The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​បារម្ភ​ពី​ការកើនឡើង​ករណី​រំលោភ​​យក​ចំណីផ្លូវ និង​ចាក់ដី​លុប​ចង្អូរ​បង្ហូរទឹក




ក្រសួង​បារម្ភ​ពី​ការកើនឡើង​ករណី​រំលោភ​​យក​ចំណីផ្លូវ និង​ចាក់ដី​លុប​ចង្អូរ​បង្ហូរទឹក

Content image - Phnom Penh Post
លោក យិត បុណ្ណា ក្នុង​កម្មវិធី​ពីថ្ងៃ​ទី​ ២៩ វិច្ឆិកា​។ ហេង ជីវ័ន

ក្រសួង​បារម្ភ​ពី​ការកើនឡើង​ករណី​រំលោភ​​យក​ចំណីផ្លូវ និង​ចាក់ដី​លុប​ចង្អូរ​បង្ហូរទឹក

ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​បារម្ភ​ពី​ការកើនឡើង​នៃ​ការរំលោភបំពាន​យក​ដី​ចំណីផ្លូវ និង​ការចាក់ដី​លុប​ចង្អូរ​បង្ហូរទឹក​នៅតាម​ដងផ្លូវ​បណ្តាល​ឱ្យ​លិច​ផ្លូវ​បង្ក​ឱ្យ​​មាន​ការខូចខាត​ដល់​ផ្លូវថ្នល់​យ៉ាង​ឆាប់រហ័ស​ដែល​បញ្ហា​នេះ​​ទាមទារ​ឱ្យមាន​ការចូល​រួមទាំង​អស់​គ្នា​ ដើម្បី​បញ្ឈប់​សកម្មភាព​ទាំងនេះ​។

ការបង្ហាញ​ក្តីបារម្ភ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធី MPWT LIVE SHOW ដែល​រៀបចំ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ពីថ្ងៃ​ ២៩ វិច្ឆិកា ២០២១ ក្រោម​ប្រធានបទ “​ការថែទាំ​ផ្លូវថ្នល់​ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ​” ​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​របស់​ប្រជាពលរដ្ឋ​។

ក្នុង​ឱកាស​នោះ​លោក យិត បុណ្ណា រដ្ឋលេខាធិការ​ក្រសួង​នេះ​បាន​លើកឡើងថា ការសាងសង់​ផ្លូវថ្នល់​នីមួយៗ គឺ​ក្រសួង​តែង​គិតគូរ​អំពី​ផាសុកភាព​ដល់​អ្នកបើកបរ​ក៏ដូចជា​បរិស្ថាន​ជុំវិញ​ផ្លូវថ្នល់​ផងដែរ​។ ​ប៉ុន្តែ​លោក​ថា​​ការបំពាន​របស់​អ្នក​ដែល​រស់នៅ​​តាម​បណ្តា​យ​ផ្លូវ​មាន​ការកើនឡើង​យ៉ាងគំហុក ដូចជា ការចាក់ដី​ខ្ពស់ជាង​ផ្លូវថ្នល់ ការចាក់ដី​លុប​ចង្អូរ​បង្ហូរទឹក​ផ្លូវ ដែល​ធ្វើឱ្យ​ទឹក​មិនអាច​ហូរ​ចេញពី​ផ្លូវ​ធ្វើឱ្យ​ផ្លូវថ្នល់​ដែល​សង់​រួច​ឆាប់​ខូចខាត​ទៅវិញ​យ៉ាង​រហ័ស​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​ចាប់ផ្តើម​រចនា​ផ្លូវថ្នល់ យើង​គិត​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ យើង​គិត​តាំងពី​ចង្អូរ​រំដោះ​ទឹកភ្លៀង ចង្អូរ​អ្វី​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​​ដែល​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​​មកពី​ភ្លៀង​ខ្លាំងពេក​ ដើម្បី​បញ្ចៀស​​ការខូចខាត​ផ្លូវថ្នល់​»​។

