ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃទី ២៩ ​វិច្ឆិកា​ បាន​យក​បណ្តឹង​សារទុក្ខ​របស់​បុរស​ជន​ជាតិចិន​តៃវ៉ាន់​ម្នា​ក់មក​ជំនុំជម្រះ ​បន្ទាប់ពី​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ភ្នំពេញ​តម្កល់​ទោស ២២ ឆ្នាំ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​គ្រឿងញៀន​មេ​តំហ្វេ​តាមីន ​៦៧៩,៦៥ ក្រាម​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ រាជធានី​ភ្នំពេញ​ កាលពី ​ខែកក្កដា ឆ្នាំ ២០១៣។

នៅក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល​នៅ​ថ្ងៃទី ២៩​ វិច្ឆិកា ខណៈ​មាន​វត្តមាន​ជន​ជាប់ចោទ​លោក​ចៅក្រម ឃឹម ប៉ុណ្ណ ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​អង្គ​ហេតុថា ​សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ឈ្មោះ​លី តឹង​ស៊ាង ​ភេទប្រុស ​អាយុ​ ៥៩ ​ឆ្នាំ​ និង​ឈ្មោះ​ចាង វិន​ជន ​ភេទប្រុស ​អាយុ៤០ឆ្នាំ ​និង ​ឈ្មោះ​ឡ យ៉ុង​មិញ ភេទ​ប្រុស ​អាយុ ៣០ ឆ្នាំ។ ពួកគេ​ជា​ជនជាតិ​ចិន​តៃវ៉ាន់។

លោក​បន្តថា ​កាលពី​ខែ កក្កដា ​ឆ្នាំ ២០២១៣ ​ក្រុម​ជនសង្ស័យ​បានបើក​រថយន្ត​ដល់​ចំណុចភូមិ​ត្រពាំង​ឈូក ក្នុង​សង្កាត់​ ទឹកថ្លា ​ខណ្ឌសែន​សុខ ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដែល​ក្លែង​ធ្វើជា​ម៉ូយ​ទិញ​គ្រឿងញៀន​ចាប់ខ្លួន​ពួកគេ​ទាំង ៣ នាក់​តែម្តង។

តាម​អង្គហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា ​សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ​នៅ​ថ្ងៃទី ៦​ មិនា ​ឆ្នាំ ២០១៤ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ២៣ មិនា ឆ្នាំ ២០១៤ សម្រេច​ឱ្យឈ្មោះ​ចាង វិ​ន​ជន រួចខ្លួន​ពីបទ​ចោទ។ ប៉ុន្តែ​តុលាការ​បាន​ផ្តន្ទាទោស​ឈ្មោះឡ យ៉ុង​មិញ​ ដាក់​ពន្ធនាគារ​កំណត់រ​យៈ​ពេល ​២៥ ឆ្នាំ និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ​ចំនួន ១០​ លាន​​រៀល និង​ឈ្មោះ​លី តឹង​ស៊ាង ​ដាក់ពន្ធនាគារ​កំណត់​រយៈពេល​ ២២ ឆ្នាំ ​និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ​ចំនួន ៤០ លាន​រៀល​។

អង្គហេតុ​បន្តថា ​ដោយ​មិន​សុខ​ចិត្តនឹង​សាលក្រម​នេះ​ក៏​ត្រូវបាន​ជនជាប់ចោទ​ទាំង ២ នាក់​នេះ​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ហើយ​​សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី ៧​ មេសា ឆ្នាំ២០២១ សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដដែល។ ប៉ុន្តែ​មានតែ​ជនជាប់ចោទ​ឈ្មោះលី តឹង​ស៊ា​ង តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ប្តឹង​សារទុក្ខ​មក​តុលា​ការ​កំពូល។

នៅក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី ២៩ ​វិច្ឆិកា លោក​មេធាវី វ៉ិត សុវណ្ណា​រ៉ា ការពារ​សិទ្ធិ​ឱ្យ​ឈ្មោះ​លី តឹង​ស៊ាង ​សន្និដ្ឋានថា ​កូនក្តី​របស់​លោក ​ជា​អ្នក​ស៊ីឈ្នួល​បើករថយន្ត​ដឹក​ភ្ញៀវ​ ដូច្នេះ​គាត់​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ទេ។

លោក​ប្រាប់​ចៅក្រម​ថា​៖ «ពេល​សមត្ថកិច្ច​ឆែកឆេរ​ក្នុង​រថយន្ត​មិនឃើញ​គ្រឿងញៀន​ទេ ​ហើយ​កាលពី​នៅ​តុលាការ​ថ្នាក់ក្រោម​ឈ្មោះ​ឡ យ៉ុង​មិញ​ ឆ្លើយ​ទទួលខុស​តែ​ម្នាក់​គាត់​ទេ។ ខ្ញុំ​ស្នើ​សុំឱ្យ​តុលាការ​កំពូល​បង្វិល​សំណុំរឿង​ទៅ​សាលាឧទ្ធរណ៍​ជម្រះ​ឡើង​វិញ»។

លោក​ប៊ូ ប៊ុន​ហាង ​តំណាង​មហាអយ្យការ​តុលាការ​កំពូល ​សន្និដ្ឋានថា ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ពេល​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង។ ចំណែក​ឈ្មោះ​ លី តឹង​ស៊ាង ​បើទោះជា​ពេល​សមត្ថកិច្ច​ចាប់​មិន​ឃើញ​មាន​គ្រឿងញៀន​ក្តី​ តែ​ពួកគេ​មាន​ទំនាក់​ទំនង​គ្នា​ជា​បណ្តាញ។

លោក​ថ្លែងថា​៖«ខ្ញុំ​សូម​ស្នើ​ដល់​ក្រុមប្រឹក្សា​ជំនុំជម្រះ​តម្កល់​សាលដីកា របស់​សាលាឧទ្ធរណ៍​ទុក​ដដែល ​ព្រោះ​បទល្មើស​នេះ​វា​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុវត្ថិភាព និង​សន្តិសុខ ​សង្គម»។

ក្រោយ​ពី​ជំនុំជម្រះ​មក ​លោក​ចៅក្រម ឃឹម ប៉ុណ្ណ ​បាន​ថ្លែងថា ​សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ១៣ ធ្នូ៕