ភ្នំពេញៈ លោក កឹម សុខា ​អតីតប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​អំពាវនាវ​ឱ្យ​លោក សម រង្ស៊ី និង​ក្រុម​របស់លោក​ឈប់​បំពាន​មកលើ​រូបលោក ដោយ​ការយក​ឈ្មោះ​ និង​រូបថត​របស់លោក​ទៅ​ប្រើប្រាស់​ភ្ជាប់​ជាមួយ​សកម្មភាព​មហិច្ឆតា​នយោបាយ​របស់ខ្លួន ដោយ​លោក កឹម សុខា បញ្ជាក់ថា ទង្វើ​ទាំងនេះ​​សបញ្ជាក់​ឱ្យឃើញថា សម រង្ស៊ី និង​ កឹម សុខា មិនមែនជា​មនុស្ស​តែមួយ​ទេ​។

លោក កឹម សុខា ដែល​នៅតែ​ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​នៅឡើយ ក្រោម​ការចោទប្រកាន់​ពីបទ «​ក្បត់ជាតិ​» នៅ​ថ្ងៃទី​ ២៨ ខែវិច្ឆិកា ឆ្នាំ​ ២០២១​ បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក​ថា រហូតមក​ដល់​ពេលនេះ លោក សម រង្ស៊ី និង សហការី នៅតែ​បន្ត​យកឈ្មោះ និង​រូបថត​របស់លោក ទៅ​ប្រើប្រាស់​ភ្ជាប់​ជាមួយនឹង​សកម្មភាព​នានា ដែល​ពុំមាន​ការអនុញ្ញាត ឬ​គាំទ្រ​ពី​រូបលោក​។ លោក​បញ្ជាក់ថា​៖ «​លើសពី​នេះ​ទៅ​ទៀត ជាក់ស្តែង លោក សម រង្ស៊ី និង​សហការី បាន​ដើរ​ចេញពី​គោលការណ៍ និង​ស្មារតី​ដើម​នៃ​ការរួបរួម ដោយ​ទៅ​បង្កើត​ចលនានយោបាយ​ផ្សេងៗ និង​មុខតំណែង​ខ្លួនឯង ជាពិសេស​ថ្មីៗ​នេះ គឺ​ការត្រឡប់​ទៅ​គាំទ្រ​ដោយ​ចំហ​ ឬ​នៅ​ពីក្រោយ​ការដឹកនាំ​គណបក្សនយោបាយ​ចាស់​របស់​ពួកគេ គឺ​គណបក្ស​ភ្លើងទៀន​»​។ «​ទង្វើ​របស់​ពួកគេ​សបញ្ជាក់​ឱ្យឃើញថា សម រង្ស៊ី និង​ កឹម សុខា មិនមែនជា​មនុស្ស​តែមួយ​ទេ ព្រោះ​សកម្មភាព​ទាំងអស់​នេះ មិនមាន​ការគាំទ្រ ឬ​ជា​ជំហរ​របស់ខ្ញុំ​ឡើយ​»​។

លោក កឹម សុខា ដែល​កំពុងតែ​ជាប់​នៅក្នុង​បម្រាម​ធ្វើ​នយោបាយ​នៅឡើយ​បាន​អំពាវនាវ​ដល់​លោក សម រង្ស៊ី និង សហការី​ឈប់​បំពាន​មកលើ​រូបលោក ដោយ​ការយក​ឈ្មោះ និង​រូបថត​លោក​ទៅប្រើ​ប្រាស់​ភ្ជាប់​ជាមួយ​សកម្មភាព​មហិច្ឆតា នយោបាយ របស់ខ្លួន​ដែល​ធ្វើឱ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​មាន​ការភាន់ច្រឡំ​។ «​ខ្ញុំ​សូមបញ្ជាក់​ផង​ដែរ​ថា ខ្ញុំ​មិន​ពាក់ព័ន្ធ និង មិន​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់លោក សម រង្ស៊ី និង ក្រុម​នោះឡើយ​»​។