លោក​បាន​បន្តថា​៖ «​នៅពេល​​យើង​ធ្វើ​ផ្លូវថ្នល់​គឺ​ប្រជាជន​មិន​​ទាន់​មកដល់​ទេ​ ឬ​មិនបាន​ប្រជ្រៀត​ចូលមក​តួ​ផ្លូវថ្នល់​នោះទេ ​ផ្ទះ​របស់​លោក​នៅ​ឆ្ងាយ​។ ​ប៉ុន្តែ​ពេល​យើង​ធ្វើ​ផ្លូវថ្នល់​ហើយ ចរាចរណ៍​ចាប់ផ្តើម​កើនឡើង​ផលប្រយោជន៍​នៃ​ការប្រើប្រាស់​​ផ្លូវថ្នល់​ និង​អត្ថប្រយោជន៍​ផ្សេងៗ​​ក៏​ជំរុញ​ឱ្យ​គាត់​ចាក់ដី​ចូល​ដី​​ចំណីផ្លូវ​របស់​យើង​។ ទាំងនេះ​​គឺជា​កត្តា​មួយ​ដែល​ខុសប្លែក​ពី​​មុន​ឆ្នាំ​ ១៩៧០ ​មកទៀត នៅពេល​នោះ​ប្រជាជន​គោរព​ និង​ថែរក្សា​ដី​ចំណីផ្លូវ គន្លង​ផ្លូវថ្នល់​​ក៏ត្រូវ​ការពារ​»​។

ជាមួយ​គ្នា​នេះ លោក យិត បុណ្ណា ស្នើ​ដល់​អ្នក​ដែល​រស់នៅ​តាម​បណ្តាយ​ផ្លូវ​ទាំងអស់​​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំងនោះ និង​រួមគ្នា​ថែរក្សា​ផ្លូវថ្នល់​ឱ្យបាន​​ល្អ ដោយ​លោក​ក៏បាន​ជំរុញ​​ដល់​អាជ្ញាធរ​ដែនដី​ឱ្យ​ចូលរួម​ផ្សព្វផ្សាយ​ និង​ទប់ស្កាត់​សកម្មភាព​បំពាន​ទាំងនេះ​ផងដែរ ព្រោះ​ការទប់ស្កាត់​សកម្មភាព​ទាំងនេះ​​បាន​គឺ​មានតែ​ការ​រួមគ្នា​អនុវត្ត​ប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​នេះ​គឺជា​បញ្ហា​មួយ​ដែល​ត្រូវ​ទាំងអស់​​គ្នា​មិនមែន​តែ​ក្រសួង​សាធារណការ​ ឬ​អាជ្ញាធរ​ផ្លូវថ្នល់ ដែល​ត្រូវ​​តែ​រក​មធ្យោបាយ​នោះទេ​។ តែ​​ការចូលរួម​ជាងគេ​គឺ​ប្រជាជន ត្រូវមាន​ការយល់ដឹង​អំពី​បញ្ហា​​នេះ និង​ថែរក្សា​ទាំងអស់​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​រួម​។ អាជ្ញាធរ​ដែនដី​ក៏​ជា​អាជ្ញាធរ​ផ្លូវ​​ថ្នល់​ដែរ ដូច្នេះ​បណ្តា​មន្ត្រី​រាជការ​យើង​តាម​ដែនដី​សុំ​យល់ដឹង​​អំពី​ច្បាប់​ផ្លូវថ្នល់​ និង​ជួយ​ពង្រឹង​ប្រជាជន​វិញ​»​។

បើតាម​លោក យិត បុណ្ណា ប្រព័ន្ធ​បណ្តាញ​ផ្លូវថ្នល់​នៅ​កម្ពុជា​សម្រាប់​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​មាន​ផ្លូវ​ ១ ​លេខ ផ្លូវ​ ២ ​លេខ និង​ផ្លូវ​ ៣ ​លេខ​ [​ផ្លូវ​ចាក់​កៅស៊ូ​] ​ហើយ​ផ្លូវថ្នល់​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​សាធារណការ​មាន​ប្រមាណ ១៨ ១២៥ ​គីឡូម៉ែត្រ ក្នុងនោះ​ផ្លូវ​ក្រាល​​កៅស៊ូ​មាន​ប្រមាណ​ ៥៥ ​ភាគរយ​។ លោក​បានឱ្យ​ដឹងថា ផ្លូវ ១ ​លេខ ត្រូវ​ក្រសួង​សាងសង់​បាន​ចំនួន ២ ២៥០ ​គីឡូម៉ែត្រ ដោយ​ក្រាល​កៅស៊ូ​បាន​ ១០០ ​ភាគរយ ចំណែក​ផ្លូវ​ ២ ​លេខ ​មាន​ប្រវែង ៥ ០០០ ​គីឡូម៉ែត្រ ក្រាល​កៅស៊ូ​បាន​ជាង ៣ ០០០ ​គីឡូម៉ែត្រ ស្មើនឹង​ប្រមាណ​ ៧៤ ​ភាគរយ​។

