ភ្នំពេញៈ ក្រុម​អ្នកគាំទ្រ​លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា បាន​បញ្ចេញមតិ​យក​ត្រូវ និង​ផ្លោង​សម្តី​តាម​បណ្តាញ​សង្គម គាំទ្រ​សកម្មភាព​មេដឹកនាំ​រៀងៗ​ខ្លួន ក្រោយពី​លោក​ កឹម សុខា បាន​ប្រកាស និង​អំពាវនាវ​ដល់ដៃ​គូ​នយោបាយ​របស់​ខ្លួន លោក​ សម រង្ស៊ី កុំឱ្យ​យក​ឈ្មោះ​របស់លោក​ទៅ​ប្រើប្រាស់ ដើម្បី​កេងចំណេញ និង​ផលប្រយោជន៍​។

លោក​ មុត ចន្ថា មនុស្ស​ស្និទ្ធ​នឹង​លោក​ កឹម សុខា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​ ២៩ វិច្ឆិកា ថា លោក​ សម រង្ស៊ី ខ្លួនឯង​ជា​អ្នក ដែល​បាន​រុះរើ​ផ្ទះ​សង់​រួមគ្នា​ជាមួយ​លោក​ កឹម សុខា និង​វេចបង្វេច​ចុះ​ចេញ​ពី​ផ្ទះ​ដោយ​បើកចំហ​ទៅ​កសាង​ផ្ទះ​ថ្មី​ជាមួយ​អតីត​គ្រួសារ​វិញ គឺ «​គណបក្ស​ភ្លើងទៀន​» ​ដែល​ត្រូវបាន​ធ្វើ​សមាជ​កាលពី​ថ្ងៃទី​ ២៧ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

លោក​ មុត ចន្ថា បន្តថា លោក​ កឹម សុខា ស្នើឱ្យ​លោក សម រង្ស៊ី និង​ក្រុម​របស់គាត់​បញ្ឈប់​យក​ឈ្មោះ និង​រូបថត​របស់គាត់​ទៅ​ប្រើប្រាស់​តទៅទៀត ដើម្បី​មហិច្ឆតា​នយោបាយ​របស់​ពួកគេ​។ នេះ​ជា​ការទាមទារ​ត្រឹមត្រូវ​បំផុត​ពី​ជនរងគ្រោះ គឺ​លោក​ កឹម សុខា ដែល​មិន​អនុញ្ញាត​ឱ្យ​ភាគី​ល្មើស​បន្ត​កេងប្រវ័ញ្ច​ផលប្រយោជន៍​របស់គាត់​តទៅទៀត​។

លោក​ មុត ចន្ថា ថ្លែងថា​៖ «​គណបក្ស​ភ្លើងទៀន​ដំណើរការ​ឡើងវិញ ស្មើនឹង​លោក​ សម រង្ស៊ី ​ដកខ្លួន​ចេញពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​បើសិន​គ្មាន​គណបក្ស​ភ្លើងទៀន​ស្ថិតក្នុង​អតីតគណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​ សម រង្ស៊ី គ្មាន​គណបក្ស​តំណាង​ទៀត​ទេ​។ ផ្ទុយទៅវិញ​មានតែ​គណបក្ស​សិទ្ធិមនុស្ស​តែ​ ១ ​គត់​ស្ថិតក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​»​។

លោក​ ប៉ាង សុខឿន អ្នកគាំទ្រ​លោក​ សម រង្ស៊ី នៅឯ​ក្រៅប្រទេស​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៩ ខែវិច្ឆិកា​ដែរ​ថា បើ​គ្មាន​លោក​ សម រង្ស៊ី បក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​ស្លាប់​ ១០០%​។ រឿង​បក្ស​ភ្លើងទៀន​ធ្វើ​សមាជ មិនមាន​អ្វី​ខុស​ទេ ព្រោះថា សកម្មជន​ទាំងអស់​ដែល​មិន​អាចធ្វើ​សកម្មភាព​ក្នុង​បក្ស​សង្គ្រោះជាតិ​បាន​អាច​ទៅធ្វើ​សកម្មភាព​ក្នុង​បក្ស​ភ្លើងទៀន​បាន ឬក៏​បក្ស​សិទ្ធិមនុស្ស​បាន​នាពេលនេះ​។

លោក​ថ្លែងថា​៖ «​បើ​មិន​ធ្វើ​អី​សោះ នោះ​យើង​នឹង​ស្លាប់ ដោយ​យើង​មិនអាច​ចង​កម្លាំង​បាន​។ មិនអាច​ពង្រឹងស្មារតី​សាមគ្គីភាព​គ្នា​បាន និង​មិនអាច​ទប់​សកម្មភាព​បក្ស​កាន់អំណាច​បានទេ​។ យើង​អាច​ធ្វើ​សកម្មភាព​នៅ​បក្ស​ផ្សេង ឬ​បក្ស​ដើម​បាន​តាមចិត្ត​បងប្អូន​។ តែ​ដល់ពេល​យើង​បាន​សង្គ្រោះជាតិ​មកវិញ យើង​វិល​មក​រួមគ្នា​វិញ​ទៅ គឺ​ចប់​ហើយ​»​។

