ភ្នំពេញៈ ​ពលរដ្ឋ​ជាង​ ១៥០ ​នាក់ ដែល​អះអាងថា​ជា​ជនរងគ្រោះ​ពី​គម្រោង​របស់​ក្រុមហ៊ុន បុរី វីអាយភី​ (VIP) ក្នុងភូមិ​ម៉ឺនត្រា​ សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​សុំ​កិច្ចអន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពី​បាន​ទិញ​ ​និង​បង់​រំលស់​ពី​គម្រោង​នេះ​ជាច្រើន​ឆ្នាំ ប៉ុន្តែ​មិនបាន​ទទួល​ផ្ទះ​​ និង​ប្លង់​កម្មសិទ្ធិ​តាម​ការសន្យា​​ ខណៈ​ម្ចាស់​ក្រុមហ៊ុន​អះអាង​​ថា​នឹង​ឆ្លើយតប​នៅ​ថ្ងៃ​ចន្ទ​នេះ​។

កាលពី​ថ្ងៃទី​ ២៦ វិច្ឆិកា តំណាង​ជនរងគ្រោះ​ជិត​ ១០ ​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ទាំងអស់​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ឱ្យជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្តេត ឯ.ក​ និង​បុរី​វីអាយភី​ឱ្យ​សាង​សង់ផ្ទះ​ដែល​ពួកគេ​បាន​ទិញ​ឱ្យបាន​រួចរាល់​ និង​ប្រគល់​ប្លង់​កម្មសិទ្ធិ បន្ទាប់ពី​ហួស​កាលកំណត់​តាម​កិច្ចសន្យា​ដល់​ ២ ទៅ​ ៣ ​ឆ្នាំ​មកហើយ​។

ក្នុង​ញត្តិ​របស់​ពលរដ្ឋ​បាន​អះអាងថា​៖ «​យើងខ្ញុំ​បាន​ទិញ​ផ្ទះ​ពី​បុរី វីអាយភី តាំងពី​ឆ្នាំ​ ២០១៨ រហូតមកដល់​បច្ចុប្បន្ន​នេះ ខាង​បុរី​ធ្វើ​ផ្ទះ​មិនទាន់រួច​តាម​ការកំណត់ និង​ខ្លះ​ហើយ តែ​មិនទាន់​ទទួលបាន​ប្លង់​កម្មសិទ្ធិ​។ ​ពេល​យើងខ្ញុំ​សុំ​ជួប ដើម្បី​ដោះស្រាយ ខាង​បុរី​មិន​ព្រម​ជួប និង​ចេះតែ​គេចវេះ​មិន​ព្រម​ចូល​​ខ្លួន​ដោះស្រាយ​ជាមួយ​ពួកខ្ញុំ​»​។

លោក យឹម រដ្ឋា ជា​ពលរដ្ឋ​រងគ្រោះ​ម្នាក់​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ វិច្ឆិកា បន្ថែមថា ពួកគាត់​ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹងទៅ​សង្កាត់ ខណ្ឌ​ និង​សាលា​រាជធានី​ភ្នំពេញ​ឱ្យជួយ​រក​ដំណោះស្រាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​មិន​ផ្តល់​ដំណោះស្រាយ ទើប​បានមក​​សុំ​កិច្ចអន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ឱ្យជួយ​ដោះស្រាយ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​ស្វែងរក​កិច្ចអន្តរាគមន៍​អស់ហើយ តាំងពី​ថ្នាក់ក្រោម​ដល់​លើ បាន​យើង​ឈានទៅ​សម្តេច​ឱ្យជួយ​នេះ​។ ​កន្លងទៅ​អាជ្ញាធរ​បាន​ជួយ​​សម្របសម្រួល គ្រាន់តែ​ខាង​បុរី​មិនមាន​ផ្តល់​សង្ឃឹម​អ្វី​ឱ្យ​យើង ​ព្រោះ​នៅពេល​សម្របសម្រួល​ហើយ ខាង​បុរី​មិន​ដាក់​ជាង​ទៅ​​ធ្វើ​ដដែល​ទុក​ផ្ទះ​យើង​ដុះ​ស្លែ​»​។

បើតាម​លោក យឹម រដ្ឋា ករណី​ពលរដ្ឋ​រងគ្រោះ​ទាំងអស់​គឺមាន​អង្គហេតុ​ខុសគ្នា ដោយ​អ្នកខ្លះ​បង់លុយ​ផ្តាច់​ហើយ​មិន​ទទួលបាន​ប្លង់ ខណៈ​ផ្ទះ​នៅ​មិនទាន់​សាងសង់​រួច​។ ចំណែក​អ្នកខ្លះ​នៅ​បន្ត​បង់​រំលស់ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មិន​បន្ត​ការសាងសង់​ឱ្យ​ចប់​តាម​ការសន្យា​ប្រគល់​ផ្ទះ​នោះទេ​។ លោក​ថា ក្រុមហ៊ុន​កុងត្រា​ជាមួយ​អតិថិជន​រយៈពេល​ ១២ ​ខែ ប្រគល់​ផ្ទះ​ជូន ប៉ុន្តែ​ដល់ពេល​ ១២ ​ខែ មិនទាន់​រួចរាល់ បែរជា​ក្រុមហ៊ុន​​ធ្វើ​កុងត្រា​សា​ថ្មី​បន្ត​តាំងពី​ ១២ ​ខែ​រហូតដល់​ ៣ ទៅ​ ៤ ​ឆ្នាំ​ដោយ​​អត់​ព្រម​ដាក់​ជាង​សង់​ទេ​។