លោក​ គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​បានលើកឡើង​ថា ការរំលោភបំពាន​ទៅលើ​ផ្លូវថ្នល់ គឺ​ពិតជា​មាន​ការកើនឡើង​ខ្លាំង​ដោយសារ​កំណើនប្រជាជន​ហើយ​បញ្ហា​នេះ​ក៏បាន​ក្លាយជា​ជំងឺមហារីក ដែលជា​ជំងឺ​រ៉ាំរ៉ៃ​ជា​យូរលង់​មកហើយ​។

លោក​បន្តថា​ដើម្បី​ដោះស្រាយ​​បញ្ហា​ទាំងនេះ ការប្រើ​វិធានការ​​អំពាវនាវ​ឱ្យ​មាន​ការចូលរួម​ពី​ពលរដ្ឋ​តែមួយ​មុខ គឺ​មិនអាច​ដោះស្រាយបាន​ភ្លាម​ទេ ផ្ទុយ​ទៅ​​វិញ​ទាមទារ​ឱ្យមាន​ការចូលរួម​​ពី​អាជ្ញាធរ​ដែនដី​ផងដែរ ខណៈ​​ការរំលោភបំពាន​បែបនេះ​នៅតែ​បន្ត​កើត​ដោយសារ​កត្តា​ច្រើន​។

លោក​ថា​៖ «​យើង​ឃើញថា​ប្រជាជន​គាត់​ចាក់​បំពាន​ផ្លូវ​បាន​​គឺ​ដោយសារ​អាជ្ញាធរ​គាត់​អត់​ឃាត់ និង​មួយទៀត គាត់​អត់​​ចេះ​ច្បាប់ ហើយ​អត់​ដឹងថា ត្រូវ​​ហាម​គេ​របៀប​ម៉េច​? ​មួយទៀត អាជ្ញាធរ​គាត់​ដឹង​ដែរ ក៏ប៉ុន្តែ​អនុញ្ញាត​ឱ្យ​ចាក់​សិន ពេល​គេ​ត្រូវការ​ចាំ​កាយ​មកវិញ ឬក៏​អី​ជាដើម ដែល​នេះ​ជា​បញ្ហា​»​។

លោក​បាន​ពន្យល់​បន្ថែម​ថា​៖ «​រឿង​ដែល​បណ្តាលឱ្យ​កាន់តែ​រីករាលដាល​ហ្នឹង​គឺ​ដោយសារ​ឃើញ​ប្រជាពលរដ្ឋ​មួយ​ធ្វើបាន អ្នកផ្សេង​ទៀត​ក៏​ធ្វើការ​បានដែរ​។

បញ្ហា​នេះ​គឺ​បង្ហាញ​អំពី​កង្វះខាត​ការទទួល​ខុសត្រូវ​របស់​​អាជ្ញាធរ​ផង ជាមួយ​នឹង​ប្រជាពលរដ្ឋ​គាត់​មិនបាន​គិត​អំពី​ផលប្រយោជន៍​សាធារណៈ​ផង​»​។

សម្រាប់​ជា​មធ្យោបាយ លោក គង់ រតនៈ បាន​ថ្លែងថា ការអំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​គឺជា​រឿង​ត្រឹមត្រូវ ហើយ​ត្រូវការ​​បង្កើត​យុទ្ធសាស្ត្រ​ និង​វិធានការ​​ម៉ឺងម៉ាត់​ក្នុង​ការទប់ស្កាត់​សកម្មភាព​ល្មើស​ទាំងនេះ​ឱ្យបាន​ទាន់​​ពេលវេលា​៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។