ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញាធរខេត្ត​ជុំវិញ​បឹងទន្លេសាប និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​បង្ក្រាប​បទល្មើស​កាប់​ទន្ទ្រានព្រៃ​លិចទឹក​យក​ដី​យ៉ាង​អនាធិបតេយ្យ ដើម្បី​ការពារ​ធនធាន​ទាំងនេះ ទុកជា​ជម្រក​ត្រី ដោយ​លោក​បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​ភ្លាមៗ និង​ដកហូត​ទ្រព្យសម្បត្តិ​ចំពោះ​មន្ត្រី​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​។

ការប្រកាស​ខ្លាំងៗ​យ៉ាង​ដូច្នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៨ វិច្ឆិកា តាមរយៈ​សារ​សំឡេង​របស់​លោក ដែល​មាន​រយៈពេល​ជិត​កន្លះ​ម៉ោង​ក្រោយ​ទទួលបាន​របាយការណ៍​ពី​ក្រុម​អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ដែល​បាន​រកឃើញ​ពី​ការកាប់​ទន្ទ្រានព្រៃ​លិចទឹក​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​បឹង​ទន្លេសាប​។ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ក្រោយ​ការចុះ​ស្រាវជ្រាវ​នេះ គឺ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​រកឃើញ​ពី​ស្ថានភាព​ដែល​គួរឱ្យ​បារម្ភ និង​ទាមទារ​ឱ្យ​មាន​ការដោះស្រាយ​ជាបន្ទាន់ នោះ​គឺ​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក​ដែលជា​តំបន់​ស្នូល តំបន់​ត្រូវការពារ​នៅក្នុង​ខេត្ត​មួយចំនួន​ជាពិសេស​គឺ​ក្នុង​ខេត្តកំពង់ឆ្នាំង​។

លោក បាន​បញ្ជាក់ថា​៖ «​អនាធិបតេយ្យ​បែបនេះ​គឺ​មិនអាច​ទទួលយក​បានទេ ហើយក៏​មិនអាច​អត់ឱន​ឱ្យបាន​ដែរ​។ សម្រាប់​មន្ត្រី ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ ជាមួយនឹង​ការគ្រប់គ្រង​ដែនដី ជា​ខេត្ត ជា​ស្រុក ឬ​មន្ត្រី​ដទៃទៀត ដែល​បាន​ចូលទៅ​ពាក់ព័ន្ធ ដើម្បី​បង្កើត​ជា​ការកាប់​ទន្ទ្រាន​យក​ដីធ្លី​នៅ​ទីនោះ​។ ប្រជាពលរដ្ឋ​ក៏​ដូចគ្នា យើង​មិន​អាចនឹង​ទទួល​បានទេ​នូវ​ការកាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក ដើម្បី​យក​ដី​នៅក្នុង​តំបន់​បឹង​ទន្លេសាប​»​។

ក្នុង​ការចេញ​បញ្ជា​ដ៏តឹងរ៉ឹង​នេះ លោក ហ៊ុន សែន បាន​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត ក៏ដូចជា​ប្រធាន​មន្ទីរជំនាញ​ដែលមាន​ការពាក់ព័ន្ធ​ដូចជា​បញ្ហា​បរិស្ថាន បញ្ហា​ធនធានទឹក បញ្ហា​កសិកម្ម និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​នៅ​តាម​ខេត្ត ដោយមាន​ការគាំទ្រ​ពី​កម្លាំង​កងទ័ព និង​អាវុធហត្ថ ត្រូវ​ប្រើប្រាស់​ឱ្យអស់​លទ្ធភាព​តាម​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ធ្វើការ​បង្ក្រាប​ឱ្យបាន​ម៉ឺង​មាត់ ដោយ​មិនអាច​បន្ធូរបន្ថយ​ទៀត​នោះទេ ព្រោះ​រដ្ឋាភិបាល គ្មាន​ពេលវេលា​បន្តទៀត​នោះទេ​ក្នុង​ការអប់រំ​។