លោក សម រង្ស៊ី តែងតែ​ថ្លែង​នៅក្នុង​វេទិកា​ជួបជុំ អ្នកគាំទ្រ​របស់លោក និង​មន្ត្រី​អតីត​គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ នៅឯ​ក្រៅប្រទេស​ថា រូបលោក និង​លោក​ កឹម សុខា ជា​មនុស្ស​តែមួយ និង​បានដាក់​ផ្ទាំង​រូបភាព​ចាប់ដៃគ្នា លើកដៃ​ឡើងលើ ដែល​ជា​សញ្ញា​មិន​បែកបាក់​គ្នា​។

លោក​ សម រង្ស៊ី ​កាលពី​ថ្មីៗ​នេះ នៅក្នុង​ពិធី​ជួបជុំ អ្នកគាំទ្រ​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា លោក​បាន​ថ្លែង​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ឱ្យ​បើក​ចិត្ត​ទូលាយ និង​កុំ​បង្ហាញ​ពី​ការបែកបាក់​គ្នា នៅក្នុង​កាលៈទេសៈ​នេះ​ដោយ​លោក​ថា វា​មិន​ចំណេញ​ដល់​ប្រទេសជាតិ​ឡើយ​។

លោក ថាច់ សេដ្ឋា អនុប្រធាន​ទី​ ១ គណបក្ស​ភ្លើងទៀន​ថ្លែងថា លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ចំពោះ​ករណី លោក កឹម សុខា និង​លោក សម រង្ស៊ី នេះ ព្រោះ​លោក​យល់ថា ជា​ករណី​ផ្ទាល់ខ្លួន​របស់​អ្នក​ទាំង​ ២​។ សម្រាប់​រូបលោក លោក​ដឹង​តែ​បំពេញ​កិច្ចការងារ និង​ពង្រឹង​គណបក្ស​ភ្លើងទៀន​តែប៉ុណ្ណោះ​។

លោក សេង សារី អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​យល់ឃើញថា លោក កឹម សុខា មិនទាន់​ផុត បម្រាម​របស់​តុលាការ​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​នយោបាយ ហើយ​ការសរសេរ​របស់​លោក​បែបនេះ វា​ជា​សារនយោបាយ តាមរយៈ​ការប្រើប្រាស់​ពាក្យសម្តី គឺ​មិន​ចំណេញ​នោះទេ ខណៈ លោក សម រង្ស៊ី បានប្រកាស​ពី​ការមិន​បែកបាក់ និង​នៅ​ប្រើប្រាស់​សារ​ សម រង្ស៊ី និង​​ កឹម សុខា ជា​មនុស្ស​តែមួយ​។ លោក​ពន្យល់ថា មូលហេតុ​ដែល​មិន​ចំណេញ​ដល់​លោក កឹម សុខា គឺ​បាត់បង់​សង្គ្រោះជាតិ ព្រោះ​បើ​លោក កឹម សុខា ចង់​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ឡើងវិញ គឺ​គាត់​ត្រូវ​ដើរ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ខ្លួនឯង​ខណៈដែល​លោក​ សម រង្ស៊ី មិន​ដើរចេញ​ទេ ព្រោះ​លោក សមរង្ស៊ី អត់​អាចធ្វើ​នយោបាយ​បាន និង​នៅ​ឱប​និង​រក្សា​ព្រលឹង​គណបក្ស​សង្គ្រោះជាតិ​។

លោក​បន្តថា នៅពេល​ដែល​លោក សម រង្ស៊ី រក្សា​ព្រលឹង​សង្គ្រោះ​ជាតិ​បាន លោក សម រង្ស៊ី នឹង​ប្រកាស​ឱ្យ​ព្រលឹង ឱ្យចូល​ទៅក្នុង​បក្ស​ណាមួយ ដូចជា​ប្រកាស​ឱ្យចូល​គណបក្ស​ភ្លើងទៀន ឬ​គណបក្ស​ណាមួយ​នោះ វា​នឹង​ធ្វើឱ្យ​ឥទ្ធិពល​គណបក្ស​នយោបាយ​នោះ​កាន់តែ​រីក​ធំ​។

