ភ្នំពេញៈ នគរបាល​ជំនាញ​នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជូន​ជនសង្ស័យ​ ៣ ​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ ២៩ ​វិច្ឆិកា ក្រោយពី​ចាប់ខ្លួន​នៅ​ភ្នំពេញ​ពីថ្ងៃ​ ២៥ វិច្ឆិកា​ ករណី​កែច្នៃ និង​ជួញដូរ​គ្រឿងញៀន​ជិត​ ២៥ ​គីឡូ​។

លោក​ឧត្តមសេនីយ៍ទោ អ៊ិន សុង អ្នកនាំពាក្យ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ថ្លែងថា សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ ៣ ​នាក់​នោះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​ ២៩ ​ខែវិច្ឆិកា ក្រោយ​ចាប់ខ្លួនបាន​។

លោក​ប្រាប់ថា ពួកគេ​ត្រូវ​​បាន​ចាប់ខ្លួន​នៅ​គោលដៅ​ ២ ​ផ្សេង​គ្នា​ដោយមាន​ការសម្របសម្រួល​ពី​លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​គោលដៅ​ទី​ ១ នៅ​ផ្លូវ​លេខ​ ១០៥ ជិត​ផ្សារ​បឹងត្របែក​​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌ​​ចំការមន និង​គោលដៅ​ទី​ ២ ​នៅ​​ផ្ទះ​លេខ​ ៩៩ ផ្លូវ​ ១៤៦ ក្រុម​ ៣ ភូមិ​ ២ សង្កាត់​ផ្សារដេប៉ូ​ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

លោក​ថា​៖ «​ក្រុម​នេះ​ជា​ក្រុម​ជួញដូរ​ក្នុងស្រុក និង​មួយចំនួន​គឺ​មាន​ឆ្លងទៅ​វៀតណាម​ផងដែរ​។ ការចាប់​នេះ​គឺ​សមត្ថកិច្ច​ចាប់​នៅ​នឹង​កន្លែង​កែច្នៃ​តែម្តង​»​។

លោក​បាន​ប្រាប់ថា ទាំង​ ៣ ​នាក់​នោះ មាន​ខ្មែរ​ម្នាក់ វៀតណាម​ម្នាក់ និង​សិង្ហបុរី​ម្នាក់​។

រីឯ​វត្ថុតាង​មាន​គ្រឿងញៀន​អិចស្តាស៊ី​ទម្ងន់​សុទ្ធ​ជាង​ ២៤ ​គីឡូ ប្រភេទ​កេតាមីន ទម្ងន់​សុទ្ធ ១១៨,៣៩ ​ក្រាម និង​ប្រភេទ​កាទីណូន​ (4CEC) ​ទម្ងន់​សុទ្ធ ១៧០,៥១ ​ក្រាម​។ សរុប​សារធាតុ​ញៀន​ទម្ងន់​សុទ្ធ​ ២៤ ​គីឡូក្រាម និង​ ៣៣០,៩០ ​ក្រាម​សារធាតុ​ផ្សំ​ជាង​ ១ ​គីឡូ ជញ្ជីង​ថ្លឹង​ ៥ ​គ្រឿង និង​ឧបករណ៍​។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹងថា​ជនសង្ស័យ​​ទាំង​ ៣ ​នាក់​កំពុងស្ថិត​ក្នុង​ការស៊ើបអង្កេត តែ​មិនទាន់​មាន​ការសម្រេច​យ៉ាងណាទេ​៕