លោក​បាន​បន្តថា​៖ «​ដើម្បី​ការពារ​បឹង​ទន្លេសាប​របស់​យើង ដែល​កំពុង​រងគ្រោះ​ស្រាប់ ដែល​រង​នឹង​ការគោករាក់ និង​ការបាត់បង់​ព្រៃឈើ​ដែល​ការបំផ្លិចបំផ្លាញ​ពី​ក្រុម​ជនអនាធិបតេយ្យ​ទៅហើយនោះ ចាំបាច់​ត្រូវតែមាន​វិធានការ​។ ខ្ញុំ​ដាក់ចេញ​ដំបូង​ប្រគល់ឱ្យ​អភិបាលខេត្ត នៅតាម​តំបន់​ទន្លេសាប​ទាំងអស់ ទទួល​ខុសត្រូវ​ទៅលើ​បញ្ហា ពិនិត្យមើល និង​ទប់ស្កាត់​ជាបន្ទាន់​នូវ​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក ដែល​នឹង​ឈាន​ទៅ​ដល់​ការកើតឡើង​វិញ បន្ទាប់ពី​ទឹកសម្រក​នេះ ហើយ​ក៏​ត្រូវ​គ្រប់គ្រង​ផងដែរ​ជាមួយ​ដី​ដែល​បាន​កាប់​រួច​»​។

ក្រៅពី​បញ្ជា​ឱ្យ​ថ្នាក់​ខេត្ត​ចេញ​សកម្មភាព លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បើក​កិច្ចប្រជុំ​រួមគ្នា​ជាបន្ទាន់​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​រឿងនេះ ដើម្បី​បែងចែក​ភារកិច្ច​ចុះ​ត្រួតពិនិត្យ​សកម្មភាព​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​ដកហូត​ត្រឡប់មកវិញ​ទាំងអស់​នូវ​ដី​ទាំងឡាយ​ដែល​បាន​កាប់​ទន្ទ្រាន​រួចមកហើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​បឹងទន្លេសាប បាន​បោះ​ព្រំប្រទល់ ដែល​បានកំណត់​តំបន់​ដែល​បានការពារ ដែល​មិន​អាចមាន​អ្នកណា ដែល​ប៉ះពាល់​បាន​។ ឥឡូវ​អ្នក​ដែល​បាន​ធ្វើការ​ប៉ះពាល់​នោះ​គឺ​បាន​ធ្វើការ​ប៉ះពាល់​រួចជាស្រេច​ទៅក្នុង​តំបន់​ស្នូល​។ ខ្ញុំ​សុំ​ស្នើឱ្យ​មាន​ការចាត់​វិធានការ ហើយ​រៀបចំ​ក្រុម​សម្រាប់​គ្រប់​ខេត្ត​ព្រោះ​តាម​ក្រសួង​នីមួយៗ គឺមាន​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​យ៉ាងច្រើន​។ ដូច្នេះ​ត្រូវ​រៀបចំ​ជាច្រើន​ក្រុម ដើម្បី​ចុះទៅ​តាម​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​»​។

លោក​បាន​បន្តថា​៖ «​ត្រូវធ្វើ​កិច្ចការ​ជាបន្ទាន់ ត្រូវតែ​ដកហូត​មកវិញ​ទាំងអស់ ទាំង​របស់​មន្ត្រី​ទាំង​របស់​ប្រជាជន នៅក្នុង​ព្រំដែន​ដែល​យើង​បានកំណត់​ជា​តំបន់​ ១ តំបន់​ ២ និង​តំបន់​ ៣ ដែល​មិនត្រូវ​ឱ្យមាន​ការរំលោភ​បំពាន​ទៅលើ​តំបន់​ដែល​បានកំណត់​ដែល​ត្រូវការពារ​នោះទេ​»​។

ជាមួយ​នឹង​ការចុះ​ប្រតិបត្តិការ និង​បង្ក្រាប​នេះ​លោក​ក៏បាន​បញ្ជា​ឱ្យ​លោក សៅ សុខា ដឹកនាំ​កម្លាំង​គ្រប់​ក្រុម ទាំង​ជើង​ទឹក ជើងគោក និង​ជើង​អាកាស ដើម្បី​ត្រួតពិនិត្យ​ជាបន្ទាន់​ទៅលើ​ប្រតិបត្តិការ​ ដើម្បី​រក្សា​ព្រៃ​លិច​ទឹក​នេះ ហើយនឹង​បន្ធូរ​បន្ថយទោស​ចំពោះ​អ្នក​ដែល​ព្រម​សារភាព​ដោយ​ខ្លួនឯង​។