លោក​ថា អ្វី​ដែល​សំខាន់បំផុត គឺ​លោក​ សម រង្ស៊ី តែង​ណែនាំ​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​បក្ស​ឱ្យ​សាមគ្គី​គ្នា ពង្រឹងស្មារតី កឹម សុខា សម រង្ស៊ី តែមួយ និង​ហាម​មិនឱ្យ​តបត​ជាមួយ​មនុស្ស​លោក​ កឹម សុខា មួយចំនួន​ដែល​តែងតែ​វាយប្រហារ​រូបគាត់​ថែមទៀត ហើយ​លើកទឹកចិត្ត​អ្នកគាំទ្រ​ឱ្យ​បន្ត​គោរព​ស្រឡាញ់​លោក កឹម សុខា ទៅទៀត​ដើម្បី​ជាតិ​។

កាលពី​ថ្ងៃទី ​២៨ វិច្ឆិកា សារ​ដែល​គួរឱ្យភ្ញាក់ផ្អើល​ ១ ​ត្រូវ​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​លោក កឹម សុខា ដោយ​អំពាវនាវ​ឱ្យ​ដៃគូ​នយោបាយ​របស់ខ្លួន គឺ​លោក​ សម រង្ស៊ី បញ្ឈប់​ការយក​ឈ្មោះ​ និង​រូបថត​លោក​ កឹម សុខា ទៅ​ប្រើប្រាស់​ភ្ជាប់​ជាមួយ​មហិច្ឆតា​នយោបាយ​របស់ខ្លួន​ដែល​ធ្វើឱ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​មាន​ការភាន់ច្រឡំ​។

លោក​ ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ថ្លែងថា លោក​ កឹម សុខា និង​លោក​ សម រង្ស៊ី មាន​ភាពរកាំរកូស​អស់​រយៈពេល​ជាយូរ និង​មាន​ការប្រកាស​ជា​ផ្លូវការ​របស់លោក កឹម សុខា តាម​ហ្វេសប៊ុក​នៅពេលនេះ វា​នឹងធ្វើ​ឱ្យ​មាន​ការបាត់​កម្លាំង និង តម្លៃ​នៃ​ការកៀរគរ និង​គាំទ្រ​របស់​ប្រជាពលរដ្ឋ​។ ​ព្រោះ​ចំនួន​នៃ​ការគាំទ្រ​របស់លោក​ កឹម សុខា នៅមាន​កម្រិត និង​មិនមាន​តម្លៃ​ពេញលេញ​ស្មើនឹង​លោក​ សម រង្ស៊ី ​ទេ​។

លោក​ថា លោក​មិន​ឯកភាព​ចំពោះ​ការលើកឡើង​ពាក់ព័ន្ធ​នឹង​ការធ្វើ​សមាជ​របស់​បក្ស​ភ្លើងទៀន បណ្តាល​ឱ្យ​មាន​ការបែកបាក់​រវាង​លោក​ កឹម សុខា និង​លោក​ សម រង្ស៊ី ​ទេ​។ ព្រោះ​គណបក្ស​ដែល​រួបរួមគ្នា គឺ​គណបក្ស​ភ្លើងទៀន និង​គណបក្ស​សិទ្ធិមនុស្ស​នៅ​ទាំង​ ២ ប៉ុន្តែ​គណបក្ស​មួយ​មាន​សកម្មភាព​ច្រើនជាង​គណបក្ស​មួយទៀត​តែប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ចំពោះ​ការចោទប្រកាន់​ពី​ភាគី​ម្ខាង​ចំពោះ ភាគី​ម្ខាង​ទៀត​ហ្នឹង នេះ​គ្រាន់តែ​ជា​អ្នក​លើកឡើង​របស់​អ្នកគាំទ្រ និង​អ្នកនយោបាយ​ទេ​។ ប៉ុន្តែ​បើ​គិត​ពី​តម្លៃ​នយោបាយ​ដែល​ទទួលបាន​ក្នុង​ពេល​បោះឆ្នោត​នៅ​ឆ្នាំ​ ២០១៧ គួរតែ​គិតគូរ​ពី​ការបែកបាក់​នេះ ដោយ​មិនគួរ​ឱ្យមាន​ការបែកបាក់ ឬ​ប្រេះស្រាំ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​បែកគ្នា​មាន​តែ​ខាត​»​។

លោក​ស្នើ​ទៅ​អ្នកនយោបាយ និង​អ្នកគាំទ្រ​មេដឹកនាំ​កំពូល​ទាំង​ ២ ​កុំ​បន្ត​សាចទឹក​ដាក់គ្នា ហើយ​ស្វែងរក​ការពិភាក្សា​ដូច​កាលពី​ឆ្នាំ​ ២០១២ និង​ ២០១៣ ​ដែល​អាច​បង្កើត​កម្លាំង​រួមមួយ​បាន ហើយ​ឈានទៅរក​ការប្រកួតប្រជែង​នឹង​គណបក្ស​កាន់អំណាច​។ ប៉ុន្តែ បើ​មិន​និយាយ​គ្នា​ទេ​ការកៀរគរ​ពី​អ្នកគាំទ្រ គឺ​ស្ថិតក្នុង​ភាពលំបាក​យកបាន​។

