The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមការងារ​ចំនួន​ ៦ ​ក្រុម​បាន​ចុះ​ស្រាវជ្រាវ​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប ខណៈដី​ជាង​ ២ ០០០ ​ហិកតា​ត្រូវ​ដកហូត




ក្រុមការងារ​ចំនួន​ ៦ ​ក្រុម​បាន​ចុះ​ស្រាវជ្រាវ​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប ខណៈដី​ជាង​ ២ ០០០ ​ហិកតា​ត្រូវ​ដកហូត

Content image - Phnom Penh Post
រដ្ឋមន្ត្រី និង​ក្រុមមន្ត្រី ពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ ពេល​ចុះ​ពិនិត្យ​ដី​នៅ​បឹង​ទន្លេសាប នៅ​ថ្ងៃ​ ២៩ ​វិច្ឆិកា​។ រូបថត ហ្វេសប៊ុក

ក្រុមការងារ​ចំនួន​ ៦ ​ក្រុម​បាន​ចុះ​ស្រាវជ្រាវ​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប ខណៈដី​ជាង​ ២ ០០០ ​ហិកតា​ត្រូវ​ដកហូត

កំពង់ឆ្នាំងៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បង្កើត​ក្រុមការងារ​ចំនួន​ ៦ ​ក្រុម​ចុះ​ស្រាវជ្រាវ​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្ត​ទាំង​ ៦ ខណៈ​រដ្ឋមន្ត្រី​មួយចំនួន​បាន​ដឹកនាំ​ក្រុមការងារ ចុះ​ដកហូត​ដី​ជាង ២ ០០០ ​ហិកតា​ក្នុង​ខេត្តកំពង់ឆ្នាំង ក្នុង​ចំណោម​ដីព្រៃ​រាប់ម៉ឺន​ហិកតា ដែល​ត្រូវបាន​រំលោភបំពាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។

វិធានការ​នៅ​ថ្ងៃទី​ ២៩ ​វិច្ឆិកា បាន​ធ្វើឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញាធរខេត្ត​ជុំវិញ​បឹងទន្លេសាប និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​បង្ក្រាប​បទល្មើស​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី និង​បញ្ជា​ឱ្យ​ចាប់ខ្លួន​ភ្លាមៗ​ដោយ​ដកហូត​ទ្រព្យ​ចំពោះ​មន្ត្រី​ណា​ដែល​ជាប់​ពាក់ព័ន្ធ ក្រោយ​ទទួល​បាន​របាយការណ៍​ស្រាវជ្រាវ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​។

ភ្លាមៗ​ក្រោយ​ចេញ​បទបញ្ជា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា បាន​ដឹកនាំ​កិច្ចប្រជុំ​កាលពី​ល្ងាច​ថ្ងៃទី​ ២៨ វិច្ឆិកា និង​បានសម្រេច​បង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ការកាប់ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប​ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​។

សេចក្តី​សម្រេច​របស់​ក្រសួង​បាន​កំណត់ថា ចំពោះ​ក្រុម​ទទួល​បន្ទុក​តាម​ខេត្ត​ទាំង ៦ ​ក្រុម​ត្រូវ​សហការ​សម្របសម្រួល​ជាមួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន អាជ្ញាធរ​ទន្លេសាប អាជ្ញាធរ​ដែនដី និង​អង្គភាព​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​ទន្លេសាប និង​រាយការណ៍​ពី​វឌ្ឍនភាព​ការងារ​ជា​ប្រចាំជូន​ក្រុម​ទទួល​បន្ទុក​សម្របសម្រួល និង​បូកសរុប បំពេញ​ភារកិច្ច​ផ្សេងទៀត​តាម​ការប្រគល់​ជូន​របស់​ថ្នាក់ដឹកនាំ​ក្រសួង​។

ចំណែក​ក្រុម​ទទួល​បន្ទុក​សម្របសម្រួល និង​បូកសរុប​ត្រូវ​មាន​ភារកិច្ច​បូក​សរុប​លទ្ធផល​ការងារ​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​ទន្លេសាប​ក្នុង​ខេត្ត​ទាំងនេះហើយ​រាយការណ៍​ពី​វឌ្ឍនភាព​ការងារ​ជាប្រចាំ​ជូន​ថ្នាក់ដឹកនាំ​ក្រសួង ខណៈ​ក្រុមការងារ​នីមួយៗ​មាន​សិទ្ធិ​ប្រើប្រាស់​មន្ត្រី​ក្រោម​ឱវាទ ឱ្យ​ជួយ​ការងារ​តាម​ការចាំបាច់​។ នេះ​បើតាម​សេចក្តីសម្រេច​។

ក្រៅពី​សម្រេច​យ៉ាង​ដូច្នេះ នៅ​ថ្ងៃទី​ ២៩ វិច្ឆិកា លោក​ ជា សុផារ៉ា ក៏​បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​មាន​សមត្ថកិច្ច​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល ចុះទៅ​ខេត្ត​កំពង់ឆ្នាំង​មុនគេ​ដើម្បី​បើក​យុទ្ធនា​ការបង្ក្រាប និង​ទប់ស្កាត់​ចលនា​កាប់​ទន្ទ្រាន ឈូសឆាយ​ដីព្រៃ​លិច​ទឹក​។