លោក​បាន​បញ្ជាក់​ទៀតថា​៖ «​សមត្ថកិច្ច​ទាំងអស់​សុទ្ធតែជា​មន្ត្រីនគរបាល​យុត្តិធម៌ ដូច្នេះ​ត្រូវតែ​ចាប់ខ្លួន ចំពោះ​អ្នកណា​ដែល​បាន​បំពាន​ជាមួយ​នឹង​បទប្បញ្ញត្តិ​ទាំងឡាយ​ដែល​យើង​ធ្លាប់បាន​ដាក់ចេញ​រារាំង​ចំពោះ​ល្មើស​ទៅនឹង​ការកំណត់​របស់​រដ្ឋ​។ ឯកឧត្តម ឱម យិនទៀង ត្រូវ​ចុះ​ស្រាវជ្រាវ តើ​មន្ត្រី​ណាខ្លះ ដែលមាន​ជាប់​ពាក់ព័ន្ធ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​កាត់ទោស​ទាំងអស់​រហូតដល់​រឹបអូស​នូវ​ទ្រព្យសម្បត្តិ​ទាំងឡាយ​ដែល​ពួកគេ​មាន​»​។

បើតាម​ប្រសាសន៍​លោក​ ហ៊ុន សែន គ្រាន់តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ក្នុង​ខេត្ត​កំពង់ឆ្នាំង​មាន​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ប្រមាណ​ជាង ២ ​ពាន់​ហិកតា ដែល​ធ្វើឡើង​ដោយ​អតីត​អភិបាលខេត្ត​ដែល​ទើប​ផ្លាស់ប្តូរ​តំណែង​ថ្មីៗ​នេះ ដោយ​ត្រូវ​ដកហូត​យកមក​អភិរក្ស​ឡើងវិញ និង​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​។

លោក ឈួរ ចន្ទឌឿន អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​បដិសេធថា លោក​មិនមាន​ដី​នៅតាម​បឹង​ទន្លេសាប​នោះទេ ខណៈ​លោក​អះអាង​ថា បញ្ហាដីធ្លី​ព្រៃ​លិចទឹក​នៅ​តំបន់​បឹងទន្លេសាប​កន្លងមក គឺ​ធ្លាប់មាន​ការកាប់​រានទន្ទ្រាន​ព្រៃ​លិចទឹក​នៅតាម​ភូមិ ឃុំ​ជា​ហូរហែ ដែល​ក្នុងនាម​អភិបាលខេត្ត កាលនោះ បាន​ធ្វើការ​ទប់ស្កាត់​ជា​បន្តបន្ទាប់ និង​មិន​បានចេញ​បណ្ណ​កម្មសិទ្ធិ​ឱ្យទៅ​បុគ្គល​ណា​ឡើយ​។

លោក​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ ខ្ញុំ​អត់​មាន​ទេ អត់​មាន​ដី​នៅ​ទន្លេ​ទេ​។ ចាំមើល​ក្រុម​អន្តរាគមន៍​ដែល​សម្តេច​ឱ្យ​ចុះទៅ​ហ្នឹង គេ​សិក្សា​មើល​សំដៅលើ​យ៉ាងម៉េច ខ្ញុំ​ក៏​មិនទាន់​យល់ថា​ម៉េចដែរ​ចាំមើល​មើល​»​។

លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​ថ្លែង​នៅ​ថ្ងៃទី​ ២៨ ខែវិច្ឆិកា​ថា អាវុធហត្ថ បាន​ចាត់ចែង​អនុវត្ត​ភ្លាមៗ បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី​។ ក្នុងនោះ​លោក​បានរៀបចំ​ប្រជុំ​បន្ទាន់ ដើម្បី​រៀបចំ​ក្រុមការងារ​ចុះទៅ​តំបន់​បឹងទន្លេសាប នៅ​ល្ងាច​ថ្ងៃទី​ ២៨ ខែវិច្ឆិកា​តែម្តង​គឺ​ទៅកាន់​គោលដៅ​ណា​ដែល​សំខាន់​ស្មុគស្មាញ​មាន​ការរំលោភ​ច្រើនជាងគេ​។