លោក​បន្តថា ចំណែក​លោក កឹម សុខា គួរតែ​យក​ពេលវេលា​ទៅ​ណែនាំ​មន្ត្រី​នៅ​ជុំវិញខ្លួន ដែល​តែងតែ​និយាយ​ផ្តេសផ្តាស​ជា​ប្រភេទ​ «​ត្រី​ក្រឹម​ខាំ​កន្ទុយ​ខ្លួនឯង​»​។ «​កន្លងមកនេះ​យើង​ឃើញថា មន្ត្រី​នៅ​ជុំវិញ​គាត់ វង្វេង​សមរភូមិ ប្រើប្រាស់​មធ្យោបាយ​ទូល​លោក​ កឹម សុខា ជាន់​ក្បាល​ សម រង្ស៊ី ដើម្បី​វ៉ៃ​ជាមួយ ហ៊ុន សែន​។ អាហ្នឹង​មិនមែន​ជា​មធ្យោបាយ​ល្អ​ទេ គឺ​គាត់​ត្រូវតែ​ធ្វើការ​ប្រដែប្រដៅ​ពួកហ្នឹង​»​។

គណបក្ស​ភ្លើងទៀន កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា បានរៀបចំ​ធ្វើ​សមាជ ដើម្បី​កែសម្រួលក្ខន្តិកៈ​ និង​រៀបចំ​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ ដោយបាន​បោះឆ្នោត​ជ្រើសរើស​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ និង​សង្គម​ស៊ីវិល​មួយចំនួន​ទៅក្នុង​គណៈកម្មាធិការ​នាយក គណៈកម្មាធិការ​អចិន្រៃ្តយ៍ និង​ប្រធាន អនុប្រធាន​អគ្គលេខាធិការ​របស់​គណបក្ស​។

លោក ថាច់ សេដ្ឋា ថ្លែង​នៅ​ថ្ងៃទី ២៨ វិច្ឆិកា​ថា ជាមួយគ្នានេះ គណបក្ស​ក៏បាន​អនុម័ត​ទៅលើ​យុទ្ធសាស្ត្រ​ និង​គោលនយោបាយ​មួយចំនួន​ទៀត​សម្រាប់​អនុវត្ត​នៅពេល​ខាងមុខ និង​មួយវិញទៀត រៀបចំ​រចនាសម្ព័ន្ធ​ឱ្យទៅដល់​ឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស ប៉ុន្តែ​លទ្ធភាព​ក្នុង​ការចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ មិនទាន់​សម្រេច​នៅឡើយ​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែងថា ការធ្វើ​សមាជ​របស់​គណបក្ស​ភ្លើងទៀន​គឺជា​ការវិវត្ត​ថ្មី​មួយទៀត​ចុងក្រោយ​នៃ​នយោបាយ​របស់​កម្ពុជា ជាពិសេស​នយោបាយ​របស់​គណបក្ស តាមរយៈ​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​កំពុង​ស្វះស្វែងរក​ទីតាំង​ឈរជើង សម្រាប់​ការចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នៅ​ឆ្នាំ​ ២០២២ និង​នៅ​ឆ្នាំ​ ២០២៣ ខាងមុខ​។

លោក​ថា មួយទៀត​ក៏​វា​បង្ហាញ​ពី​ការបែកខ្ញែក​គ្នា​រវាង​សម្ព័ន្ធមិត្ត​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះថា គណបក្ស​ភ្លើងទៀន​នេះ ជា​គណបក្ស​របស់លោក​ សម រង្ស៊ី​។ ទោះបី​លោក សម រង្ស៊ី មិន​ចេញមុខ​ដោយផ្ទាល់​ក្តី ប៉ុន្តែ​គេ​ដឹងថា​គូកន​ និង​ក្រុម​បក្ស​របស់​លោក​បាន​ទៅ​ប្រមូលគ្នា​ជ្រក​ក្រោម​គណបក្ស​ភ្លើងទៀន​នេះ​រួចទៅហើយ​។ លោក​ថា​៖ «​នេះ គឺជា​សញ្ញា​មួយ​ដែលថា ពួកគេ​បាន​បែក​គ្នា​ទៅលើ​គំនិត ដែល​ចង់ឃើញ​រស់ឡើង​វិញ​នូវ​គណបក្ស​សង្គ្រោះជាតិ​។ ការរៀបចំ​សមាជ​នេះ​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់ថា នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ចុងក្រោយ​នេះ​វិវត្ត​ទៅរក​ស្ថានភាព​ល្អប្រសើរ​ពោលគឺ​លម្ហ​នយោបាយ​មិន​ត្រូវបាន​រឹតត្បិត​ទេ​»៕

វីដេអូ៖