ភ្នំពេញៈ តំណាង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ប្រចាំ​កម្ពុជា​បាន​លើកឡើងថា កម្ពុជា​គួរតែ​បារម្ភ​អំពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ B.1.1.529 ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា អូមីក្រុង​ (Omicron) ​ដែល​ទើប​រកឃើញ​ថ្មីៗ​នេះ បើទោះបីជា​កម្ពុជា សម្រេច​បាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ខ្ពស់​ក៏ដោយ ខណៈ​ក្រសួង​សុខាភិបាល​បាន​ក្រើនរំឭក​ជាថ្មី​ចំពោះ​វិធានការ​ការពារ​ពី​វីរុស​កូវីដ​ ១៩ ​នេះ​។

អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយនា​យប់​ថ្ងៃទី​ ២៧ ខែវិច្ឆិកា​ឆ្នាំនេះ ដោយ​បង្ហាញ​ពី​ការបារម្ភ​ចំពោះ​ការរកឃើញ​វីរុស​កូវីដ​បំប្លែង​ថ្មី​ឈ្មោះ​​អូមីក្រុង​នេះ ដោយ​អង្គការ​នេះ​បាន​ក្រើនរំឭក​ដល់​កម្ពុជា​ឱ្យ​ត្រៀមខ្លួន​សម្រាប់​ការកើនឡើង​ជា​គំហុក​ជាយថាហេតុ​នូវ​ករណី​ជំងឺ​កូវីដ​ ១៩​។

«​អូមីក្រុង​» ​ជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​គួរឱ្យ​បារម្ភ​សម្រាប់​ការឆ្លើយតប​​ជា​សកល​ចំពោះ​ការរីករាលដាល​​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។ ​អូមីក្រុង​អាច​បំប្លែង​ខ្លួន​ជា​វីរុស​ចំនួន​ច្រើន ហើយ​ការបំប្លែង​ខ្លួន​មួយចំនួន​ក្នុង​ចំណោម​នោះ​បង្កឱ្យ​មាន​ការព្រួយបារម្ភ​។

WHO បាន​បញ្ជាក់ថា ភ័ស្តុតាង​បឋម​បង្ហាញថា វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​បង្ក​ឱ្យ​មាន​ហានិភ័យ​ខ្ពស់ជាង​វីរុស​បំប្លែង​ថ្មី​ដែល​គួរឱ្យ​បារម្ភ​ដទៃទៀត​ក្នុងការ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ឡើងវិញ​។ ​អូមីក្រុង ក៏ត្រូវ​បាន​គេ​រកឃើញ​ក្នុង​អត្រា​ឆ្លង​លឿន​ជាង​អត្រា​នៃ​ការកើនឡើង​ជា​គំហុក​នៃ​ការឆ្លង​នានា​កន្លងមក​ដែល​នេះ​បង្ហាញថា វីរុស​បំប្លែង​ខ្លួន​ថ្មី​មួយ​នេះ​អាច​ឆ្លង​ដល់​មនុស្ស​បាន​យ៉ាង​ងាយ ហើយ​ធ្វើឱ្យ​វា​ជា​វីរុស​ដែល​ងាយ​ឆ្លង​ជាង​វីរុស​បំប្លែង​ខ្លួន​ថ្មី​មុន​។

អង្គការ​ដដែល​នេះ​បាន​បន្តថា​ «​យើង​មិនដឹង​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ចំពោះ​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​ទេ​។ អ្នកស្រាវជ្រាវ​កំពុង​ពិនិត្យមើល​ឥទ្ធិពល​របស់​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​ទៅលើ​វ៉ាក់សាំង​ និង​ឧបករណ៍​ផ្សេងៗ​ទៀត​។ អ្នកវិទ្យាសាស្ត្រ​ក៏​កំពុងធ្វើការ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ថា តើ​ការបំប្លែង​ខ្លួន​ និង​ផលប៉ះពាល់​នឹងមាន​ប៉ុនណា ដោយសារ​លទ្ធភាព​ចម្លង​របស់​វីរុស​ថ្មី​នេះ ថា​តើ​វា​ខ្លាំង​ហើយ​ឆាប់​រាលដាល​កម្រិតណា​?»​។