លោក​បាន​បញ្ជាក់ថា ក្នុង​ការចុះ​ទៅធ្វើ​ការងារ​នេះ សំខាន់​ទី​ ១ គឺ​យោងទៅតាម​របាយការណ៍​ព័ត៌មាន ដែល​ទទួល​បាន​ពី​រាជបណ្ឌិត្យ​សភា​កម្ពុជា ទី​ ២ នឹង​ផ្ទៀងផ្ទាត់​ព័ត៌មាន​នៃ​កម្លាំង​ដែល​ឈរជើង​នៅតាម​បណ្តា​ស្រុក និង​ខេត្ត ដើម្បី​ដឹងថា បទល្មើស​កើត​នៅ​កន្លែង​ណាខ្លះ និង​មួយទៀត​គឺ ទទួល​របាយការណ៍​ពី​អ្នក​សារព័ត៌មាន​ដែល​បាន​ផ្សាយ ទោះបី​ព័ត៌មាន​នោះ​ត្រឹមត្រូវ​ ឬ​មិន​ត្រឹមត្រូវ​ក៏ដោយ ក៏​ត្រូវយក​ព័ត៌មាន​នោះមក​ផ្ទៀងផ្ទាត់​ជាមួយ​និយាមការ និង​ភូមិសាស្ត្រ ដែល​ចាត់ទុកថា ជាការ​បំផ្លាញ​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​នោះ​។

លោក​ថ្លែងថា​៖ «​យើង​បាន​ត្រៀម​រៀបចំ​ទាំង​មធ្យោបាយ ទាំង​កម្លាំង​ហើយ​ដែរ នៅពេលដែល​កម្លាំង​នៅ​ខេត្ត កម្លាំង​នៅ​ស្រុក​មិនមាន​កម្លាំង​គ្រប់គ្រាន់ គឺ​យើង​មាន​កម្លាំង​អន្តរាគមន៍​មួយទៀត​សម្រាប់​ឆ្លើយតប​សំណូមពរ ដើម្បី​ធ្វើ​អន្តរាគមន៍​បន្ថែម​ទៅតាម​សេចក្តី​ត្រូវការ និយាយ​រួម​គឺ​យើង​មិន​ខ្វះ​កម្លាំង​ចុះ​ធ្វើ​កិច្ចការងារ​ទេ​»​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​នៅ​ថ្ងៃទី ២៨ វិច្ឆិកា សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​អ្វី​លម្អិត​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា រឿងនេះ​រាជបណ្ឌិត្យសភា បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​នេះ គឺជា​រឿង​ធំដុំ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​របស់លោក​។ លោក បាន​បញ្ជាក់ថា​៖ «​រឿងនេះ​វា​ធំដុំ​ណាស់ ទាក់ទង​ទៅនឹង​សន្តិសុខ​របស់​ខ្ញុំ​ផង ព្រោះ​បើ​គេ​លេង​តែ ១ ​ផាំង​មក នោះ​ខ្ញុំ គឺ​ងាប់​តែម្តង​។ ខ្ញុំ សូមអភ័យទោស​»​។

កាលពីដើម​ខែវិច្ឆិកា​នេះ លោក សុខ ទូច បាន​ដឹកនាំ​ក្រុមការងារ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​តំបន់​បឹង​ទន្លេសាប​ដោយផ្ទាល់ ដោយ​ក្នុងនោះ លោក​បាន​ពោលថា ទឹកដី​បឹង​ទន្លេសាប​ជា​សម្បត្តិ​មហាសាល​របស់​ខ្មែរ យើង​ត្រូវ​សិក្សា​ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​។

ខេត្ត​ដែល​ស្ថិតនៅ​ជាប់​បឹងទន្លេសាប​មាន​ចំនួន​ ៥ ​គឺ​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​កំពង់ធំ​៕

វីដេអូ៖