ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង អះអាង​ថា ការបង្កើត​ឱ្យ​មាន​ការិយាល័យ​ច្រកចេញ-ចូល​តែ​ ១ អាច​រួមចំណែក​​កាត់បន្ថយ​អំពើពុករលួយ និង​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការបម្រើ​ផលប្រយោជន៍​ដល់​ពលរដ្ឋ​មូលដ្ឋាន ហើយ​លោក​បាន​បញ្ជាក់ថា នឹង​ជំរុញ​ឱ្យ​បង្កើត​​នៅ​គ្រប់​ស្រុក​ទូទាំង​ប្រទេស​។

ការអះអាង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​​ឱកាស​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ដឹកនាំ​គណៈប្រតិភូ និង​លោក Christian Berger ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ចុះ​ត្រួតពិនិត្យ​ការិយាល័យ​ច្រកចេញ-ចូល​តែ​ ១ ​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​ការចុះ​ត្រួតពិនិត្យ​កន្លែង​បណ្តុះបណ្តាល​​នគរបាល​នៃ​រាជបណ្ឌិត្យសភា​នគរបាល​កាលពី​ថ្ងៃទី​ ២៩ ​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

មាន​ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចុះ​ត្រួតពិនិត្យ លោក ស ខេង បាន​ថ្លែងថា លោក​នឹង​ខិតខំ​អនុវត្ត​គោល​​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​។ ​លោក​បាន​បញ្ជាក់ថា កាល​មិន​​ទាន់​មាន​ការិយាល័យ​ចេញ-ចូល​តែ​ ១ ប្រជាពលរដ្ឋ​មាន​ផលលំបាក​ក្នុង​ការស្វែងរក​សេវា​ពី​អាជ្ញាធរ​ហើយ​អាច​ជួប​បញ្ហា​​ពុករលួយ​ថែមទៀត​ផង​។

លោក​ថា​៖ «​មែនទែន​ទៅ​ច្រកចេញ-ចូល​តែ​ ១ ​គាំទ្រ​ទៅ​នយោបាយ​នោះ​គឺ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​កុំឱ្យ​គាត់​ពិបាក​ក្នុង​ការធ្វើ​ដំណើរ​ចុះឡើង ចំណាយ​ពេលវេលា ពេលខ្លះ​ ១ ​ខែ​ដល់​ ៣ ​ខែ​អត់​មាន​ព័ត៌មាន​ហើយ​អត់​បាន​សេវា​ទៀត ជួន​អី​មាន​អំពើ​អសកម្ម​ភាព​ផ្សេង​​ពុករលួយ​ថែមទៀត​វា​ជា​បញ្ហា​»​។

បន្ថែម​ពីនេះ​លោក ស ខេង បាន​អះអាង​ថា ក្នុង​ករណី​មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​ច្រក​​ចេញ-ចូល​តែ​ ១ ​មិន​បាន​បម្រើ​ប្រជាពលរដ្ឋ​ដោយ​យកចិត្ត​ទុកដាក់ ពលរដ្ឋ​អាចមាន​សិទ្ធិ​ប្តឹង​​តវ៉ា​នៅ​ការិយាល័យ​ ១ ​ទៀត​​គឺ​ការិយាល័យ​ទទួល​ពាក្យបណ្តឹង​ ឬ​ការិយាល័យ​ប្រជាពលរដ្ឋ​។

បើតាម​លោក ស ខេង ការិយាល័យ​ច្រកចេញ-ចូល​តែ​ ១ ​នេះ​នឹងធ្វើ​នៅ​គ្រប់​ស្រុក​ខេត្ត-ខណ្ឌ ទូទាំងប្រទេស ខណៈ​ខេត្ត​ក្រុង​ខ្លះ​បានធ្វើ​គ្រប់​ស្រុក​អស់ហើយ មានដូចជា នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល​កំពង់ចាម និង​ខេត្តបាត់ដំបង​។

ចំណែក​ខេត្ត​មួយចំនួន​មាន​ត្រឹមតែ​ការិយាល័យ​ច្រកចេញ-ចូល​តែ​ ១០ ​ទៅ​ ២០ ​ភាគរយ​ប៉ុណ្ណោះ ខណៈ​លោក​នឹង​ជំរុញ​ឱ្យបាន​ដល់​ ៥០ ​ភាគរយ​នៅ​គ្រប់​ស្រុក​ទូទាំងប្រទេស​។