អង្គការ​នេះ​បាន​លើកឡើងថា ដោយសារ​តែ​ពិភពលោក​មាន​ទំនាក់ទំនង​គ្នា​ទៅវិញ​ទៅមក វា​មាន​ហានិភ័យ​ខ្ពស់​ដែល​អូមីក្រុង​នឹង​ត្រូវបាន​នាំចូល និង​ត្រូវបាន​រកឃើញ​ក្នុងពេល​ឆាប់ៗ​នេះ​នៅក្នុង​សហគមន៍​ប្រទេស​កម្ពុជា​។

លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា បាន​លើកឡើងថា កម្ពុជា​គួរតែ​បារម្ភ​អំពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​ដែល​ទើប​រកឃើញ​ថ្មីៗ​នេះ បើទោះបីជា​កម្ពុជា​សម្រេច​បាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ខ្ពស់​ក៏ដោយ​។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​បុគ្គល​គ្រប់រូប​គួរតែ​ត្រៀមខ្លួន​សម្រាប់​ការកើនឡើង​ជា​គំហុក​ជាយថាហេតុ​នៃ​ករណី​ជំងឺ​កូវីដ​ ១៩ ហើយ​យើង​គួរតែ​បន្ត​រៀនសូត្រ និង​កែតម្រូវ​វិធានការ​ឆ្លើយតប​របស់​យើង​»​។

អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា វិធី​ការពារ​ខ្លួន​អ្នក​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក និង​សហគមន៍​កម្ពុជា​ទាំងមូល​ដែលមាន​​ប្រសិទ្ធភាព​បំផុត​នោះ​គឺ​ការបន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​វិធានការ​សុខភាព​សាធារណៈ​ និង​សង្គម​។ ​វិធានការ​៣​កុំ និង​៣​ការពារ របស់​កម្ពុជា​នៅតែមាន​សារៈសំខាន់​។

ដើម្បី​ការពារ និង​ទប់ស្កាត់​បាន​ទាន់ពេលវេលា​នូវ​ការចម្លង​វីរុស​ប្រភេទ​ថ្មី​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អំពាវនាវ និង​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​សាជាថ្មី​អំពី​វិធី​ការពារ​ដែល​ក្រសួង​ធ្លាប់​បាន​ណែនាំ​ក្នុងពេល​កន្លងមក​។

លោក ម៉ម ប៊ុនហេង បាន​ស្នើសុំ​ឱ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​ «៣​ការពារ និង​៣​កុំ​» ឱ្យបាន​ហ្មត់ចត់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩ រួមទាំង​អនុវត្ត​វិធានការ​សុខភាព​សាធារណៈ និង​សង្គម​ចាំបាច់​នានា​ដូចជា ការពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ លាង​សម្អាត​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ ១,៥ ម៉ែត្រ​ឡើង​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ ឬ​គ្រូពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​អំពី​ករណី​សង្ស័យ​ណាមួយ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ភាពខុសប្លែក​ធម្មតា​នៃ​រោគសញ្ញា​ ឬ​ជំងឺ និង​ត្រូវ​នៅ​ដាច់ដោយឡែក ដើម្បី​កុំឱ្យ​មាន​ការចម្លង​បន្តទៅ​អ្នក​ដែល​នៅ​ជិត​ខ្លួន​ ឬ​ក្រុមគ្រួសារ​ខ្លួន​ក្នុង​អំឡុងពេល​រង់ចាំ​ការវិភាគ​ដើម្បី​រក​វីរុស​កូវីដ​ ១៩ ថ្មី​នេះ​»​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ ដោយសារ​ថា​វីរុស​នេះ​នឹង​ធ្វើ​ចរាចរណ៍​នៅពេល​ដែល​មានដំណើរ​ឆ្លង​​កាត់ ឬ​ការធ្វើ​ចរាចរណ៍​របស់​មនុស្ស​។