លោក​ ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ វិច្ឆិកា​ថា តាមរយៈ​ការចុះ​ត្រួតពិនិត្យ​របស់​ថ្នាក់ដឹកនាំ​ក្នុង​ពេលនេះ គឺ​បាន​សម្រេច​ដកហូត​ដី​ជាង ២ ០០០ ហិកតា​ស្ថិត​ក្នុង​ឃុំ​ច្រណូក ស្រុក​កំពង់លែង ដែលមាន​ជនជាប់​ពាក់ព័ន្ធ​ចំនួន ១៣ ​នាក់​ក្នុង​បទល្មើស​នេះ​។ យ៉ាងណា​លោក បញ្ជាក់ថា ដោយសារ​តែ​ជន​ទាំងនោះ​បាន​ចូល​សារភាព និង​ទទួលកំហុស ដូច្នេះ​ពុំមាន​ការចាប់​ឃាត់ខ្លួន និង​បញ្ជូនទៅ​តុលាការ​នោះទេ ដោយ​គ្រាន់តែ​ធ្វើការ​ព្រមាន និង​តម្រូវឱ្យធ្វើ​កិច្ចសន្យា​តែប៉ុណ្ណោះ​។

លោក​បញ្ជាក់ថា​៖ «​ជំនាញ​កំពុង​ធ្វើការ​បន្ត​ដើម្បី​ដកហូត​ដី​ជាង ២ ០០០ ​ហិកតា​នេះ​មកវិញ​។ ការចុះ​ប្រតិបត្តិការ​នេះ គឺ​យើង​បានធ្វើ​តែ​លើ​ទីតាំង​នេះ​មួយ​សិន​ទេ ហើយ​អ្នក​ជាប់​ពាក់ព័ន្ធ​ហ្នឹង​គឺមាន​ ១៣ ​នាក់​។ យើង​កំពុង​រៀបចំ​បន្ត​ជាមួយ​ក្រសួង​កសិកម្ម និង​រដ្ឋបាលខេត្ត ដើម្បី​រៀបចំ​កម្មវិធី​ដាំ​ឡើងវិញ​។ យើង​កំពុង​រក​ដើមឈើ​ប្រភេទ​ដែល​អាច​ដាំ​ក្នុង​ទឹកបាន ដូចជា​ដើម​រាំង​អី​»​។ បើតាម​លោក សុវណ្ណារិទ្ធិ ​ការចុះ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិចទឹក​នេះ គឺ​បន្តធ្វើ​ការស្រាវជ្រាវ​យូរ​តទៅ​មុខ​ទៀត​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ឱ្យដឹង​ក្នុង​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី ២៩ វិច្ឆិកា​ថា បន្ទាប់ពី​ចុះ​ខេត្តកំពង់ឆ្នាំង លោក​ ជា សុផារ៉ា ​ក៏បាន​ដឹកនាំ​ក្រុមការងារ​បន្ដដំណើរ​ទៅ​ខេត្តកំពង់ធំ ដើម្បី​ស្រាវជ្រាវ​ករណី​កាប់​ទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក និង​កាន់កាប់​ដី​ខុសច្បាប់​ក្នុង​ខេត្ត​នេះ​ចំនួន​ ៤០ ​ករណី​។

លោក វេង សាខុន បញ្ជាក់ថា​៖ «​ការកាប់​ទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក និង​កាន់កាប់​ដី​ខុសច្បាប់​មាន​ចំនួន ៤០ ​ករណី លើ​ផ្ទៃដី​ចំនួន ៣ ៥៦៦,៥៦១ ហិកតា​ចាប់ពី​ឆ្នាំ​ ២០១៩ រហូតដល់​ឆ្នាំ​ ២០២១ ស្ថិតនៅក្នុង​ស្រុក​ចំនួន​ ៤ ​មាន​ក្រុង​ស្ទឹងសែន មាន​ ៣ ​ករណី ស្រុក​បារាយណ៍ មាន​ចំនួន​ ២ ​ករណី ស្រុក​ស្ទោង មាន​ ៦ ​ករណី និង​ស្រុក​កំពង់ស្វាយ មាន​ ១៩ ​ករណី​»​។

បើតាម​លោក វេង សាខុន ក្នុង​ទំហំ​ដី​ជាង ៣ ៥០០ ​ហិកតា​នេះ គឺមាន​ការកាប់​ទន្ទ្រាន​ក្នុង​ឆ្នាំ​ ២០២១៩ មាន​ ១៤ ​ករណី មាន​ចំនួន​ជិត ១ ០០០ ​ហិកតា​ស្ថិត​ក្នុង​ស្រុក​ ស្ទោង និង​ស្រុក​កំពង់ស្វាយ និង​ឆ្នាំ​ ២០២០ មាន​ចំនួន ១២ ​ករណី​មាន​ចំនួន ជិត ២០០ ​ហិកតា ស្ថិតនៅ​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​បារាយណ៍ ព្រមទាំង​ឆ្នាំ​ ២០២១ មាន​ចំនួន ១៤ ​ករណី មាន​ចំនួន​ជាង ១ ០០០ ​ហិកតា ស្ថិតនៅ​ក្នុងស្រុក​កំពង់ស្វាយ ស្រុក​ស្ទោង និង​ក្រុង​ស្ទឹងសែន​។

