ទីប្រឹក្សា​ព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រត្រីយ៍ នរោត្តម មុនីនាថ សីហនុ លោក អ៊ុដារ៉ាវុធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​យប់​ថ្ងៃទី​ ២៨ ខែវិច្ឆិកា​នេះ​ថា សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​សោយ​ទិវង្គត​នៅ​ប្រទេស​បារាំង​ក្នុង​ព្រះជន្ម​ ៧៧ ​ព្រះវស្សា​។

លោក​បាន​ប្រាប់​ឱ្យដឹងថា៖ «​សម្តេចក្រុមព្រះ​បាន​សោយ​ទិវង្គត​ហើយ​កាលពី​ព្រឹក​មិញ នៅ​ម៉ោង​ប្រមាណ​ ៩ ​និង​ ៤០ ​ព្រឹក​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ប៉ុន្តែ​សព​របស់​ព្រះអង្គ​ ខ្ញុំ​មិនដឹង​ថា​តើ​នឹងត្រូវ​បញ្ជូន​មក​ពេលណា​ឬ​យ៉ាងណា​នោះទេ​»​។

លោក អ៊ុ ដារ៉ាវុធ បាន​បញ្ជាក់​ទៀតថា ក្រុមគ្រួសារ​របស់​ព្រះអង្គ​កំពុង​តែ​ធ្វើការ​ប្រជុំពិភាក្សា​គ្នា​ជាមួយ​នឹង​ព្រះមហាក្សត្រីយ៍​សម្តេចម៉ែ និង​ព្រះករុណា​ព្រះមហាក្សត្រ ដោយ​មិនទាន់​ដឹង​លម្អិត​ថា​នឹង​ត្រូវ​ធ្វើ​យ៉ាងណា​ទៀត​នៅ​ឡើយ​ទេ​។

គួរបញ្ជាក់​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រសូត​នៅ​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ១៩៤៤ ព្រះ​អង្គជា​អ្នកនយោបាយ​កម្ពុជា​។ ព្រះអង្គ​គឺជា​ព្រះរាជបុត្រ​ទី​ ២ ​របស់​ព្រះបាទ​នរោត្តម សីហនុ និង​ត្រូវជា​ព្រះរាម​នៃ​ព្រះមហាក្សត្រ​កម្ពុជា​បច្ចុប្បន្ន ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​។

សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​គឺជា​ព្រះប្រធាន​គណបក្ស​រាជានិយម​មួយ​នៅ​កម្ពុជា​ដែល​មាន​ឈ្មោះថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ហើយ​បាន​ជាប់ឆ្នោត​ក្លាយជា​នាយករដ្ឋមន្ត្រី​ទីមួយ​ពី​ឆ្នាំ​ ១៩៩៣ រហូតដល់​ឆ្នាំ​ ១៩៩៧ ហើយ​បន្ទាប់មក​ក៏បាន​ក្លាយជា​ព្រះប្រធានរដ្ឋសភា​ចន្លោះ​ឆ្នាំ​ ១៩៩៨ ដល់​ឆ្នាំ​ ២០០៦៕