ភ្នំពេញៈ សមាគម​ចាប៉ី​អមត ​នឹង​បង្ហាញ​ទស្សនីយភាព ​នៃ​ការសម្តែង​ចាប៉ី​ដងវែង​ជាក្រុម​នៅ​ភូមិ​ថ្មី​ជង្រុក ​ឃុំ​យា​អង្គ ​ស្រុក​ថ្ពង ​ខេត្ត​កំពង់ស្ពឺ ​នៅ​ថ្ងៃ​ទី៣០​ ខែវិច្ឆិកា ​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​៥ឆ្នាំ ​នៃ​ការដាក់​បញ្ចូល​ចាប៉ី​ដង​វែង ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ​របស់​អង្គការ​យូណេស្កូ ។

លោក​ពេជ្ជ សារ៉ាត ​ប្រធាន​សមាគម​ចាប៉ី​អមត ​ថ្លែង​នៅ​ថ្ងៃទី២៩ ​ខែវិច្ឆិកាថា ​ ការបង្ហាញ​ទស្សនីយភាព​នេះ ​មាន​ការប្រមូល​ផ្តុំ​ក្រុម​សិល្បៈ​ចាប៉ី​ដងវែង​ ៣ ជំនាន់ ​ក្នុង​នោះ​មាន​ជំនាន់​ព្រឹទ្ធាចារ្យ ​ជំនាន់​យុវវ័យ និ​ង​ជំនាន់​កុមារ​បន្តវេន។​ ការសម្តែង​នេះ ​ធ្វើឡើង​ ដើម្បី​អបអរសាទរ​ខួប​៥ឆ្នាំ ​នៃ​ការដាក់​បញ្ចូល​ចាប៉ី​ដង​វែង​របស់​កម្ពុជា​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ​របស់​អង្គការ​យូណេស្កូ។ ​

លោក​ប្រធាន​សមាគម​បញ្ជាក់ថា ​មុន​កម្មវិធី​សម្តែង​ទស្សនីយភាព ​ដែល​ចាប់​ផ្តើម​ពីម៉ោង ​៩ ​ដល់​ម៉ោង ​១១ ព្រឹក​នោះ ​នឹង​មាន​ការលេង​ល្បែង​ប្រជាប្រិយ​ច្នៃប្រឌិត​ថ្មីមួយ​ហៅថា ​ចម្រើន​ចាប៉ី​ដងវែង ​សម្រាប់​លេង​កម្សាន្ត​មុន​នឹង​ក្រុមសិល្បៈ​ជំនាន់​ព្រឹទ្ធាចារ្យ ​យុវវ័យ និង​ជំនាន់​កុមារ​ធ្វើការ​សម្តែង​ទស្សនីយ​ភាព។ ក្នុង​នោះ ​ក៏មាន​ការស្ម័គ្រចិត្ត​ពី​យុវជន​ល្ខោនខោល​ចូល​រួម​លើក​ទស្សនីយភាព​ល្ខោន​ខោល​ចូលរួម​កម្មវិធី​ផង​ដែរ។

បើ​តាម​លោក​ពេជ្ជ សារាត ​លោក​កត់សម្គាល់​ឃើញ​ថា ​យុវជន​សម័យ​ថ្មី ​មិនសូវ​មាន​ការជួបជុំ​ជជែក​អំពី​ចាប៉ី​ដងវែង ​ឬ​សិល្បៈ​បុរាណ​ផ្សេងៗ​នោះ​ទេ។ ហេតុនេះ​ក្នុង​ការរៀបចំ​សម្តែង​ដោយ​ដាក់បញ្ចូល​ទាំង​ព្រឹទ្ធាចារ្យ ​និង​កុមារ​បែបនេះ ​ព្រោះ​សិល្បៈ​បុរាណ​ខ្មែរ​ស្ថិត​ក្នុង​ដៃ​យុវជន​បច្ចុប្បន្ន​ ហើយ​យុវជន​គួរតែ​ជួប​ជុំគ្នា ​ពិភាក្សា​គ្នា ​អំពី​វប្បធម៌​សិល្បៈ​បុរាណ​ខ្មែរ។

លោក​ថ្លែងថា​៖«ខ្ញុំ​លើក​ទឹកចិត្ត​ឱ្យ​កុមារ​ចូលរួម ​ព្រោះ​កុមារ​គឺជា​ទំពាំង​ស្នងឫស្សី ​គឺជា​អ្នក​បន្តវេន​របស់​មរតក​វប្បធម៌​ខ្មែរ។ បើសិន​ជា​ទៅថ្ងៃ​អនា​គត​យើង​មាន​ការបាត់បង់ ​ឬ​មាន​ការមិនគាំទ្រ​ ឬ​ការគាំទ្រ​តិច​ទៅៗ ​មានតែ​យុវជន ​និង​កុមារ​បច្ចុប្បន្ន​ហ្នឹង​ហើយ ​ដែល​ជា​អ្នក​ទទួល​កាតព្វកិច្ច​លើក​ស្ទូយ​បន្ត»។

