ភ្នំពេញៈ សាធារណរដ្ឋ​ឆែក​បាន​ឯកភាព​ធ្វើការ​កៀរគរ​សហគ្រាស​ធុន​តូច មធ្យម​និង​ក្រុមហ៊ុន​ឯកជន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ខណៈ​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។

ការឯកភាព​នេះ​ធ្វើឡើង​ក្នុង​ឱកាស​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ទទួល​ជួប​លោក ម៉ាទីន វែវរ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ២៩ វិច្ឆិកា នៅ​វិមាន​រដ្ឋសភា ដើម្បី​ជួបសម្តែង​ការគួរសម និង​ជជែក​ពិភាក្សា​ការងារ​។

ក្នុងជំនួប​នោះ លោក ហេង សំរិន បានស្នើ​ដល់​សាធារណរដ្ឋ​ឆែក​ឱ្យ​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​មកកាន់​កម្ពុជា ក្រោយ​ជំងឺ​រាតត្បាត​​កូវីដ​ ១៩ ​បាន​ធូរស្បើយ​។

លោក​បន្តទៀត​ថា៖ «​ប្រទេស​ទាំងពីរ​កម្ពុជា និង​ឆែក​បាន​ភ្ជាប់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​អស់​រយៈពេល​ជាយូរ​មកហើយ​ ហើយ​ប្រជាជាតិ​ទាំង​ ២ ទទួល​បាន​ផ្លែផ្កា​ដែល​កើតចេញ​ពី​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​នេះ​ជា​រៀង​រហូតមក​»​។

លោក​គូសបញ្ជាក់ថា នៅក្នុង​ដំណាក់កាល​ជា​បន្តបន្ទាប់ ឆែក​បាន​រួម​ចំណែក​អភិវឌ្ឍ​កម្ពុជា​យ៉ាងច្រើន គឺ​តាំងពី​អតីត​ឆេកូស្លូវ៉ាគី​រហូត​ដល់​បច្ចុប្បន្ន​។

ជា​ការឆ្លើយតប លោក​ ម៉ាទីន វែវរ៉ា ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ឆែក ប្រចាំ​កម្ពុជា​សន្យា​នឹង​ខិតខំ​ជំរុញ​អ្នកវិនិយោគ​ឆែក​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​។ លោក​ថា​៖ «​ក្រុមហ៊ុន​របស់​ឆែក​បាន​កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ដូច្នេះ​ខ្ញុំ​នឹង​សិក្សា​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​មាន​ទំហំ​ធំ​ឡើង​»​។

លោក វែវរ៉ា បាន​ថ្លែងថា ក្រៅពី​ការវិនិយោគ​សាធារណរដ្ឋ​ឆែក​ក៏បាន​ផ្តល់​ជំនួយ​ទ្វេភាគី​មក​កម្ពុជា​ជាច្រើន​នៅក្នុង​វិស័យ​សុខាភិបាល និង​អប់រំ​ផងដែរ​។ លោក​បញ្ជាក់ថា​៖ «​កាលពីពេល​ថ្មីៗ​នេះ​ជំនួយ​ឧបករណ៍​បរិក្ខារ​ពេទ្យ​ជាច្រើន​បាន​ផ្តល់ជូន​មន្ទីរពេទ្យ​ខេត្តតាកែវ ហើយ​ឆែក​នៅ​បន្ត​ផ្តល់ជំនួយ​មនុស្សធម៌​មក​កម្ពុជា​បន្តបន្ទាប់​ទៀត ពិសេស​អាហារូបករណ៍​ដល់​សិស្ស និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​បាន​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​ឆែក​»​។

លោក​ ហេង សំរិន មានប្រសាសន៍​ថា ប្រជាជន​កម្ពុជា​សុទ្ធតែ​បាន​ដឹងថា ព្រះករុណា​ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​បាន​សិក្សា​រៀនសូត្រ​នៅ​សាធារណរដ្ឋ​ឆែក ដែល​មាន​ប្រព័ន្ធ​អប់រំ​ល្អ ប្រកប​ដោយ​គុណភាព​ខ្ពស់​តាំងពី​សម័យមុន​មកម្ល៉េះ​។ ប្រធាន​រដ្ឋសភា​មានជំនឿថា បេសកកម្ម​ការទូត​របស់​ឯកអគ្គរដ្ឋទូត​ថ្មី នៅ​កម្ពុជា​ពិតជា​​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការបន្ត​លើកកម្ពស់​ទំនាក់ទំនង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ដែលមាន​ស្រាប់ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​មួយកម្រិត​ថែមទៀត​។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​លោក គិន ភា ធ្លាប់​ថ្លែងថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​។ ប៉ុន្តែ​មិនទាន់​ឈានដល់​ទំនាក់ទំនង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ​។

លោក​ថា​៖ «​បើ​និយាយ​ពី​ទំនាក់ទំនង​គឺ​ល្អ ប៉ុន្តែ​កម្រិត​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ឬក៏​ជា​យុទ្ធសាស្ត្រ​ខាង​ផ្នែក​នយោបាយ និង​ផ្នែក​ការទូត​ជា​ទំនាក់ទំនង​ក្នុង​កម្រិត​ធម្មតា​»​។ ជារួម​ទៅ​ជា​ទិដ្ឋភាព​នយោបាយ​ថ្វីបើ​ប្រទេស​ឆែក​នៅក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប ប៉ុន្តែ​គាត់​ក៏​សម្តែង​ការគាំទ្រ​នូវ​ជំហរ​កម្ពុជា​ជាច្រើន​ពាក់ព័ន្ធ​ជាមួយ​ទំនាក់ទំនង​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុប​។

លោក​បន្តថា មូលហេតុ​ដែលនាំ​ឱ្យ​ប្រទេស​ទាំង​ ២ មិនទាន់​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​គ្រប់​ជ្រុងជ្រោយ​គឺ​ដោយសារ​ភាពចាំបាច់​នៃ​តម្រូវការ​ផ្នែក​ពាណិជ្ជកម្ម​មិនទាន់​មាន​តម្រូវការ​ខ្ពស់​។ លោក​បញ្ជាក់ថា​៖ «​មិនមែន​ដោយសារ​ស្ថានភាព​នយោបាយ​ឬ​ទីតាំង​ភូមិសាស្ត្រ​ទេ ប៉ុន្តែ​ដោយសារ​ភាពចាំបាច់​ខាង​ពាណិជ្ជកម្ម​មិនសូវ​មាន​ដូច​យើង​ជាមួយ​​រុស្ស៊ី​មាន​ទំនាក់ទំនង​ល្អ​មែន​ ប៉ុន្តែ​អត់សូវ​មាន​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ទេ​»​។

សូម​ជម្រាប​ផងដែរ​ថា ទំនាក់ទំនង ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​ចាប់ផ្ដើម​ឡើង​ដំបូង​នៅ​ឆ្នាំ​ ១៩៥៧​។ ចំណែក​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ឆែក នៅមាន​ចំនួន​តិច​នៅឡើយ​គិត​ត្រឹម​ឆ្នាំ ២០១៨ ដោយ​ទំហំ​ពាណិជ្ជកម្ម​មាន​ត្រឹមតែ ៩១ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ខណៈ​ភាគី​ទាំង​ ២ ​បាន​ប្តេជ្ញា​នឹង​ខិតខំ​ជំរុញ​ការវិនិយោគ​ទ្វេភាគី​បន្ថែមទៀត​៕