ស្រដៀង​គ្នា​នេះ​លោក Christian Berger ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ក៏បាន​ថ្លែង​ដែរ​ថា ការបង្កើត​ឱ្យ​​មាន​ការិយាល័យ​ចេញ-ចូល​តែ​ ១ ​ពិតជា​ចំណុច​ល្អ​ក្នុង​ការផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ ​លោក​បន្តថា​អ្វីដែល​កាន់តែ​ពិសេស គឺ​ទីកន្លែង​នេះ​មាន​ការិយាល័យ​ដាក់ពាក្យ​បណ្តឹងតវ៉ា​ពី​ប្រជាពលរដ្ឋ​ថែមទៀត​។ លោក​ថា​៖ «​ចំណុច​ ១ ​ទៀត​ល្អ​នៅពេល​មាន​ការិយាល័យ​មួយ​នេះ ប្រជាពលរដ្ឋ​មាន​បណ្តឹង​អ្វី​គាត់​ដាក់​បាន​ភ្លាម​»​។

ប្រជាពលរដ្ឋ ១ ​រូប​ដែល​ធ្លាប់​ទៅរក​សេវា​នៅ​ការិយាល័យ​ច្រកចេញ​-​ចូល​តែ​ ១ ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ លោក សាន សៃ បាន​ថ្លែងថា៖ «​ខ្ញុំ​ធ្លាប់​ទៅ​បញ្ជាក់​សញ្ញាបត្រ​នៅ​ខណ្ឌឫស្សីកែវ​គឺ​មាន​ភាពងាយស្រួល​ដោយ​មន្ត្រី​គាត់​រួសរាយ​ហើយ​តម្លៃ​កំណត់​ប៉ុនណា​គាត់​យក​ប៉ុណ្ណឹង​នៅ​ទីនោះ​មាន​​កំណត់​តម្លៃ និង​កំណត់ពេល​ច្បាស់លាស់ បើ​ឯកសារ​ខ្លះ​យូរ ខ្លះ​លឿន ប៉ុន្តែ​អាស្រ័យ​ថា​យើង​ចង់​ទៅរក​សេវា​អី​»​។

តំណាង​រដ្ឋបាល​នៅ​ការិយាល័យ​ច្រកចេញ-ចូល​តែ​ ១ ​ស្រុក​កៀនស្វាយ​បានឱ្យដឹងថា ក្នុង​ការិយាល័យ​ផ្តល់​សេវា​គ្របដណ្តប់​ជាង​ ១០ ​វិស័យ​ស្មើនឹង​ ៣១១ ​សេវា​រួមមាន ផ្នែក​នីត្យានុកូលកម្ម រដ្ឋបាល អត្រានុកូលដ្ឋាន ការងារ​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី ពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែ និង​ថាមពល សំណង់ វប្បធម៌​និង​វិចិត្រសិល្បៈ ទេសចរណ៍ អប់រំ យុវជន និង​កីឡា សុខាភិបាល និង​សិប្បកម្ម​ជាដើម​។ តំណាង​រដ្ឋបាល​រូបនោះ​បានឱ្យដឹង​ទៀតថា ក្នុង​ ១ ​ឆ្នាំ​ការិយាល័យ​រកចំណូល​បាន​ជាង​ ៥០ ​លាន​រៀល​បង់​ចូល​រដ្ឋ និង​បែងចែក​តាម​គោលការណ៍​។

យ៉ាងណាក្ដី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ប៉ិច ពិសី បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២៩ វិច្ឆិកា ថា តាម​ការសង្កេត​បើទោះបី​មាន​ការបង្កើន​កន្លែង​ផ្តល់​សេវា​សាធារណៈ [​ច្រកចេញ​-​ចូល​តែ​ ១] ​នៅ​គ្រប់កន្លែង​ក្តី ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​នៅតែ​ជួប​បញ្ហា​មួយចំនួន​។

លោក​ថា​៖ «​សេវា​សាធារណៈ​យើង​ឃើញ​ថា​នៅ​បន្ត​​មាន​បញ្ហា​ទាក់ទង​ការិយាធិបតេយ្យ ភាពស្មុគស្មាញ​ផ្នែក​​នីតិវិធី​រដ្ឋបាល ភាពមិន​ប្រក្រតី​អាចជា​អំពើ​ពុករលួយ​​ធ្វើឱ្យ​រាំងស្ទះ​ឬក៏​យឺតយ៉ាវ​ដល់​ដំណើរការ​ផ្តល់​សេវា​»៕