លោក វេង សាខុន​បញ្ជាក់​បន្ថែមថា​៖ «​ករណី​ទាំងអស់នេះ គឺ​ត្រូវបាន​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ខេត្តកំពង់ធំ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ធំ​រួច​អស់ហើយ ហើយ​កំពុង​ស្ថិតក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​។ ក្នុងចំណោម ៤០ ​ករណី គឺមាន​តែ​ ១ ​ករណី​ប៉ុណ្ណោះ ដែល​បាន​ធ្វើការ​ជំនុំជម្រះក្តី ប៉ុន្តែ​មិនទាន់​បានចេញ​សាលក្រម​ជម្រះក្តី​នៅឡើយ​ដែល​អ្នក​ត្រូវបាន​ចោទប្រកាន់​នោះ គឺជា​ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ​»​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៩ វិច្ឆិកា ក្នុងស្ថានភាព​ដែល​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​យ៉ាង​ដូច្នេះ​ថា ការដកហូត​ដីព្រៃ​លិច​ទឹក​ដែល​បាន​កាប់ទន្ទ្រាន​ក្នុង​ពេលនេះ​គឺ​គ្រាន់តែ​ជា​ចំនួន​តូច​មួយ​ដែល​បាន​រំលោភបំពាន​ប៉ុណ្ណោះ​។

លោក​បន្តថា តាម​ការចុះ​ស្រាវជ្រាវ​របស់លោក​ផ្ទាល់ ដោយ​គ្រាន់តែ​ខេត្តកំពង់ឆ្នាំង​មួយ គឺមាន​ការរំលោភបំពាន​ដល់​ទៅ​រាប់ម៉ឺន​ហិកតា ខណៈ​ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ក៏មាន​ការរំលោភ​បំពាន​ធ្ងន់ធ្ងរ​ផងដែរ​ដែល​សកម្មភាព​រំលោភបំពាន​នេះ គឺ​បាន​ធ្វើឡើង ឬ​មាន​ជាប់​ពាក់ព័ន្ធ​សុទ្ធតែ​មន្ត្រី​មានអំណាច​។

លោក​បាន​បញ្ជាក់ថា​៖ «​ការដកហូត ២ ០០០ ​ហិកតា​នេះ គឺ​គ្រាន់តែ​ជ្រុង ១ ​តូច​ទេ​។ រឿង​ដែល​ខ្ញុំ​បាន​រកឃើញ គឺ​លើស​ហ្នឹង​ទៀត នៅមាន​រាប់ម៉ឺន​ហិកតា​ណា៎ អ៊ីចឹង​បាន​ខ្ញុំ​ឆ្ងល់ យើង​ត្រូវ​ដកហូត​មក​ទាំងអស់​។ ចំណែក​នៅ​ខេត្តពោធិ៍សាត់​ក៏មាន​ការកាប់​ទន្ទ្រាន​ដូចគ្នា រហូត​ដល់​មាន​ភូមិ​ ១ ​នៅ​កណ្តាល​ព្រៃ​នេះ​ទៀត​។ ដកហូត​ប៉ុន្មាន​ហិកតា​នេះ គឺ​មនុស្ស​តែ​ម្នាក់​ទេ គឺ​នៅមាន​ម្ចាស់ (​អ្នក​បំពាន​) រាប់រយ​នាក់​ឯណោះ​»​។

លោក​ សុខ ទូច ទទូច​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​ធ្វើការ​ដកហូត​ដីព្រៃ​លិចទឹក​ទាំងអស់​ត្រឡប់​មកវិញ​ឱ្យ​ខាងតែបាន ដើម្បី​រក្សា​ព្រៃ​លិច​ទឹក រក្សា​ត្រី រក្សា​ប្រភព​ស្បៀង​របស់​កម្ពុជា ព្រោះ​បើ​មិន​ដូច្នេះ​ទេ នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បឹង​ទន្លេសាប​នេះ ដោយសារ​តែ​ការគោករាក់ ហើយ​បាត់បង់​ប្រភព​ត្រី​។ តាមរយៈ​ការស្រាវជ្រាវ​របស់លោក​ ដើម្បី​រក្សា​ប្រភពធនធាន​ទាំងនេះ គឺ​ត្រូវ​រក្សា​ព្រៃលិចទឹក ហាម​ការធ្វើ​ស្រែ​ដោយ​ប្រើប្រាស់​ជីគីមី​នៅតាម​មាត់ទន្លេ និង​រក្សា​ជម្រៅ​ទ្វារ​ទឹក​ទាំងអស់​របស់​បឹង​ទន្លេសាប​កុំឱ្យ​គោក​រាក់​តាមរយៈ​ការស្តារ​ឡើង​វិញ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។