ​របស់​មជ្ឃ​មណ្ឌល​កូវ៉ាក់​ (COVAX Facility) បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នា​ល្ងាច​ថ្ងៃ​ទី ២៨​ ខែវិច្ឆិកា នេះ ហើយ​វ៉ាក់​សាំង​នេះ​សម្រាប់​ចែក​ចាយ​ចាក់​តាម​ផែន​ការ​របស់​គណៈ​កម្មការ​ចាក់​វ៉ាក់​សាំង។ នេះ​បើតាម​ការថ្លែង​ ​របស់​លោក​ស្រី ​យក់ សម្បត្តិ រដ្ឋលេខា​ធិការ​ក្រសួង​សុខាភិ​បាល ក្នុង​ពេល​ទទួល​វ៉ាក់សាំ​ងនេះ​។

លោក​ស្រីបាន​ឱ្យ​ដឹង​ថា បន្ទាប់​ពីការ​ទទួល​បាន​នូវ​វ៉ាក់​សាំង​លើក​នេះ កម្ពុជា​អាច​នឹង​ទទួល​បាន​នូវ​វ៉ាក់​សាំង​ប្រមាណ​ជា ​២ ​ទៅ​ ៣​ ដង​ទៀត​រហូត​ដល់​ចុង​ឆ្នាំ។​

លោក​ស្រី យក់ សម្បតិ្ត ក៏បាន​បញ្ជាក់​ឱ្យដឹង​ផង​ដែ​រថា ៖ «ក្រសួង​សុខា​ភិបាល ​នឹង​ធ្វើ​ការ​ប្រជុំ​ជាបន្ទាន់​មួយ ​នៅ​ល្ងាច​នេះ​ដើម្បី​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ទាំង​អស់ សុំឱ្យ​រក្សា​នូវ​វិធាន​ការ ហើយ​សុំទុក​ចិត្ត​លើការ​ដឹក​នាំ​បញ្ជា​របស់​ប្រមុខរាជ​រដ្ឋាភិ​បាល និង​យើង​នៅតែ​ធ្វើការ​ជាមួយ​នឹង​អង្គការ​ដៃ​គូ ក៏ដូច​ជាមន្ទីរ​ពិសោធន៍​ទាំង​អស់​»។

លោក​ស្រី Li Ailan តំណាង​អង្គការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​កម្ពុជា បានថ្លែង​ឱ្យ​ដឹង​ផង​ដែ​រថា ដោយ​សារ​តែ​មាន​ភាព​មិន​ច្បាស់​លាស់​ច្រើន​នូវ​អ្វី​ដែល​មិន​ទាន់​ដឹង ដូច​នេះ​គ្រប់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ទុក​ជាមុន​ សម្រាប់​ការ​ផ្ទុះឡើង​និង​ការ​ឆ្លង​កើន​ឡើង​ជាគំហុក​ណា​មួយនូវជំងឺកូវីដ ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​នាពេល​ខាង​មុខ​៕