លោក​ពេជ្ជ សារាត ​ឱ្យដឹង​ទៀតថា ​ការម្តែង​ទស្សនីយភាព​នេះ​នឹង​មាន​លេង​បទថ្វាយ​គ្រូ ​ថ្វាយ​ព្រះពិស្នុកា ​ដែល​លេង​ជាបទ​ផាត់ជាយ​ជុំគ្នា​ក្នុង​ពេល​តែ​មួយ។ ជាមួយ​គ្នា​នោះ​មាន​ការរំលេច​នូវ​ព្រឹទ្ធាចារ្យ ​យុវជន ​ជាពិសេស​កុមារ ​ដែលមាន​ការច្រៀង​បទ​ឡាឌីត្រា ​ដោយ​សម្តែង​ផ្ទាល់​ក្នុង​ការប្រគុំ​ចាប៉ី​ដងវែង​អម​ជាមួយ​ចម្រៀង​ជាក្រុម​តែ​ម្តង។ ក្នុង​កម្មវិធី​នោះ ​ក៏មាន​ការដាក់​បង្ហាញ​ចាប៉ី​ដងវែង​ចំនួន​ ២១ ចាប៉ី ​ដែល​មានខ្នាត​កុមារ​ ខ្នាត​នារី ​និង​ខ្នាត​បុរស​ផង​ដែរ។

លោក ​ស៊ុប ស័ក្ខរា ​ប្រធាន​ក្រុម​សិល្បៈ​ហ្វូណន​ថ្លែងថា ​ការបង្ហាញ​ទស្សនីយភាព​នេះ ​គឺជា​ចំណុច​ចាប់ផ្តើម​ដ៏ល្អ​មួយ ​ព្រោះ​កាលណា​មាន​កម្ម​វិធី​អបអរ​ការរំឭក​ខួប​បែបនេះ ​នឹង​មាន​អ្នក​ចូល​រួម។ អ្នក​ចូលរួម​ទាំងនោះ​អាចមើល​នូវ​អ្វី ​ដែល​ក្រុម​សិល្បៈ​បានបង្ហាញ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​មាន​ការចាប់​អារម្មណ៍​ក្នុង​ការរៀន​ពី​សិល្បៈ​បុរាណ​ខ្មែរ។ ជាក់​ស្តែង​ដូចជា​ការសម្តែង​ទស្សនីយភាព​ចាប៉ី​ដង​វែង​នេះ​អ្នករៀបចំ​អាច​បង្ហាញ​ទ្រង់​ទ្រាយ​ ជា​ដើម​ចម្រៀង​ទៅដល់​អ្នក​ទស្សនា។

លោក​ថ្លែងថា​៖ «យើង​អាច​បង្ហាញ​ពី​ចម្រៀង​ចាប៉ី ​បង្ហាញ​ពី​ចាប៉ី ​ប្រវត្តិ​ចាប៉ី ​ឱ្យអ្នក​ដែល​ចូលរួម​ដូចជា​យុវជន​ជាដើម​ហ្នឹង​បានស្គាល់ ​បាន​ដឹង​កាន់តែ​ច្បាស់។ អ៊ីចឹង​វា​ជាចំណុច​មួយ​អាចធ្វើ​ឱ្យ​គាត់​មាន​ចំណាប់អារម្មណ៍ ​ចង់​ស្វែងយល់​បន្ថែម​គាត់​នឹងអាច​ចាប់​ផ្តើម​ហាត់​រៀន​ ឬ​ទៅរៀន​ជា​មួយ​នឹង​គ្រូ​ដែល​មាន​ជំនាញ​ខាង​ហ្នឹង»។​

លោក​ថា ​ដើម្បី​ឱ្យ​យុវជន​ជំនាន់​ថ្មី​មាន​ការចូលរួម​គាំទ្រ​ដល់​សិល្បៈ​បុរាណខ្មែរ​ឱ្យកាន់តែ​ច្រើន​ឡើង​វិញ​នោះ ​គឺ​អាស្រ័យ​ទៅ​លើការ​យកចិត្ត​ទុក​ដាក់​ពី​ថ្នាក់​ដឹកនាំ​នៃ​ជំនាញ​ខាង​សិល្បៈ​បុរាណ ​ថាតើ​ត្រូវ​មាន​ការរៀបចំ​យ៉ាង​ណា ​ការជំរុញ​យ៉ាងម៉េច ​និង​ កត្តា​អប់រំ​ដោយ​របៀប​ណា។