លោក ​គង់ ចំរើន ​មន្ត្រី​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ វិច្ឆិកា​ថា ខុទ្ទកាល័យ​មិនទាន់​ទទួល​ញត្តិ​នោះ​ជា​ផ្លូវការ​ទេ ប៉ុន្តែ​លោក​​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​រៀបចំ​ឯកសារ​ឱ្យបាន​ត្រឹមត្រូវ​ជាមុន ខណៈ​ករណីនេះ​បាន​បង្វែរ​ឱ្យ​ថ្នាក់​ខណ្ឌដង្កោ​បន្ត​ដោះស្រាយ​។

លោក​បាន​បញ្ជាក់ថា​៖ «​មក​​ប្តឹង​នេះ ខ្ញុំ​មិនទាន់​បានទទួល​ឯកសារ​ទេ ព្រោះ​ឯកសារ​ពាក់ព័ន្ធ​ហ្នឹង​មិន​ត្រឹមត្រូវ​ទេ ហើយ​ពួកគាត់ ចេះតែ​ប្រមូលគ្នា​មក​។ តែ​ខាង​សាលាខណ្ឌ​ដង្កោ គេ​បាន​ណែ​នាំឱ្យ​បងប្អូន​ទាំងអស់​ហ្នឹង គាត់​រៀបចំ​ជា​ក្រុម ព្រោះ​ការទិញ​ដូរ​មាន​ការបង់​ផ្តាច់ ជា​ក្រុម​បង់​រំលស់ និង​អ្នក​បង់​រំលស់​ដាច់​ហើយ​។ ដូច្នេះ ការទាមទារ​របស់​ពួកគាត់ មាន​ការខូចខាត​​ខុសៗ​គ្នា​។ ដូចនេះ តាម​នីតិវិធី​ច្បាប់ អាច​ឈានទៅរក​ការប្តឹងប្ដល់​តាមផ្លូវ​តុលាការ​បាន​»​។

បើតាម​លោក គង់ ចំរើន ថ្ងៃ​ចន្ទ​នេះ​អាជ្ញាធរ​ខណ្ឌដង្កោ នឹង​​ណែនាំ​ឱ្យ​ពលរដ្ឋ​ទាំងនោះ​រៀបចំ​ឯកសារ​ដោយ​បែងចែក​ពលរដ្ឋ​រងគ្រោះ​ជា​កញ្ចប់​ឱ្យបាន​ត្រឹមត្រូវ និង​បែង​ចែង​ករណី​របស់​ពលរ​ដ្ឋ​នីមួយៗ​ឱ្យដាច់​ពី​​គ្នា​ ដើម្បីឱ្យ​ថ្នាក់​ខណ្ឌ​ស្រួល​បន្ត​កិច្ចសម្របសម្រួល និង​រក​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន​។

លោក វន វណ្ណៈ អគ្គនាយក​ក្រុមហ៊ុន អ.អិន វីអាយភី រៀលអ៊ីស្តេត ឯ.ក និង​បុរី​វីអាយភី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៨ វិច្ឆិកា​ថា ក្រុមហ៊ុន​របស់លោក​កំពុង​ប្រជុំពិភាក្សា ដើម្បី​ផ្តល់​ជា​ដំណោះស្រាយ និង​ឆ្លើយតប​ទៅ​អថិជន​នៅ​ថ្ងៃទី​ ២៩ វិច្ឆិកា​នេះ​។ លោក​ថា ក្រុមហ៊ុន​មិន​បាន​គេចវេះ ដូច​ពលរដ្ឋ​ចោទ​នោះទេ​គឺ​ក្រុមហ៊ុន​មាន​ជំហរ​ដោះស្រាយ​។

លោក​ថា​៖ «​ជាគោលការណ៍​​ក្រុមហ៊ុន​តែងតែ​ដោះស្រាយ​​ជាមួយ​គាត់​ជានិច្ច នៅពេល​​ដែល​គាត់​តវ៉ា​។ ក្រុមហ៊ុន​មាន​អំណះអំណាង​លើ​អ្វីដែល​ខ្លួន​​ជួបប្រទះ​បញ្ហា​។ ចំពោះ​បញ្ហា​​អ្វី​ផ្សេងទៀត ខ្ញុំ​សុំ​មិន​និយាយ​​ទេ ព្រោះ​ការលើកឡើង​របស់​ពលរដ្ឋ​គឺ​ត្រូវ​ខ្លះ អត់​ខ្លះ​...»​។

យ៉ាងណា លោក វន វណ្ណៈ បាន​អះអាង​ថា ក្នុងពេល​ឆាប់ៗ​​នេះ​ក្រុមហ៊ុន​អាច​នឹងធ្វើ​សន្និសីទ​កាសែត​ ដើម្បី​បកស្រាយ​ជាមួយនឹង​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​៕