លោកស្រី​ថា​៖ «​នៅពេលណា​ដែលមាន​ការធ្វើ​ចរាចរណ៍​របស់​មនុស្ស​មកពី​គ្រប់ទិសទី​ច្រើន ដូចនេះ​លទ្ធភាព​នៃ​ការចម្លង​ក៏​វា​អាចមាន​។ ដូចនេះ​យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ និង​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​របស់​យើង​ឱ្យ​កាន់តែ​ខ្ពស់​ជាប់​ជាប្រចាំ​»​។

នៅពេល​ប្រទេស​កម្ពុជា​បាន និង​កំពុង​វិលត្រឡប់​ទៅរក​ការរស់នៅ​ក្នុង​ប្រក្រតីភាព​ថ្មី សុំ​ប្រជាពលរដ្ឋ​បន្ត​នូវ​ការអនុវត្ត​នូវ​ការការពារ​ខ្លួន​ឱ្យបាន​ហ្មត់ចត់​ជាទីបំផុត ហើយ​សុំឱ្យ​ទីតាំង​នានា​ដែលជា​ទីតាំង​ប្រមូលផ្តុំ​នូវ​មនុស្ស ឬ​ជួបជុំគ្នា​សុំឱ្យ​មាន​ការប្រុងប្រយ័ត្ន និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ប្រកាស​រួចមកហើយ​គឺ​វិធានការ​៣ ការពារ​ និង​៣​កុំ​។ ​នេះ​ជា​ការបញ្ជាក់បន្ថែម​របស់​លោកស្រី ឱ វណ្ណឌីន​។

លោកស្រី​ថា ការដែល​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​ថ្មី​នេះ​ក៏ត្រូវ​ស្ថិតក្នុង​បែបបទ​មួយ​ដែល​គ្រប់គ្នា​ត្រូវ​រៀន​រស់​ជាមួយ​នឹង​វត្តមាន​វីរុស​កូវីដ​ ១៩ ហើយ​ជាពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​នូវ​ការឆ្លង​ ឬ​ការកើតឡើង​នូវ​វីរុស​នៃ​ពពួក​បំប្លែង​ថ្មី​ដែល​អ្នកវិទ្យាសាស្ត្រ​កំពុង​បារម្ភ និង​កំពុង​តាមដាន​ទាំងអស់​គ្នា​លើ​វីរុស​ប្រភេទ B.1.1.529 នេះ​។

លោកស្រី ឱ វណ្ណឌីន បាន​ថ្លែងថា​៖ «​សូមមេត្តា​កុំ​ភ្លេច កុំ​ភ័យ​ពេក កុំ​ហ៊ាន​ពេក ហើយ​បុគ្គល​ម្នាក់ៗ​ត្រូវតែ​ទទួល​ខុសត្រូវ​ឱ្យ​បានច្បាស់លាស់​នូវ​សុខភាព​របស់ខ្លួន ការពារ​ក្រុមគ្រួសារ និង​សហគមន៍ និង​ចូលរួម​តាមដាន និង​អនុវត្ត​នូវ​វិធានការ​៣ ការពារ​៣ កុំ​នេះ ដើម្បី​និរន្តរភាព​នៃ​ការវិលត្រឡប់​ការរស់នៅ​របស់​យើង​ក្នុង​ប្រក្រតីភាព​ថ្មី​នេះ​គឺមាន​និរន្តរភាព​បានយូរ​អង្វែង​»​។

យ៉ាងណាក្តី លោកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់ថា កម្ពុជា​មិនទាន់មាន​របាយការណ៍​បង្ហាញថា មានការ​ចម្លង​ចូល​នូវ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​នេះ​ទេ ដោយសារ​វីរុស​នេះ​ទើបតែ​បាន​រកឃើញ​ និង​ប្រកាស​ដោយ​អង្គការ​សុខភាព​ពិភពលោក​នៅ​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២១ កន្លងមក​៕