លោក​ថ្លែងថា​៖«ព្រោះ​កាលណា​អ្នកមើល​អត់​ស្គាល់​ទេ ​គាត់​មិនដឹង​ថា ​ចូលរួម​គាំទ្រ​យ៉ាង​ម៉េច។ បើ​មាន​ថ្នាក់​បណ្តុះ​បណ្តាល​ទៅ​តាម​ភូមិឃុំ​ ឬ​តាម​សាលារៀន​បញ្ជ្រាប​ឱ្យ​គាត់​បានយល់ ​បានដឹង​ប្រហែល​អាច​មាន​ការគាំទ្រ​កាន់តែ​ច្រើន»។

លោក​ស៊ីយ៉ុន សុភារិទ្ធ ​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ ​ថ្លែង​នៅ​ថ្ងៃទី ២៩ ​ខែវិច្ឆិកាថា ​ការដែល​សហគមន៍ ​អ្នក​ប្រតិបត្តិករ​ អ្នកសិល្បករ​ជាដើម​បានលើក​តម្កើង​សិល្បៈ​បុរាណ​ខ្មែរ​ ក្រសួង​គាំទ្រ​ទាំង​ស្រុង​ចំពោះ​សកម្មភាព​ទាំង​អស់​នោះ។ ក្រសួង​វប្បធម៌​ក៏ជំរុញ​ឱ្យ​សហ​គមន៍​ដែល​មាន​មរតក​វប្បធម៌​អរូបី​ទាំង​អស់នោះ​រក្សា​និង​ធ្វើ​ការ​ពង្រីក​ឱ្យបាន​ទូលំ​ទូលាយ។ ចំណែក​ក្រសួង ​ក៏​មានការជួយ​ទៅតាម​លទ្ធភាព​ដែល​មាន​ផង​ដែរ។ ក្រសួង​វប្បធម៌ ​បានធ្វើ​ការផ្សព្វផ្សាយ​ក្នុង​ទម្រង់​ហៅថា ​រាត្រី​ចងចាំ ​កាលពី​ថ្ងៃទី ២៨ ​ខែវិច្ឆិកា ​ដែល​បង្ហោះ​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ​និង​ស្ថានីយ​ទូរទស្សន៍​ផ្សេងៗ​បានយ៉ាង​ទូលំ​ទូលាយ។ ក្រសួង​វប្បធម៌​ក៏បាន​ស្នើសុំ​ដល់​អ្នកដែល​ចេះ​សិល្បៈ​អរូបី​នៅ​តាម​បណ្តា​ខេត្ត​ទាំងអស់​ ឱ្យយក​ស្នាដៃ​របស់​ខ្លួន​ទៅ​បណ្តុះបណ្តាល​នៅតាម​សហគមន៍​ដែល​ខ្លួន​រស់នៅ​ផងដែរ។

បើ​តាម ​លោក ​ស៊ីយ៉ុន សុភារិទ្ធ ​ក្រសួង​វប្បធម៌​ក៏មាន​គម្រោង​ទាក់ទាញ​ទឹកចិត្ត​ឱ្យមាន​ការចូលរួម​ផង​ដែរ ​ក្រោយ​សង្កេត​ឃើញថា ​មាន​ការចូល​រួម​ខ្លាំង​ជាងមុន​ បន្ទាប់ពី​មាន​ការដំឡើង​ស្នាដៃ​ចំនួន​ ២ ​គឺ ​ការដេញ​ចាប៉ី​លេង​ជារឿង ​ដែល​មាន​រឿង​សុណ្ណសាម ​និង​រឿង ​សុបិន​កុមារ។

លោក​ថ្លែងថា​៖«រឿង​ហ្នឹង​មាន​ការគាំទ្រ​ច្រើន​គឺ​យើង​ឱ្យ​គេ​ដេញ​ចាប៉ី​ទៅ​ យើង​លេង​ជាល្ខោន ​ជាការបង្កើត​ថ្មី។ ទម្រង់​ចាប៉ី​នៅ​តែ​ជា​ទម្រង់ ​គឺ​យើង​រក្សា​ប្រភេទ​ចាប៉ី​ហ្នឹង​របៀបរបប ​នៃ​ការសម្តែង​ចាប៉ី​ហ្នឹង​ ឱ្យ​នៅ​ដដែល។ ទន្ទឹម​គ្នា​ហ្នឹង ​គឺ​យើង​ជំរុញ​ឱ្យមាន​ការទាក់​ទាញចូល​មើលថា​ ចាប៉ី​ហ្នឹង​យ៉ាង​ម៉េច»៕