លោក​ សម រង្ស៊ី ប្រធានស្តីទី​អតីត​បក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​ ២៨ វិច្ឆិកា បញ្ជាក់ថា សេចក្តី​ថ្លែងការណ៍​លោក​ កឹម សុខា គឺជា​លទ្ធផល​នៃ​ការគំរាមកំហែង​ពី​លោក ហ៊ុន សែន ដែល​ភ័យខ្លាច​ជាទីបំផុត ចំពោះ​ឯកភាព​នៃ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ហើយ​ដែល​ចាប់យក​លោក កឹម សុខា ធ្វើជា​ចំណាប់ខ្មាំង​របស់គាត់​។ ​

ប៉ុន្តែ​ទោះ​យ៉ាងណា​ក្រុមគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក (CNRP-USA) ​កាលពី​ថ្ងៃទី ២៦ ខែវិច្ឆិកា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អានាមិក​ចែកចាយ​តាម​បណ្តាញ​សង្គម ដោយ​បាន​កត់សម្គាល់​ឃើញ​ថា នាពេល​កន្លងមក​ និង​ពេល​ថ្មីៗ​នេះ​លោក សម រង្ស៊ី​ និង​ក្រុម​អ្នកនយោបាយ​គ្នីគ្នា​គាត់ នៅតែ​បន្ត​ប្រព្រឹត្ត​ច្រំដែល​ និង​តភ្លើង​ឡើងៗ​ដោយបាន​ប្រើប្រាស់​ឈ្មោះ និង​រូបភាព​លោក កឹម សុខា និង​ពាក្យស្លោក​ថា​ «​សម រង្ស៊ី និង​កឹម សុខា ​ជា​​មនុស្ស​តែមួយ​» សម្រាប់​បំភាន់ និង​បិទបាំង​ទង្វើ​ទុច្ចរិត​ ដើម្បី​កេងចំណេញ​ប្រយោជន៍​បុគ្គល និង​បក្ខពួក​របស់ខ្លួន​ជា​បន្តបន្ទាប់​។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​សរសេរ​ថា​៖ «​លោក​ សម រង្ស៊ី និង​បក្ខពួក​បាន​ចាកចេញ​ទៅ​បង្កើត​ចលនា​ខុសច្បាប់ លើក​បន្តុប​តួនាទី​ខ្លួនឯង ប្រមាថ​ព្រះមហាក្សត្រ​ និង​ពេល​ថ្មីៗ​នេះ​បាន​ប្រកាស​គាំទ្រ​គណបក្ស​នយោបាយ​ផ្សេង ដែល​បញ្ជាក់​ឱ្យឃើញ​កាន់តែច្បាស់​នូវ​ទង្វើ​ប្រាសចាក និង​ដើរ​ផ្ទុយ​ពី​ស្មារតី​ដើម​នៃ​ការរួបរួម​ជាមួយ​លោក កឹម សុខា តទៅទៀត​ហើយ​»​។

ក្រុម​នេះ​បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ដល់​លោក សម រង្ស៊ី និង​បក្ខពួក​បញ្ឈប់​ជាបន្ទាន់​នូវ​ការយក​ឈ្មោះ និង​រូបភាព​លោក កឹម សុខា និង ពាក្យស្លោក​ថា «​សម រង្ស៊ី និង​ កឹម សុខា ​ជា​មនុស្ស​តែមួយ​» ទៅប្រើ​ដើម្បី​បំភាន់ និង​បិទបាំង​ទង្វើ​ទុច្ចរិត​របស់​ពួកខ្លួន​តទៅទៀត​។

ដោយឡែក​ក៏មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៥០ នាក់​ដែល​កំពុង​រស់នៅ​ទីក្រុង​ឡូវែល សហរដ្ឋ​អាមេរិក​បាននាំគ្នា​លើក​បដា ធ្វើបាតុកម្ម​ប្រឆាំង​នឹង​លោក​ សម រង្ស៊ី​ ដែល​ឃោសនា​បោកប្រាស់​ចង់​ឱ្យ​អាមេរិក​ដក​សញ្ជាតិ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋអាមេរិក​។ ក្នុង​បដា​ដែល​ពួកគេ​ទាំងនោះ​កាន់​បាន​សរសេរថា «​ទណ្ឌិត សម រង្ស៊ី គឺជា​ជន​ក្បត់ជាតិ​ខ្មែរ​»​។ «​សម រង្ស៊ី ជា​ជន​បោកប្រាស់​លុយ​ខ្មែរ អាមេរិក​»​។ «​សម រង្ស៊ី ឈប់​ធ្វើបាប​ជនជាតិខ្មែរ សញ្ជាតិ​អាមេរិក​» និង​ «​ទណ្ឌិត សម រង្សី ជា​អ្នកនយោបាយ​ក្លែងក្លាយ​» ​ជាដើម​៕

វីដេអូ៖